fbpx
P1040937

អ្វីដែលអ្នកគួរដឹងមុនទៅលេងខ្នងផ្សា ខ្នងសំពៅ

For English version, click here.

មានគម្រោងទៅលេងខ្នងផ្សា ខ្នងសំពៅឆាប់ៗនេះមែនអត់? ចង់ដឹងអត់ថាយើងគួរត្រៀមអ្វីខ្លះដើម្បីទៅដើរលេងនៅទិសដៅថ្មីនេះអោយរលូន?

ថ្មីៗនេះ ខ្ញុំសង្កេតឃើញថាខ្នងផ្សា ខ្នងសំពៅនេះទាក់ទាញចំណាប់អារម្មណ៍គ្នាយើងច្រើនមែនទែន។ បើកមើលហ្វេសប៊ុកនិងអុីនស្តាក្រាមពេលណាគឺឃើញសុទ្ធតែរូបខ្នងផ្សា ខ្នងសំពៅ។ ដឹងហើយថាផ្លូវទៅវាមិនស្រួលទេ តែនៅតែជ្រួលជ្រើមចង់ទៅខ្លាំង ត្រូវអត់?

កាលពីសប្តាហ៍មុន ខ្ញុំបានចំណាយពេលមួយយប់នៅទីនោះ។ បើចង់ដឹងថាគួរត្រៀមសម្ភារៈអ្វីខ្លះសម្រាប់ដំណើរកម្សាន្តទៅតំបន់ថ្មីនេះ អានអត្ថបទខាងក្រោមទាំងអស់គ្នា។ តិចថាអត់បានប្រាប់ តែទៅអត់បានត្រៀមដឹងតែទឹកភ្នែកហើយណា៎!

