

For English version, click here.
ខ្ញុំធ្លាប់សន្យាជាមួយនឹងខ្លួនឯងថាខ្ញុំនឹងទៅលេងខេត្តបាត់ដំបងម្តងទៀត បន្ទាប់ពីខ្ញុំត្រឡប់មកពីចូលរួមពិធីមង្គលការរបស់មិត្តភក្តិខ្ញុំម្នាក់នៅទីនោះ។ ខ្ញុំក៏ចាំបានដែរថាខ្ញុំភ្ញាក់ផ្អើលនឹងទស្សនីយភាពរបស់ខេត្តមួយនេះជាខ្លាំងពេលដែលបានទៅលេងនៅទីនោះជាលើកទីមួយ។ មិនថាយ៉ាងម៉េចយ៉ាងម៉ាទេ ខ្ញុំដឹងតែថាត្រូវទៅលេងខេត្តនេះម្តងទៀតអោយបាន។
បន្ទាប់ពីរយៈពេលប្រមាណមួយឆ្នាំកន្លងផុតទៅ ខ្ញុំក៏ឃើញគេរៀបចំកម្មវិធីមួយនៅខេត្តបាត់ដំបងនេះដែលមានឈ្មោះថា S’Art Urban Art Festival មិនបង្អង់យូរ ខ្ញុំក៏សម្រេចចិត្តវេចកាតាបរត់ទៅភ្លាមតែម្តង។
ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំបានចំណាយពេល ២ថ្ងៃ នៅខេត្តបាត់ដំបងនេះ។ គោលបំណងសំខាន់របស់ដំណើរកម្សាន្តយើងលើកនេះគឺដើម្បីចូលរួមក្នុងកម្មវិធី S’Art Urban Art Festival នេះឯង តែបើទោះបីជាអ្នកទាំងអស់គ្នាមិនអាចមើលឃើញទស្សនីយភាពផ្សេងៗដែលរៀបចំក្នុងកម្មវិធីនេះនៅពេលដែលអ្នកទៅលេងខេត្តបាត់ដំបងក៏ដោយ ក៏ខ្ញុំនៅតែចែករំលែកពីបទពិសោធន៍របស់ខ្ញុំទាំងមូលនៅក្នុងអត្ថបទនេះដែរ។
អ្វីដែលអ្នកទាំងអស់គ្នានឹងអាននៅប៉ុន្មាននាទីខាងមុខនេះអាចជាមូលហេតុដែលនាំអោយអ្នកទាំងអស់គ្នាបញ្ចូលខេត្តបាត់ដំបងក្នុងបញ្ជីដើរលេងរបស់អ្នកបាន។ ប៉ុន្តែមុននឹងអ្នកទាំងអស់គ្នាអានបន្ត ខ្ញុំចង់បញ្ជាក់ថា ៖
១. អ្នកនឹងមិនឃើញពីកម្មវិធីពិសេសៗមួយចំនួនដែលនឹងរៀបរាប់ក្នុងអត្ថបទនេះទេ ដោយសារតែកម្មវិធីទាំងអស់នោះត្រូវបានគេរៀបចំឡើងសម្រាប់កម្មវិធី S’Art Urban Art Festival តែមួយពេលប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកចង់ចូលរួមក្នុងកម្មវិធីនេះដែរ ខ្ញុំឮថាគេនឹងរៀបចំវាឡើងជាថ្មីម្តងទៀតនៅឆ្នាំក្រោយៗ អញ្ចឹងតាមដានហ្វេសប៊ុកមើលហើយសេវថ្ងៃទុកអោយហើយទៅ។
២. អត្ថបទនេះមិនមែនសរសេរឡើងសម្រាប់ដែលអ្នកមិនធ្លាប់ទៅខេត្តបាត់ដំបងសោះនោះទេ។ តែប្រសិនបើអ្នកមិនធ្លាប់ទៅទាល់តែសោះ អ្នកគួរតែបន្ថែមកន្លែងទាំងអស់នេះចូលទៅក្នុងគម្រោងដើរលេងរបស់អ្នក ៖
