fbpx
IMG_7165

ដើរលេងបែបខ្ចិលៗនៅកំពត

For English version, click here.

មិនថាអ្នកស្វាហាប់ក្នុងការដើរលេងប៉ុណ្ណាទេ វាប្រាកដជាមានពេលមួយដែលអ្នកខ្ចិលមហាសែនខ្ចិលហើយចង់តែចេញពីទីក្រុងអោយឆាប់ៗដោយគ្មានគម្រោងដើរលេងអីសោះ។

ខ្ញុំឃើញគេទៅកំពតច្រើនមែនទែន ហើយភាគច្រើនឃើញទៅតែកន្លែងដដែលៗហើយធ្វើអីក៏ដដែលៗ ដល់ពេលអញ្ចឹងទៅខ្ញុំគិតថាកំពតនេះគួរអោយធុញ ដូច្នោះហើយខ្ញុំក៏អត់រៀបគម្រោងដើរលេងអីទាំងអស់ហើយបណ្តោយតាមហ្នឹងម៉្មងទៅ ចាំមើលវាគួរអោយចាប់អារម្មណ៍ប៉ុណ្ណា។

ខ្ញុំនិងមិត្តប្រុសរបស់ខ្ញុំបានចំណាយពេលនៅកំពត ១យប់២ថ្ងៃ កាលពីសប្តាហ៍មុន ហើយខ្ញុំពិតជាពេញចិត្តនឹងការអត់ធ្វើអីសោះហ្នឹងតែម្តង ឈៀលណាស់។

ដោយសារតែពួកយើងអត់ដែលសាកល្បងជិះរថភ្លើងក្នុងស្រុកពីមុន​ យើងក៏សាកជិះលើកនេះតែម្តងទៅ។

នៅលើរថភ្លើងនេះ គេចែកកៅអីអង្គុយជា ២ ហើយវានៅកាប៊ិនផ្សេងគ្នា។​

នៅលើរថភ្លើងនេះក៏មានកាប៊ិនមួយដែលគេលក់របស់ញ៉ាំផងដែរ ប៉ុន្តែដើរពេលរថភ្លើងកំពុងតែបើកមិនមែនងាយស្រួលទេ អញ្ចឹងខ្ញុំណែនាំអោយអ្នកទាំងអស់គ្នាទិញរបស់ញ៉ាំតិចតួចមុនឡើងរថភ្លើងអោយហើយ។

សំបុត្ររថភ្លើងពី ភ្នំពេញ-កំពត មានតម្លៃ ២៨០០០រៀល (៧ដុល្លារ) សម្រាប់មួយជើង ហើយជាធម្មតាជិះ ៤ម៉ោងកន្លះ ដល់កំពត។

គិតថាជិះ ៤ម៉ោងកន្លះ មែនតើ តែវាស៊យអីរថភ្លើងមួយទៀតខូចហើយគាំងនៅកណ្តាលផ្លូវ ខ្ញុំជិះ ៧ម៉ោងកន្លះទំរាំដល់កំពត។ ទេសភាពតាមផ្លូវស្អាតមែន ប៉ុន្តែអត់ស្អាតដល់ថ្នាក់ដែលត្រូវចំណាយពេល ៧ម៉ោងជាងហើយអត់ធុញនោះទេ។ ម្នាក់ៗនៅលើរថភ្លើងឡើងម៉ួម៉ៅ។ ខ្ញុំអត់ណែនាំអោយអ្នកទាំងអស់គ្នាជិះរថភ្លើងទេ ប្រសិនបើអ្នកទាំងអស់គ្នាមានការប្រញាប់ដែលត្រូវធ្វើនៅកំពត។

ត្រូវទៅដល់កំពតតាំងពីម៉ោង ១១ៈ០០ សោះ ខ្ញុំនេះទៅដល់ម៉ោង ២ៈ០០ថ្ងៃ។ សំខាន់អត់បានញ៉ាំអីពីព្រឹកទៀត ឃ្លានចង់ងាប់ហើយ។

បន្ទាប់ពីយើងទុកឥវ៉ាន់នៅ Maak Hotel ហើយ យើងក៏ចេញទៅរកអីញ៉ាំ។ ពេលជិះតាមផ្លូវមកហ្នឹង ខ្ញុំបានឆែករកកន្លែងញ៉ាំអីនៅកំពតរួចហើយ ហើយហាង Rusty Keyhole ជាហាងដែលខ្ញុំចង់ទៅញ៉ាំជាងគេ។ នៅហាងនោះគេមានម្ហូបប្រចាំហាងមួយដ៏គួរអោយចាប់អារម្មណ៍ ហើយថែមទាំងមាន challenge មួយដែលអាចទាក់ទាញភ្ញៀវមកទៀត។​