អ្វីដែលគួររៀបចំ

  • សម្លៀកបំពាក់កីឡា៖ បើទៅគេងមួយយប់ ដាក់សម្លៀកបំពាក់គ្រប់គ្រាន់សម្រាប់ទៅគេងមួយយប់បានហើយ។ កុំលោភលន់ចង់ដាក់ច្រើន ជាពិសេសស្រីៗគ្នាយើងហ្នឹងម៉្មង។ តិចទៅដាក់រ៉ូបថែមពីរបីដើម្បីទុកថតរូបអោយស្អាត អាហ្នឹងប្រយ័ត្នស្ពាយឡើងភ្នំមិនរួចខ្លួនឯងតាំងធ្វើឯងកម្សត់ប្រើគេប្រើឯងអោយស្ពាយ។ អ្នកទាំងអស់គ្នាត្រូវចាំណា ពួកយើងទៅឡើងភ្នំមិនមែនទៅដើរបង្ហាញម៉ូតទេ ហេតុដូចនេះហើយស្លៀកសម្លៀកបំពាក់កីឡាស្តើងៗ ងាយបត់បែនបាននិងឆាប់ស្ងួត។ កុំស្លៀកខោខោប៊យ សំពត់ខ្លី រឺសម្លៀកបំពាក់ណាដែលនាំអោយពិបាកក្នុងការធ្វើដំណើរអី នាំតែពិបាកខ្លួនឯងទេ។
  • អាវដែលធន់នឹងអាកាសធាតុត្រជាក់៖ ដោយសារតែអាកាសធាតុពេលយប់និងពេលព្រឹកព្រលឹមនោះវាអាចនឹងធ្លាក់ដល់ 18-20 អង្សារសេ ដូច្នេះហើយអ្នកទាំងអស់គ្នាគួរតែដាក់អាវរងាទៅមួយផង។
  • អាវភ្លៀង៖ វាអាចនឹងភ្លៀងពេលអ្នកទាំងអស់គ្នាធ្វើដំណើរឡើងភ្នំនិងចុះភ្នំ អញ្ចឹងហើយដាក់អាវភ្លៀងទៅមួយផង។
  • កាតាបការពារជ្រាបទឹក៖ អាវភ្លៀងតែមួយនៅមិនទាន់គ្រប់គ្រាន់ទេ។ ដាក់កាតាបការពារជ្រាបទឹកមួយផងដើម្បីការពារទូរស័ព្ទ កាមេរ៉ា ផោវើប៊ែង រឺសម្ភារៈអេឡិចត្រូនិចផ្សេងៗ។
  • ស្បែកជើងឡើងភ្នំ៖ ផ្លូវឡើងទៅខ្នងផ្សា ខ្នងសំពៅនេះអត់ស្រួលទេណា។ បើអត់ទាន់មានស្បែកជើងឡើងភ្នំទេ ទិញមួយគូរអោយហើយទៅ។ ស្បែកជើងឡើងភ្នំនេះវាសំខាន់ខ្លាំងណាស់ ព្រោះវាជួយយើងច្រើនមែនទែនទាក់ទងនឹងការទប់លំនឹងកជើងរបស់យើង ហើយបាតស្បែកជើងធ្វើឡើងដើម្បីអោយវាខ្ញាំនឹងទីរអិលបានល្អ។
  • ឈើច្រត់សម្រាប់ឡើងភ្នំ៖ ឈើច្រត់នេះក៏សំខាន់ខ្លាំងដែរសម្រាប់ការឡើងភ្នំលើកនេះ ដោយសារតែផ្លូវទៅខ្នងផ្សា ខ្នងសំពៅនេះ វាខុសពីភ្នំផ្សេងបន្តិច។ អត់មានផ្លូវឡើងចុះដូចភ្នំផ្សេងទេណា បើថាឡើងគឺឡើងរហូត ហើយបើថាចុះគឺចុះរហូត ហើយសំខាន់នោះគឺខែនេះខែភ្លៀងទៀត។ ជាធម្មតា យើងប្រើឈើច្រត់នេះមុនយើងបោះជំហានមួយជំហាន ហើយបើអត់មានឈើច្រត់ទេអ្នកទាំងអស់គ្នាអាចនឹងងាយដួល ព្រោះផ្លូវនេះរអិលខ្លាំង។ ប្រសិនបើអ្នកទាំងអស់គ្នាអត់ចង់ចំណាយលុយលើឈើច្រត់នេះទេ អ្នកទាំងអស់គ្នាក៏អាចរើសឬស្សីតាមផ្លូវឡើងផងដែរ។ ប៉ុន្តែវាអាចនឹងពិបាករកឬស្សីដែលស្រាលនិងល្អបន្តិច ដោយសារតែមានមនុស្សច្រើនឡើងភ្នំ មិនមែនតែយើងម្នាក់ទេ។ អញ្ចឹងយល់ល្អ ទិញឈើច្រត់សម្រាប់ឡើងភ្នំនេះមួយអោយហើយម៉្មងទៅ។
  • ស្បែកជើងផ្ទាត់៖ កុំភ្លេចដាក់ស្បែកជើងផ្ទាត់ទុកពាក់នៅកន្លែងយើងបោះតង់ផង។ ទំរាំតែឡើងដល់កន្លែងយើងបោះតង់ហ្នឹង ស្បែកជើងឡើងភ្នំយើងជោកអស់ហើយ។
  • Sleeping Bag: ដូចខ្ញុំប្រាប់មុនហ្នឹងចឹង អាកាសធាតុពេលយប់និងពេលព្រឹកព្រលឹមវាត្រជាក់ខ្លាំង ហេតុដូចនេះហើយដាក់ sleeping bag ទៅមួយផងដើម្បីរក្សាកម្តៅរបស់យើងពេលគេង។ ប្រសិនបើអត់មាន sleeping bag ទេ អាចដាក់ភួយស្តើងល្មមមួយទៅក៏បានដែរ។
  • ខ្នើយខ្យល់៖ និយាយរឿងខ្នើយ រឿងពូក ខ្ញុំចង់តែវ៉ៃបងអ្នករៀបចំដំណើរកម្សាន្តនេះទេ។ មុនចេញដំណើរ ខ្ញុំសួរគាត់ឡើងពីរបីដងថានៅតង់យើងមានពូកស្តើង និងខ្នើយអត់។ គាត់ថាមាន ដល់ហើយខ្ញុំអត់មានដាក់អីទៅក្រៅពីភួយស្តើងមួយទៅទេ។ ស្រាប់តែទៅដល់ តង់មានតែសំបក។ ខ្នើយក៏អត់ ពូកស្តើងក៏អត់ ខ្ញុំក៏បង្ខំចិត្តយកភួយមកក្រាលគេង ហើយយកអាវរងារមកបត់ធ្វើខ្នើយកើយ។ ត្រជាក់ចង់ងាប់ហើយបងប្អូនអើយយយយ។ អញ្ចឹងបើយល់ល្អ ដាក់ទៅខ្លួនឯងត្រៀមៗផងទៅ។