– ភ្នំសំពៅ
– ល្អាងប្រចៀវ
– ភ្នំបាណន់
– ជិះណូរី
– មើលការសម្តែងសៀករហ័ស្សកម្មនៅ ហ្វាពន្លឺសិល្បៈ
– ញ៉ាំមីកូឡាម្ចាស់ដើម
ថ្ងៃទី ១
ពួកយើងចំណាយពេលជិះឡាន ៥ម៉ោង ពីភ្នំពេញ-បាត់ដំបង។ យើងរំពឹងថាទៅដល់នោះម៉ោងប្រហែល ២ៈ០០ថ្ងៃ តែទៅដល់នោះលឿនជាងការរំពឹងទុកដល់ទៅ២ម៉ោង ដូច្នោះហើយយើងក៏សម្រាកសិនមុននៅអូតែលសិនមុននឹងចេញទៅដើរលេង។ ដើម្បីឆែកនិងទិញសំបុត្រឡាន អ្នកអាចចុច ទីនេះ បាន។
បន្ទាប់ពីសម្រាកយកកម្លាំងរួច យើងក៏ដើររកកន្លែងជួលម៉ូតូ។
ជួលម៉ូតូពីហាង The Gecko
ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៏ងាយស្រួលនិងថោកបំផុតនៅបាត់ដំបង ប៉ុន្តែបើអ្នកអត់ចេះជិះម៉ូតូទេ អ្នកក៏អាចជិះតុកតុកបានដែរ។
ពួកយើងជួលម៉ូតូ ២គ្រឿង ពីហាង The Gecko។ ម៉ូតូអូតូមានតម្លៃ ២៨០០០រៀល/ថ្ងៃ (៧ដុល្លារ) ចំណែកឯម៉ូតូដាក់លេខវិញតែ ២៤០០០រៀល/ថ្ងៃ (៦ដុល្លារ) ប៉ុណ្នោះ។ អ្នកទាំងអស់គ្នាត្រូវយកម៉ូតូមកសងគេវិញក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីយើងជួល ហើយត្រូវទុកសាំងអោយគេវិញប៉ុនបរិមាណសាំងពេលដែលយើងជួលដំបូង ហើយកុំភ្លេចសួររកមួកការពារផង។
ដើម្បីជួលម៉ូតូបាន អ្នកត្រូវ ៖
១. ទុកអត្តសញ្ញាណប័ណ្ណ រឺ លិខិតឆ្លងដែន នៅហាងជួលម៉ូតូនោះរហូតដល់ពេលដែលអ្នកយកម៉ូតូសងគេវិញ។
២. អានលក្ខខណ្ឌអោយបានច្បាស់លាស់ រួចចុះហត្ថលេខាបែបបទជួលម៉ូតូ។
ក្រៅពីជួលម៉ូតូ នៅហាងនេះក៏មានលក់វត្ថុអនុស្សាវរីយ៍និងរបស់របរតិចតួចដែរ។
ទីតាំង៖ ផ្លូវលេខ ១ ក្រុងបាត់ដំបង
ម៉ោងធ្វើការ៖ ៨ៈ០០ព្រឹក – ១០ៈ០០យប់
ផឹកកាហ្វេនៅហាង Forest Coffee and Bakery
ពួកយើងបានជួបមិត្តភក្តិម្នាក់ដោយចៃដន្យពេលយើងជិះឡានពីភ្នំពេញទៅបាត់ដំបង ហើយគេបានណែនាំយើងអោយទៅញ៉ាំកាហ្វេនៅហាង Forest Coffee and Bakery។ ដោយសារតែមេឃវានៅក្តៅនៅឡើយបន្ទាប់ពីយើងជួលម៉ូតូ ពួកយើងក៏សម្រេចចិត្តថាទៅសាកកាហ្វេនៅហាងនេះតែម្តង។
ដូចដែលឈ្មោះគេដាក់អញ្ចឹង ហាងនេះគេតុបតែងលក្ខណៈជាព្រៃតែម្តង ពួកយើងរកមើលឈ្មោះហាងសឹងតែមិនឃើញ។