ហាង Rusty Keyhole មាន ២-៣សាខា នៅកំពតនិងកែប តែពូតុកតុកនោះ គាត់បោកខ្ញុំថាគេបិទអស់ហើយ។ ខ្ញុំនៅមិនអស់ចិត្ត ខ្ញុំក៏សួរបុគ្គលិកនៅអូតែល ហើយគេប្រាប់ថាហាង Rusty Keyhole នេះឆ្លងថ្នល់ពីអូតែលបន្តិចទៅដល់ហើយ។

ម្ហូបប្រចាំហាងនេះគឺ ឆ្អឹងជំនីរ៉ាស្ទី (Rusty Ribs) ហើយតម្លៃរបស់វាគឺ ៣៤០០០រៀល (៨.៥ដុល្លារ) ក្នុងមួយចាន ហើយញ៉ាំបានពីរនាក់ ប្រសិនបើអ្នកអត់សូវពូកែញ៉ាំ។

នៅហាងនេះ​ មានការប្រកួតប្រជែងដ៏គួរអោយអស់សំណើចមួយដែលមានឈ្មោះថា​ Dino Ribs Challenge។ ប្រសិនបើអ្នកទាំងអស់គ្នាដឹងខ្លួនថាខ្លួនឯងពូកែញ៉ាំ អ្នកសាកចូលរួមកម្មវិធីប្រគួតប្រជែងនេះទៅ ដឹងតែអត់ខកបំណងទេ! មុននឹងចូលរួមប្រគួត អ្នកត្រូវបង់លុយ ៥៨០០០រៀល (១៤.៥ដុល្លារ) ជាមុនសិន បន្ទាប់មកអ្នកត្រូវញ៉ាំឆ្អឹងជំនី ១គីឡូកន្លះ។ ប្រសិនបើអ្នកអាចញ៉ាំអស់ក្នុងរយៈពេល ១ម៉ោង ខាងហាង Rusty Keyhole គេនឹងចេញលុយអោយអ្នកពាក់កណ្តាល ប៉ុន្តែប្រសិនបើអ្នកអត់អាចញ៉ាំអស់ក្នុងរយៈពេល ១ម៉ោង ទេ គេនឹងថតរូបអ្នកហើយបិតលើជញ្ជាំង Wall of Shame!

បន្ទាប់ពីញ៉ាំហើយ យើងក៏ឆ្លងថ្នល់មកអូតែលសម្រាកបន្តិចសិន ហើយបានចេញទៅក្រៅទៀត។

ខ្ញុំពេញចិត្ត Maak Hotel នេះ។ អូតែលនៅទីតាំងល្អ ហើយបុគ្គលិកនៅទីនោះរួសរាយហើយចេះគួរសមទៀត។ ពេលដែល check-in ហ្នឹង គេសួរពួកយើងមានគម្រោងទៅណាហើយរឺនៅ​ ពួកយើងថានៅទេ ហើយគេក៏អោយផែនទីខេត្តកំពតមកពួកយើងហើយប្រាប់ពីកន្លែងដើរលេងផ្សេងៗនៅទីនោះ។ នៅអូតែលនេះក៏មានកង់អោយជិះហ្វ្រីដែរ។

ចូលដល់ក្នុងបន្ទប់ គេចេះ surprise ទៀត។ បន្ទប់គេងគេស្អាតហើយមានអនាម័យល្អ ហើយនៅក្នុងបន្ទប់ទឹកមានទាំង bath tub និងផ្កាឈូកងូតទឹក។

នៅក្នុងបន្ទប់គេងក៏មានទូរដែកទុកឥវ៉ាន់តូចមួយដែរ​។ តម្លៃបន្ទប់ពួកយើងគឺ ៣២ដុល្លារ/យប់ អាហារពេលព្រឹករួមបញ្ចូលក្នុងតម្លៃបន្ទប់នេះ។

ពួកយើងជិះកង់ដើរលេងបណ្តើរ រកកន្លែងញ៉ាំអីបណ្តើរ ហើយបន្ទាប់ពីជិះ ២-៣ជុំ ក៏សម្រេចចិត្តញ៉ាំនៅ អាទើលីយេ (Atelier)

បន្ទាប់មើលមីនុយរួចរាល់ ពួកយើងក៏សម្រេចចិត្តហៅ Mixed Plater ដែលមានតម្លៃ ៣៤០០០រៀល (៨.៥ដុល្លារ)។ នៅក្នុងមីនុយ គេអត់បានសរសេរបញ្ជាក់ទេថាក្នុង Mixed Plater នេះមានអីគេខ្លះ ហើយចានវាមានបរិមាណប៉ុណ្ណា ខ្ញុំក៏សួរបុគ្គលិកនៅទីនោះ ហើយគេក៏ប្រាប់ថាបរិមាណម្ហូបនេះច្រើន ញ៉ាំបានពីរនាក់។ ដល់ពេលម្ហូបចេញមកខកចិត្តតែម្តង តិចមែនទែន ញ៉ាំម្នាក់ឯងមិនឆ្អែតផង ហើយរសជាតិនោះក៏មិនសូវឆ្ងាញ់ទៀត។