  • ពិលដែលមានទម្ងន់ស្រាល៖ ខ្ញុំជឿបងអ្នករៀបចំដំណើរកម្សាន្តពេក អញ្ចឹងហើយទិញពិលខុស។ គាត់ប្រាប់ខ្ញុំថាយើងងើបដើរទៅខ្នងផ្សាពីកន្លែងយើងបោះតង់ម៉ោង ៤ព្រឹក ហើយដើរលើដីរាបស្មើតែ ១គម ដល់ហើយ។ ខ្ញុំគិតថា បើ ១គម មែន ចាំបាច់អីទៅទិញពិលធំ ដាក់តែអាតូចទៅមួយទៅបានហើយ។ មានណា បងហ្នឹងធ្វើសុី។ ១គម ស្អី នាឡិកាដៃខ្ញុំប្រាប់ថាដើរឡើង ៣.៨គម ទើបដល់ ហើយសំខាន់នោះមិនមែនដើរលើផ្លូវរាបស្មើទេ។ ផ្លូវជ្រលងភ្នំហើយរអិលខ្លាំងទៀត អញ្ចឹងខ្ញុំត្រូវតោងដើមឈើពេលដើររហូត ហើយអាពិលតូចនោះវាអស់ថ្មរលីងទៀត។ បើយោងទៅតាមបទពិសោធន៍ខ្ញុំ អ្នកទាំងអស់គួរតែទិញអាពិលពាក់នៅក្បាលម៉្មងទៅ ព្រោះអាហ្នឹងវាភ្លឺល្អ ថ្មក៏បានយូរ ហើយអ្នកទាំងអស់គ្នានៅសល់ដៃទុកតោងដើមឈើពេលដើរទៀត។
  • Power Bank: ទៅបោះតង់កណ្តាលព្រៃ អត់មានភ្លើងទេណាអ្នកទាំងអស់គ្នា។ ដាក់ power bank ខ្លួនឯងទៅផង។
  • ស្ព្រៃយ៍ការពារសត្វល្អិត៖ តាមពិតទៅនៅខ្នងផ្សា ខ្នងសំពៅនេះអត់សូវមានសត្វល្អិតច្រើនទេ ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែដាក់ស្ព្រៃយ៍ទៅមួយទៅគ្រាន់នឹងការពារពេលខ្លះ។
  • ឡេការពារកម្តៅថ្ងៃ៖ ពេលជិះគោយន្តទៅកន្លែងចាប់ផ្តើមដើរឡើងភ្នំនោះគឺដឹងតែក្តៅខ្លាំងហើយ បើមិនចង់ខ្លោចស្បែកទេ ដាក់ឡេការពារកម្តៅថ្ងៃទៅមួយផង។
  • First Aid Kit: យើងមើលមិនឃើញទេថាអាចនឹងមានរឿងអ្វីកើតឡើង ដូច្នេះហើយដាក់ first aid kit ទៅផង។ មានដូចជាថ្នាំលាបរបួស សំឡី បង់បិត ថ្នាំសង្កូវផ្សេងៗអីហ្នឹង។
  • ស្ព្រៃយ៍បាញ់ឬលាបសម្រួលសាច់ដុំ៖ ពេលយើងដើរព្រៃរឺដើរឡើងភ្នំ មនុស្សមួយចំនួនធំចៀសមិនផុតពីអារមួរក្រពើហ្នឹងទេ។ ប្រសិនបើអ្នកទាំងអស់គ្នាដឹងខ្លួន គួរតែដាក់ស្ព្រៃយ៍បាញ់ ឬលាបសម្រួលសាច់ដុំនេះទៅមួយដបអោយហើយទៅ។
  • ប្រអប់បាយនិងស្លាបព្រា៖ ខ្ញុំអត់ដឹងថាធួរផ្សេងម៉េចទេ ប៉ុន្តែបងអ្នករៀបចំដំណើរកម្សាន្តក្រុមខ្ញុំផ្ទាល់ គាត់អោយយើងដាក់ប្រអប់បាយនិងស្លាបព្រាផ្ទាល់ខ្លួនទៅម្នាក់មួយដើម្បីកាត់បន្ថយការប្រើប្រាស់ប្រអប់បាយដែលប្រើប្រាស់ម្តងបោះចោល។
  • Energy Bars: ខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាដូចខ្ញុំរឺអត់ទេ។ ចំពោះខ្ញុំផ្ទាល់ អោយតែពេលដើរព្រៃដើរលេងអីហ្នឹង តែហត់ពេកគឺអត់ឃ្លានសោះម៉្មង ពេលខ្លះអាចនឹងក្អួតពេលធុំក្លិនបាយទៀត។ ប្រសិនបើអ្នកទាំងអស់គ្នាអញ្ចឹងដែរ អ្នកទាំងអស់គ្នាគួរតែដាក់សូកូឡា រឺ Energy Bars ផ្សេងៗទុកញ៉ាំដើម្បីជំនួយកម្លាំងផង។ បើយើងញ៉ាំអត់ចូលទេ យើងអាចនឹងបាក់កម្លាំង ហើយឡើងភ្នំចុះភ្នំមិនរួចក៏ថាបាន។
  • របស់ញ៉ាំតិចតួច៖ ដាក់មីកំប៉ុង ត្រីខ និងនំតាមចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នា។ ធួរគេមានម្ហូបអោយញ៉ាំហើយ ប៉ុន្តែក្នុងករណីយើងទៅច្រើនគ្នាចឹងគួរតែមានរបស់ញ៉ាំខ្លួនឯងទៅផងទៅ កុំពឹងលើគេពេក។
  • ទឹក៖ កុំភ្លេចទឹកអោយសោះណា៎ ដាក់ទៅគ្រប់គ្រាន់សម្រាប់ញ៉ាំខ្លួនឯងទៅ។ ដាក់ច្រើនពេកប្រយ័ត្នស្ពាយអត់រួច។