សំខាន់គាត់ប្រាប់យើងថាតែរក Pizza Company ឃើញ រកហាងកាហ្វេនោះឃើញហើយ ព្រោះវាទល់មុខគ្នា។ មានអី គាត់ប្រាប់ត្រូវតើ ហាងពីរនេះនៅទល់មុខគ្នាមែន គ្រាន់តែមានស្ទឹងសង្កែនៅកណ្តាលប៉ុណ្ណាប៉ុណ្ណីតើ ទាល់តែជិះ U-turn បានកើត។
កុំរំពឹងថានៅទីនេះមានម្ហូបញ៉ាំណា មានតែភេសជ្ជៈ នំក្រ័រសង់ និងមីកំប៉ុង តែប៉ុណ្ណោះ។ ខ្ញុំកម៉្មង់តែបៃតងទឹកដោះគោ ហើយតម្លៃរបស់វាគឺ ៨៦០០រៀល (២.១៥ដុល្លារ)។

បើនិយាយពីរសជាតិវិញ ខ្ញុំគិតថាវាមិនឆ្ងាញ់ណាស់ណាទេតែក៏មិនមែនអត់ឆ្ងាញ់សោះដែរ ប៉ុន្តែបើអ្នកទាំងអស់គ្នារកកន្លែងដើម្បីគេចពីអាកាសធាតុក្តៅ អាចទៅហាងកាហ្វេនេះបាន។ ហាងគេធំទូលាយ កន្លែងអង្គុយស្រួល ហើយការតុបតែងលក្ខណៈជាព្រៃនោះក៏មើលទៅឃើញស្អាតម៉្យាង។
នេះគឺការតុបតែងខ្លះៗនៅក្នុងហាង។
ទីតាំង៖ ផ្ទះលេខ ៣៣ ផ្លូវ ១៥៩D បាត់ដំបង
ម៉ោងធ្វើការ៖ ៦ៈ០០ព្រឹក – ៨ៈ០០យប់
ថតរូបមុខសាលាខេត្ត
បន្ទាប់ពីចេញពីហាងកាហ្វេមក យើងក៏ចាប់ផ្តើមជិះដើរលេងជុំវិញខេត្ត។ ពួកយើងជិះកាត់សាលាខេត្តបាត់ដំបង ហើយឃើញអគារស្អាត ពួកយើងថតរូបនៅមុខនោះពីរបីប៉ុស្តិ៍។

លំហែអារម្មណ៍នៅ Baha’i House of Worship
ខ្ញុំរកឃើញ Baha’i House of Worship នេះនៅពេលដែលខ្ញុំដាក់ #battambang ក្នុងអុីនស្តាក្រាម។ ខ្ញុំសឹងតែអត់ជឿថាមានកន្លែងបែបនេះនៅខេត្តបាត់ដំបងសោះ ព្រោះមើលទៅអត់មានស្ទាយ៍ខ្មែរអីបន្តិច គិតថាគេដាក់ hashtag ខុសទៀតហ្នឹង។ អាគារស្អាតព័ទ្ធជុំវិញដោយសួនពណ៌បៃតងហើយបរិវេណជុំវិញស្ងប់ស្ងាត់ល្អទៀត ប្រសិនបើអ្នកកំពុងរកកន្លែងស្ងប់ស្ងាត់ដើម្បីសមាធិ ទៅ Baha’i នេះទៅអត់ខុសទេ។
ទីតាំង៖ ផ្លូវបោះពោធ៍ អូស្រឡៅ
ម៉ោងធ្វើការ៖ ៩ៈ០០ព្រឹក – ៧ៈ០០យប់
ញ៉ាំស្តេកសាច់គោអូស្រ្តាលីតម្លៃ ២០,០០០រៀល នៅភោជនីយដ្ឋាន Delicious (Delicious Restaurant)
បន្ទាប់ពីចេញពី Baha’i មក វារៀងល្ងាចបន្តិចហើយ ពោះនោះក៏វាកូរទៀត។ ពួកយើងជិះដើររកកន្លែងញ៉ាំ ហើយបានឈប់ត្រឹងនៅភោជនីយដ្ឋាន Delicious។ នេះមិនមែនជាកន្លែងដ៏ល្អបំផុតសម្រាប់ញ៉ាំអាហារនៅខេត្តបាត់ដំបងទេ ប៉ុន្តែប្រសិនបើខ្ចិលរកកន្លែងញ៉ាំដូចពួកយើងដែរ អ្នកអាចសាកល្បងញ៉ាំនៅហាងនេះបាន។
តាមពិតទៅដំបូងឡើយពួកយើងអត់ចង់ញ៉ាំនៅហាងនេះទេ ប៉ុន្តែមិត្តប្រុសរបស់ខ្ញុំគាត់ឃើញមីនុយអាហារថាស្តេកសាច់គោអូស្ត្រាលីតម្លៃ ២០០០០រៀល ពួកយើងអត់គិតយូរក៏ចូលទៅតែម្តង។
ចាញ់បោក marketing គេសោះ។ ពួកយើងកម៉្មង់ស្តេកសាច់គោអូស្ត្រាលីនេះទាំងអស់គ្នា សាច់អូស្ត្រាលីអី សាច់គោខ្មែរអោយសុទ្ធ។ ហាហាហា តែទៅរំពឹងអីស្តេក ២០០០០រៀល ត្រូវអត់? តែមានអី រសជាតិគេគ្រាន់បើតើ។