ខ្ញុំអត់ណែនាំអោយអ្នកទាំងអស់គ្នាកម៉្មង់ Mixed Plater នេះនៅហាងអាទើលីយេទេ អ្នកទាំងអស់គ្នាអាចសាករកមើលកន្លែងញ៉ាំអីផ្សេង ហើយចាំមកញ៉ាំការ៉េមម្រេចនៅហាងអាទើលីយេនេះ។ ដំបូងឡើយខ្ញុំអត់ចង់ហ៊ានហៅការ៉េមម្រេចនេះទេព្រោះគិតថារសជាតិវាប្រាកដជាចម្លែកណាស់ហើយ ទំរាំតែដាច់ចិត្តហៅហ្នឹងគិតឡើងយូរ។ ដល់ពេលការ៉េមមកដល់ ដាក់ម៉ាម៉ាត់ហើយញ៉ាមចង់ញ៉ាំទៀត។ ការ៉េមម្រេចនេះមានតម្លៃ ៦០០០រៀល/ស្គូប (១.៥ដុល្លារ)

បន្ទាប់ពីញ៉ាំអាហារពេលល្ងាចនិងជិះកង់ដើរលេងរួចអស់ យើងក៏ត្រឡប់ទៅសម្រាកនៅសណ្ឋាគារវិញ។ ហើយមុនពេលដែលពួកយើងត្រឡប់មកភ្នំពេញវិញនៅថ្ងៃបន្ទាប់ យើងក៏បានចំណាយពេលប្រមាណ ១ម៉ោង ដើរមើលអាគារចាស់ៗនៅម្តុំផ្សារក្រណាត់ក៏ដូចជានៅម្តុំរង្វង់មូលធុរេនផងដែរ។

ទេសភាពអាគារពេលព្រឹកខុសគ្នាដាច់ពីអ្វីដែលខ្ញុំឃើញពីយប់មុនតែម្តង។ ប្រសិនបើអ្នកទាំងអស់គ្នាអត់ទាន់បានទៅបាត់ដំបងមើលសំណង់អាគារចាស់ៗទេនោះ អ្នកអាចចាប់ផ្តើមពីកំពតបាន។ ទោះបីជាអាគារនៅខេត្តនេះមិនសូវសំបូរដូចនៅបាត់ដំបងក៏ដោយ ក៏អ្នកទាំងអស់គ្នាគួរតែទៅមើលវាអោយបានស្គាល់ដែរ។

បន្ទាប់ពីដើរមើលកន្លែងផ្សេងៗនៅជុំវិញនោះ វានៅសល់ពេលប្រហែល ២ម៉ោង ទៀតទើបឡានយើងចេញ។ យើងក៏សម្រេចចិត្តចូលញ៉ាំកាហ្វេនៅ Epic Arts ដើម្បីចាំឡានចេញតែម្តងទៅ។

នៅទីនេះក៏មានមីនុយម្ហូបដែរ ប៉ុន្តែពួកយើងអត់បានញ៉ាំម្ហូបនៅហ្នឹងផង ព្រោះញ៉ាំអីហើយបាត់ហើយ។ ពួកយើងកម៉្មង់នំប្រោនីនិងកាហ្វេញ៉ាំ ហើយរសជាតិអត់ឆ្ងាញ់ផង កាហ្វេសាបជ្រុលហើយនំប្រោនីធំុក្លិន cinnamon ជ្រុល។

កក់សំបុត្រឡានទៅកំពតនៅ ទីនេះ

កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូងនៅលើប្លក់ AvyTravel.com

AvyTravel គឺជាគេហទំព័រអំពីដំណើរកម្សាន្តនិងបទពិសោធន៍ដើរលេងរបស់អេវីផ្ទាល់ទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសជិតខាង។ នៅក្នុងអត្ថបទនីមួយៗ អេវីតែងតែបង្ហាញពីកន្លែងដើរលេងផ្សេងៗ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅកន្លែងនោះ ការវាយតម្លៃកន្លែងគេង (hotel review) បទពិសោធន៍ទាំងល្អនិងអាក្រក់។ «ចង់ប្រាប់ថាអេវីមិនមែនសាវ៉ាទេណា គ្រាន់តែលង់ស្នេហ៍ជាមួយគ្រប់កន្លែងដែលបានទៅលេងតើ!»

Leave a Comment

Your email address will not be published.