ថ្ងៃទី១៖ ចេញដំណើរពីភ្នំពេញទៅកន្លែងបោះតង់នៅឯខ្នងសំពៅ

ដោយសារតែខ្នងផ្សា ខ្នងសំពៅជាកន្លែងដើរលេងថ្មី ហើយខ្ញុំមានគ្នាតែពីរនាក់ទៀត អញ្ចឹងហើយទៅខ្លួនឯងអត់ល្អទេ។ ដោយសារតែមូលហេតុនេះហើយក៏ខ្ញុំនិងមិត្តប្រុសខ្ញុំសម្រេចចិត្តថាទៅជាមួយធួរតែម្តងទៅ។ នេះមិនមែនបានន័យថាអ្នកទាំងអស់គ្នាមិនអាចទៅខ្លួនឯងបានទេណា ទៅបានដូចគ្នាបើមានគ្នាច្រើន។

ពួកយើងចេញដំណើរពីភ្នំពេញទៅនៅម៉ោង ៤:២០នាទីព្រឹក ហើយពួកយើងទៅដល់កន្លែងញ៉ាំអាហារពេលព្រឹកម៉ោងប្រមាណ ៦:១០នាទីព្រឹក។ ព្រលឹមពេក ទោះញ៉ាំអត់ចូលក៏ត្រូវតែញ៉ាំដែរ ព្រោះយើងត្រូវយកកម្លាំងឡើងភ្នំ។

បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច យើងក៏ចេញដំណើរទៅសហគមន៍ត។ ពីរង្វង់មូលឱរ៉ាល់ទៅសហគមន៍គឺមានចម្ងាយ ៤០គម ហើយដោយសារតែផ្លូវនេះវារលាក់ខ្លាំង ពួកយើងចំណាយពេលប្រមាណ ២ម៉ោង។ ពេលយើងទៅដល់សហគមន៍ យើងចាំបាច់បំពេញបែបបទស្នើសុំការអនុញ្ញាតធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សានៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញសិន។ បន្ទាប់ពីដាក់ពាក្យស្នើសុំរួចរាល់ យើងក៏បន្តដំណើរប្រមាណ ៥នាទី ពីការិយាល័យទៅកន្លែងជិះគោយន្ត។

ដើម្បីទៅដល់ចំណុចចាប់ផ្តើមដើរឡើងភ្នំ ពួកយើងត្រូវជិះគោយន្តសិន។ ការជិះគោយន្តនេះអាចចំណាយពេលពី ១ម៉ោង-២ម៉ោងកន្លះ សុីសងលើសភាពផ្លូវ។

នេះគឺរូបផ្លូវពេលខ្ញុំទៅ ហើយពួកយើងបានចំណាយពេលអស់ ១ម៉ោងកន្លះ ដើម្បីទៅដល់គោលដៅឡើងភ្នំ។ នេះនៅមិនទាន់ភក់ខ្លាំងទេ ពេលខ្ញុំមកវិញគឺយ៉ាប់ជាងហ្នឹងទៀត ប៉ុន្តែដោយសារអស់កម្លាំងខ្លាំងក៏អត់បានថតរូប។ បើពេលមកវិញផ្លូវមិនយ៉ាប់ទេក៏មិនចំណាយពេលជិះគោយន្តអស់ ២ម៉ោង១៥នាទីដែរ!

ឈឺគូទក៏ឈឺគូទ ក្តៅក៏ក្តៅ តែសប្បាយក៏សប្បាយ។ រឹតតែសប្បាយនោះគឺពេលគោយន្តចាក់មនុស្សចោលអស់ និងពេលរុញគោយន្ត។ គិតៗទៅមនុស្សយើងនែសសស នៅផ្ទះស្រួលបួលអត់ចង់ទេ ចង់មកធ្វើទារុណកម្មខ្លួនឯង។ 

បងអ្នករៀបចំដំណើរកម្សាន្តប្រាប់ថាផ្លូវឡើងទៅលើរាប់ចាប់ពីជើងភ្នំដល់ទីតាំងបោះតង់នៅខ្នងសំពៅនោះគឺមានចម្ងាយ ៧.៥គម ប៉ុន្តែបើតាមខ្ញុំមើលនាឡិកាខ្ញុំនោះគឺវា ១០គម។ ខ្ញុំបានចាប់ផ្តើមដើរឡើងភ្នំនៅម៉ោង ១២:០០ថ្ងៃត្រង់ ហើយទំរាំខ្ញុំឡើងដល់នោះគឺម៉ោង ៤:០០ល្ងាចហើយ។

បងៗក៏ប្រាប់ទៀតដែរថាអ្នកដែលពូកែដើរឡើងនោះគឺចំណាយពេលតែ ៣ម៉ោង ដល់គោលដៅហើយ។ ចំណែកអ្នកដែលមិនពូកែដើរនោះគឺគាត់អាចនឹងចំណាយពេលរហូតដល់ ៨ម៉ោង។ គិតៗទៅ ខ្ញុំមានទៅអន់អី ហាហាហា។ ខ្ញុំអត់បានថតផ្លូវដើរឡើងភ្នំទេដោយសារតែហត់ពេក ចាំអ្នកទាំងអស់គ្នាទៅខ្លួនឯងទៅដឹងហើយថាវាយ៉ាងណា។

រូបនេះផ្ទាល់គឺខ្ញុំថតនៅកន្លែងបោះតង់របស់យើងនៅខ្នងសំពៅ។ ទៅដល់អ័ព្ទឡើងខ្លាំង តែក៏ស្អាតម៉្យាងដែរ។