ទីតាំង៖ ផ្លូវលេខ ១២១ បាត់ដំបង
ម៉ោងធ្វើការ៖ ៧ៈ០០ព្រឹក – ៩ៈ០០យប់
មើលការប្រគួតរាំហុីបហប់នៅហ្វាពន្លឺសិល្បៈ
ការប្រកួតរាំហុីបហប់នេះ មិនមែនជាអ្វីដែលអ្នកទាំងអស់គ្នាអាចមើលបានរាល់ពេលដែលទៅលេងខេត្តបាត់ដំបងនោះទេ។

ការប្រកួតរាំហុីបហប់នេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងៗទៀតក្នុង S’Art Urban Art Festival។ ពួកយើងពិតជារីករាយមែនទែនដែលបានទស្សនាអ្វីដែលយើងមិនធ្លាប់ឃើញផ្ទាល់ពីមុន។ បើអ្នកទាំងអស់គ្នាចង់មើលដែរ ចាំប្រហែល ២ឆ្នាំ ទៀតទៅ។ ហាហាហា

អត់បានមើលគេប្រកួតរាំហុីបហប់មែន តែអាចទិញសំបុត្រមើលការសម្តែងសៀករហ័ស្សកម្មនៅហ្វាពន្លឺសិល្បៈនេះបានណា៎។ តម្លៃសំបុត្រ ៥៦០០០រៀល/ម្នាក់ (១៤ដុល្លារ)។ អ្នកអាចទិញសំបុត្រដោយផ្ទាល់នៅហ្វាពន្លឺសិល្បៈរឺក៏ទិញនៅអូតែលនៅបាត់ដំបងក៏បាន។ ការសម្តែងចាប់ផ្តើមនៅម៉ោង ៧ៈ០០យប់ ដូច្នេះហើយអ្នកត្រូវទៅដល់ទីនោះមុនម៉ោង៧។
នៅហ្វាពន្លឺសិល្បៈនេះស្អាតទៀត គេមានគំនូរលើជញ្ជាំងនិងការតុបតែងប្លែកៗមួយចំនួន។
នៅក្នុងនោះផងដែរក៏មានហាងលក់គំនូរ អាវយឺត និងរបស់របរផ្សេងៗផងដែរ។
ទីតាំង៖ ភូមិអញ្ចាញ បាត់ដំបង
ថតរូបស្អាតៗនៅ Miss Wong ទុកផុសលើអុីនស្តាក្រាម
ខ្ញុំដូចជាមិនសូវត្រូវធាតុជាមួយហាង Miss Wong នេះយ៉ាងម៉េចមិនដឹងទេ រកទៅប៉ុន្មានដងហើយតែទៅដល់ចេះតែបិទរហូត ទាំងនៅសៀមរាបនិងបាត់ដំបង។ លើកនេះលើកទី ៤ ហើយទើបបានស្គាល់ជាតិ Miss Wong។

ស្រឡាញ់ការតុបតែងនៅ Miss Wong នេះមែនទែន នៅជ្រុងណាក៏ថតរូបស្អាតដែរ។
សូម្បីតែនៅបន្ទប់ទឹកក៏ស្អាតដែរ។

ពួកយើងអត់បានអាន review មុនពេលមក Miss Wong នេះទេ ហើយពួកយើងរំពឹងថានឹងទៅញ៉ាំអីនៅកន្លែងនោះរួចទៅអូតែលគេងវិញ។ ស្រាប់តែពេលទៅដល់អត់មានអីញ៉ាំក្រៅពីឌីមសាំផង។
ខ្ញុំកម៉្មង់ភេសជ្ជៈប្រចាំហាងរបស់គេដែលមានឈ្មោះថា Miss Wong Punch ហើយតម្លៃរបស់វា ២០,០០០រៀល(៥ដុល្លារ)។ រសជាតិស្រាក្រឡុកដែលខ្ញុំបានញ៉ាំហ្នឹងដូចអត់មានឆ្ងាញ់លើសកន្លែងផ្សេងៗដែលខ្ញុំធ្លាប់ញ៉ាំផង។

ទីតាំង៖ ផ្លូវលេខ ២ ផ្សារណាត់ បាត់ដំបង (ជិតចានបាយ Jaan Bai)
ម៉ោងធ្វើការ៖ ៤ៈ០០ល្ងាច – ១២ៈ០០យប់
ថ្ងៃទី ២
ញ៉ាំមីគាវនៅ មីគាវបីល្វែង
ប្រសិនបើអ្នកទាំងអស់គ្នាសួរអ្នកស្រុកបាត់ដំបងរកកន្លែងញ៉ាំអី ខ្ញុំច្បាស់ថាគេនឹងណែនាំអោយអ្នកទៅញ៉ាំមីគាវនៅ មីគាវបីល្វែង គ្រប់គ្នាម៉្មង។
មានអី ឆ្ងាញ់មែនតើ។ សរសៃមីគេឡើងទន់ ហើយគាវនោះឆ្ងាញ់ទៀត ខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រាកដជាចង់ញ៉ាំថែមមួយចានពីរចានទៀតម៉្មង បើយល់ល្អ ដាក់មីឌុបអោយហើយទៅ។ ឆ្ងាញ់ហើយ តម្លៃសមរម្យទៀត។

ទីតាំង៖ ផ្លូវ ១២១ បាត់ដំបង
ដើរមើលអាគារចាស់ៗស្អាតៗ
ប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់មើលរឿង ដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ អ្នកប្រាកដជាមានរូបភាពនៅក្នុងចិត្តហើយថាបាត់ដំបងហ្នឹងវាយ៉ាងម៉េច។

ខ្ញុំនិងមិត្តភក្តិខ្ញុំបានចំណាយពេលមួយព្រឹកពេញគ្រាន់តែដើរមើលអាគារចាស់ៗហ្នឹង។សំណង់ពីមួយច្រកទៅមួយច្រកសុទ្ធតែមានលក្ខណៈខុសគ្នាទាំងអស់ ហើយខ្ញុំនេះវិញគិតតែពីថតយកៗឡើងអស់ថ្មកាមេរ៉ា។
កំពុងតែឆ្ងល់ថាគួរចាប់ផ្តើមដើរពីកន្លែងណាមកមែនអត់? ចាប់ផ្តើមដើរពីផ្លូវលេខ១ នៅម្តុំផ្សារណាត់មក។ ផ្លូវដែលខ្ញុំចូលចិត្តជាងគេគឺផ្លូវ ២.៥។
ប្រមាញ់គំនូរលើជញ្ជាំង
ខ្ញុំចាំបានថាខ្ញុំធ្លាប់ឃើញគំនូរលើជញ្ជាំងតែពីរបីកន្លែងប៉ុណ្ណោះពេលដែលខ្ញុំទៅលេងខេត្តបាត់ដំបងកាលពីលើកទីមួយ។ ក្នុងរយៈពេលតែ ១ឆ្នាំកន្លះប៉ុណ្ណោះ សិល្បៈគំនូរលើជញ្ជាំងនេះក៏កើនឡើងយ៉ាងខ្លាំង។

អរគុណដល់ S’Art Urban Festival ដែលរួមចំណែកក្នុងការបន្ថែមគំនូរលើជញ្ជាំងនៅបាត់ដំបងនេះ។
ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តគំនូរលើជញ្ជាំងដូចខ្ញុំដែរ ប្រមូលមិត្តភក្តិហើយលេងប្រមាញ់គំនូរទាំងនេះទាំងអស់គ្នា! ខ្ញុំអត់ប្រាប់កន្លែងជាក់លាក់ថាគំនូរទាំងអស់នេះនៅកន្លែងណាទេ ប្រាប់អស់ម៉េចសប្បាយត្រូវអត់? គ្រាន់តែដឹងថាគំនូរទាំងអស់នេះនៅម្តុំផ្សារណាត់ទៅរកឃើញហើយ។

ញ៉ាំទឹកផ្លែឈើក្រឡុកស្រស់ៗនៅ The Lonely Tree Cafe
បន្ទាប់ពីដើរប្រមាញ់អាគារនិងគំនូរលើជញ្ជាំងអស់មួយព្រឹកមក ពួកយើងអស់ខ្យល់រលីងតែម្តង។ បើបានទឹកផ្លែឈើស្រស់ៗត្រជាក់ៗចូលមាត់មិនដឹងជាសប្បាយចិត្តប៉ុណ្ណា។ កំពុងតែគិតៗស្រាប់តែដើរដល់ហាងកាហ្វេមួយដែលមានឈ្មោះថា The Lonely Tree Cafe។ ផ្លាកហាងដាក់ហាងកាហ្វេ ប៉ុន្តែអ្វីដែលពួកយើងឃើញគឺហាងលក់វត្ថុអនុស្សាវរីយ៍និងគ្រឿងតុបតែងខ្លួន ទាល់តែពួកយើងសួរគេទៅបានដឹងថាហាងកាហ្វេនៅជាន់ខាងលើ។