អ្ហូ ប៊ិះភ្លេចប្រាប់។ នៅលើភ្នំនេះអត់មានបន្ទប់ទឹកទេណា មុននឹងឡើងមកកន្លែងគេង ខ្ញុំបានងូតទឹកនៅអូរមួយដែលគេហៅថាអូរដានជើងព្រះ រួចហើយ។ អូរនេះមានចម្ងាយប្រហែល ៦០០ម៉ែត្រ ពីកន្លែងយើងគេង យល់ល្អងូតទឹកអោយហើយទៅចាំទៅតង់។ ហើយបើថាឈឺនោម រឺឈឺពោះជុះអី ទម្លាក់មីនកន្លែងស្ងាត់ៗក្នុងព្រៃទៅ។ ពេលទម្លាក់មីនហើយ ជីកដីកប់ហើយយកឈើដោតផង ដើម្បីចៀសវាងកុំអោយអ្នកដទៃដើរជាន់មីនយើងនាំចង្រៃដល់គេ យល់នៅ?

រូបនេះគឺថតនៅព្រឹកបន្ទាប់ដែលថតនៅកន្លែងញ៉ាំអាហារពេលព្រឹក។ ពួកយើងចាប់ផ្តើមដើរពីកន្លែងយើងបោះតង់នៅខ្នងសំពៅទៅខ្នងផ្សានៅម៉ោង ៤ព្រឹក ដើម្បីមើលថ្ងៃរះ តែដោយសារតែមេឃភ្លៀងពេញមួយយប់ទៅហើយ ហេតុដូចនេះហើយអត់មានថ្ងៃរះមើលទេ មានតែពពក។ 

ដូចខ្ញុំបានប្រាប់ខាងលើអញ្ចឹង បងអ្នករៀបចំដំណើរកម្សាន្តគាត់ប្រាប់ថាតែ ១គម ទេ ហើយដើរលើដីរាបស្មើទៀត។ តែបើយោងតាមនាឡិការបស់ខ្ញុំផ្ទាល់គឺ ៣.៨គម ហើយដើរតាមផ្លូវជ្រលងភ្នំដែលរអិលខ្លាំង។ គាត់កុហកយើងនេះគឺបំណងល្អទេ បើគាត់ប្រាប់តាមត្រង់ អ្នកខ្លះអាចនឹងខ្ជិលទៅក៏ថាបាន។

ដោយសារអត់មានថ្ងៃរះមើល បងៗក៏នាំយើងទៅមើល “លំហូរពពក” ឬហៅម្យ៉ាងទៀតបានថា “ឆាយពពក” នៅលើកន្លែងខ្ពស់បំផុតនៅខ្នងផ្សា ដែលមានចម្ងាយប្រមាណ ៧០០ម៉ែត្រ ពីកន្លែងញ៉ាំអាហារពេលព្រឹក។

រូបនេះផ្ទាល់គឺថតនៅតាមផ្លូវឡើងទៅមើលពពក។​ 

នៅលើខ្នងផ្សានេះគឺសំបូរផ្ទាំងថ្មធំៗ ឡើងទៅថតលើថ្មមួយណាក៏ឃើញស្អាតដែរ តែសូមប្រយ័ត្នប្រយែងផងណា។ បើមើលទៅឃើញដូចអត់សូវស្រួលទេ កុំឡើងអី។ ធីបមួយទៀតគឺកុំពាក់ឈុតខ្មៅដូចខ្ញុំណា ថតរូបអត់ស្អាតទេ។ ពាក់ឈុតណាពណ៌លេចៗដូចជាផ្កាឈូក ទឹកក្រូច អីទៅ។

នេះគឺរូបនៅកន្លែងដដែលនេះ ប៉ុន្តែថតប្រហែលជា ៥នាទី ក្រោយ។ ពពករាងរសាត់ទៅតិចៗហើយ។

ទោះបីជាពេលទៅដល់ វាអ័ព្ទមើលអីមិនសូវឃើញក៏ពិតមែនក៏ខ្ញុំពេញចិត្តនឹងទេសភាពនេះដែរ។ នេះគឺទេសភាពភ្នំមើលពីលើខ្នងផ្សាទៅ។

ចំណែកខាងក្រោមនេះវិញគឺជាទេសភាពខ្នងសំពៅដែលខ្ញុំថតពេលពួកយើងចុះពីខ្នងផ្សាមកវិញ។​ 

ខ្ញុំអត់ដឹងអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចទេ តែចំពោះខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តទេសភាពខ្នងសំពៅជាងខ្នងផ្សា។ 