ខ្ញុំបានកម៉្មង់ទឹកឪឡឹកក្រឡុកមួយកែវ ហើយពេលផឹកមួយកែវហើយមិនស្កប់ស្កល់ចង់ផឹកមួយកែវទៀត តែវាស៊យអីគេអស់់ឪឡឹកបាត់។ ទឹកឪឡឹកមួយកែវ ៦០០០រៀល (១.៥ដុល្លារ)។

ក្រៅពីភេសជ្ជៈ អ្នកទាំងអស់គ្នាក៏អាចញ៉ាំអាហារថ្ងៃត្រង់នៅទីនេះបានដែរ គេមានមុខម្ហូបប្រហែល១០មុខអីដែរ។ ខ្ញុំហៅបាយឆាឡុកឡាក់ ហើយតម្លៃវា ១៦០០០រៀល (៤ដុល្លារ) ចំណែករសជាតិម្ហូបវិញ ខ្ញុំអោយ ៦.៥/១០។

ហាងកាហ្វេ The Lonely Tree Cafe នេះក៏ជាកន្លែងមួយដែលថតរូបស្អាតៗបានដែរ។
ហើយនេះគឺជាហាងលក់របស់របរផ្សេងៗនៅជាន់ក្រោម។
ទីតាំង៖ ផ្លូវលេខ ២.៥ បាត់ដំបង (ជាន់ទី ១)
ម៉ោងធ្វើការ៖ ១០ៈ០០ព្រឹក រហូតដល់ម៉ោងប៉ុន្មានក៏មិនដឹង
ញាំប្រហិតចែមុី
ប្រហិតឆ្ងាញ់ ទឹកជ្រលក់ឆ្ងាញ់ តម្លៃក៏មិនថ្លៃ។ ប្រហិតសាច់គោមួយចង្កាក់ ២០០០រៀល ហើយនំប័ុងមួយដើមក៏ ២០០០រៀល ដូចគ្នា។ ពេលទៅបាត់ដំបងកុំភ្លេចចូលញ៉ាំផង!

ទីតាំង៖ ផ្លូវ ១២១ បាត់ដំបង (ជិតសាលាចិន លាន ហ័រ)
ដើរជាមួយក្បួនដង្ហែទីងមោងធំៗក្នុងកម្មវិធី S’Art Urban Festival
ខ្ញុំអត់ដែលចូលរួមកម្មវិធីអីគួរអោយរំភើបដូចកម្មវិធីនេះទេ។

ទំរាំតែគេចេញក្បួនដង្ហែហ្នឹង គេរៀបចំមុនមិនចេះតិចម៉ោង។

សូមសរសើរបុិនេះម៉្មង គាត់ពាក់អាជើងហ្នឹងដើរបានឡើងឆ្ងាយ។

អីយ៉ាស់ ចាប់បានយក្សជិះម៉ូតូ!

ក្បួនដង្ហែនេះចាប់ផ្តើមពីវត្តពិភិទ្ធារាមដល់សួននាគបាញ់ទឹក។
សង្ឃឹមថានឹងមាន S’Art Urban Festival ម្តងទៀតឆាប់ៗ។ សូមបញ្ជាក់ម្តងទៀតផងដែរថាក្បួនដង្ហែនេះមានតែក្នុងកម្មវិធី S’Art Urban Festival ប៉ុណ្ណោះ។
តោះ ទៅលេងបាត់ដំបងទាំងអស់គ្នាហ្ហី? កក់សំបុត្រឡាននៅ ទីនេះ។
AvyTravel គឺជាគេហទំព័រអំពីដំណើរកម្សាន្តនិងបទពិសោធន៍ដើរលេងរបស់អេវីផ្ទាល់ទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសជិតខាង។ នៅក្នុងអត្ថបទនីមួយៗ អេវីតែងតែបង្ហាញពីកន្លែងដើរលេងផ្សេងៗ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅកន្លែងនោះ ការវាយតម្លៃកន្លែងគេង (hotel review) បទពិសោធន៍ទាំងល្អនិងអាក្រក់។ «ចង់ប្រាប់ថាអេវីមិនមែនសាវ៉ាទេណា គ្រាន់តែលង់ស្នេហ៍ជាមួយគ្រប់កន្លែងដែលបានទៅលេងតើ!»