អ្វីដែលអ្នកគួរដឹង

  • ចម្ងាយដើរឡើងភ្នំនិងចុះភ្នំទាំងមូល រាប់ចាប់ពីកន្លែងចុះពីគោយន្តដល់កំពូលភ្នំខ្នងផ្សានិងចុះមកវិញគឺ ៣៩.៣២គម (យោងទៅតាមនាឡិការបស់ខ្ញុំ)
  • នៅពេលដែលបងៗអ្នករៀបចំដំណើរកម្សាន្តប្រាប់យើងថា ១គម អ្នកទាំងអស់គ្នាគួរតែគុណនឹង ២ រឺ ៣ អោយហើយទៅ។ កុំរំពឹងថាជិតដូចមាត់គេណា អត់ជិតទេអ្នកទាំងអស់គ្នា។
  • ស្រីៗត្រូវដាក់ឥវ៉ាន់យ៉ាងម៉េចកុំអោយលើស ៦គីឡូក្រាម ហើយប្រុសៗវិញ កុំអោយលើស ១០គីឡូក្រាម។ ស្ពាយឡើងវេទនាតែខ្លួនឯងទេ។
  • តែប្រសិនបើអ្នកទាំងអស់គ្នាគិតថាអត់អាចស្ពាយកាតាបខ្លួនឯងឡើងភ្នំរួចទេ អ្នកទាំងអស់គ្នាអាចជួលបងៗដែលនៅជើងភ្នំស្ពាយឡើងទៅលើអោយបាន។ ខ្ញុំអត់ច្បាស់ថាគាត់គិតលុយម៉េចទេ តែតាមដែលខ្ញុំឮគឺគាត់គិត ១គីឡូ ៥០០០៛។ ខ្ញុំឃើញពួកគាត់ស្ពាយធ្ងន់ៗអាណិតពួកគាត់ណាស់ ប៉ុន្តែធ្វើម៉េច អាហ្នឹងមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់ទៅហើយ។
  • នៅខ្នងផ្សា និងខ្នងសំពៅនេះផ្ទាល់អត់សូវមានសត្វទៀកនោះទេ តែទោះជាមិនសូវមានក៏ពិតមែនក៏អ្នកទាំងអស់គ្នាគួរស្លៀកពាក់អោយជិតៗខ្លួនដែរ។
  • នៅទីនេះផ្ទាល់គឺអត់មានបន្ទប់ទឹកទេណា មានតែបន្ទប់ទឹកធម្មជាតិនេះឯង។
  • អ្នកទាំងអស់គ្នាអាចងូតទឹកនៅអូរមួយដែលមានឈ្មោះថា អូរដានជើងព្រះ ដែលមានចម្ងាយប្រមាណ ៦០០ម៉ែត្រ ពីខ្នងសំពៅបាន។
  • តម្លៃធួរដែលខ្ញុំទៅនោះគឺ ៦៥ដុល្លារ/ម្នាក់ ហើយនៅក្នុងនោះគេរួមបញ្ចូលឡានទៅវិញទៅមកពីភ្នំពេញទៅ អាហារ ៥ពេល ទឹកសុទ្ធ ៣លីត្រ Royal D ២កញ្ចប់ កាហ្វេ ២កញ្ចប់ និងតង់សម្រាប់គេងគ្នា ២នាក់។ ប្រសិនបើអ្នកទាំងអស់គ្នាចង់គេងម្នាក់ឯង អាចប្រាប់បងៗអ្នករៀបចំមុន ហើយបង់ថែម ១០ដុល្លារ ទៅបានហើយ។
  • សម្រាប់បរទេស ពួកគាត់ត្រូវបង់ក្នុងម្នាក់ ៥ដុល្លារ/ថ្ងៃ ទៅកាន់ទីស្នាក់ការជួរភ្នំក្រវាញ មុននឹងពួកគាត់ចាប់ផ្តើមធ្វើដំណើរឡើងភ្នំ។ 

Leave a Comment

Your email address will not be published.