

បាត់ដំបងបណ្ដូលចិត្តមែន មានធ្លាប់ទៅអត់? ខេត្តបាត់ដំបងមិនសូវជាឆ្ងាយអីប៉ុន្មានទេតែ ៧ ម៉ោងពីភ្នំពេញហ្នឹង ។ ចំណាយពេលប៉ុនៗហ្នឹងធ្វើដំណើរទៅហើយ ដល់ពេលទៅដល់គួរធ្វើអីខ្លះ ទៅណាខ្លះ គួរចំណាយពេលប៉ុន្មានថ្ងៃសម្រាប់ដើរលេង?
នេះបើតាមបទពិសោធន៍របស់ខ្ញុំគឺចំណាយ ២ យប់ ៣ ថ្ងៃដើរលេងម៉ាល្មមស្គាល់បាត់ដំបង។ កាលនោះ ខ្ញុំទៅដើរលេងជាមួយនឹងគ្នាប្រហែល ៣០នាក់ ដើរលេងជាលក្ខណៈដំណើរកំសាន្តប្រចាំឆ្នាំ (Annual Trip) របស់សាលាផង។
ថ្ងៃទី ១
ពេលដែលខ្ញុំចេញដំណើរទៅខេត្តបាត់ដំបងហ្នឹង មេឃរាងភ្លឺជ្រុលបន្ដិចហើយ ដល់ចឹងទម្រាំទៅដល់ ក៏រាងល្ងាច មេឃអីថ្ងៃចាប់ផ្ដើមចង់លិចតិចៗដែរ។ គ្រាន់តែទៅដល់ក៏ប្រញាប់ទៅ Check-in ដាក់អីវ៉ាន់អី ហើយក៏ចេញដំណើរទៅកាន់ភ្នំសំពៅ ម៉ោងប្រហែល៤ល្ងាច។
១. ចេញទៅលេងភ្នំសំពៅ
ពេលទៅដល់ភ្នំសំពៅ ក៏នាំគ្នារកវិធីឡើងទៅលើភ្នំ ហើយក៏បានអ្នកនៅម្ដុំហ្នឹង គេណែនាំឲ្យឡើងភ្នំតាមឡានហ្មង ទៅបានគ្នាច្រើនហើយសប្បាយ មានអីសប្បាយមែន ចំផ្លូវចោតឡើងទៅលើដូចជិះ Roller Coaster ចឹង ជាពិសេសពេលឡើងទៅកំពូលភ្នំហ្មង។ នៅភ្នំសំពៅ ពួកយើងចំណាយពេលអស់ប្រហែល ១ម៉ោងកន្លះ ព្រោះចូលទៅសឹងតែគ្រប់កន្លែងដែលនៅលើភ្នំ ។
២. មើលល្អាងប្រជៀវ
ពេលចុះពីភ្នំវិញចំពេលប្រជៀវជិតចេញពីរូងល្មម ដល់ចឹងក៏នាំគ្នានៅចាំមើល។ ហើយចំណាយពេលប្រហែល៣០នាទី ញ៉ាំទឹកដូង ទឹកក្រូច មើលប្រជៀវហោះចេញពីរូង។ ពេលមើលរួចហើយ ក៏សម្រេចចិត្តនាំគ្នាទៅឡើងមកក្រុងវិញ។

៣. ញ៉ាំភីហ្សាដុតឡធ្យូង
មកពីមើលប្រជៀវ មេឃចាប់ផ្ដើមងងឹតខ្លាំងដែរ ។ គ្រាន់មកដល់កន្លែងគេង ហើយឃើញមេឃ ងងឹតពោះក៏ចាប់ផ្ដើមទាររកអាហារពេលល្ងាចតែម្ដង ។ អញ្ចឹងក៏សម្រេចចិត្តនាំគ្នាទៅរកហាង La Pizza ដែលបានប៉ងតាំងពីភ្នំពេញ ។ ហាង La Pizza គឺនៅម្ខាងទៀតនៃស្ទឹងសង្កែយើងត្រូវឆ្លងស្ពានទៅភូមិរំចេក ៤ ។ គ្រាន់តែរកឃើញភ្លាមអត់មានចាំយូរអីទេក៏នាំគ្នាមួយវូងចូលទៅញ៉ាំហ្មង ។ ប៉ុន្ដែពេលនឹងទៅដល់ហាងស្ងាត់ឆឹង ព្រោះអីជិតដល់ម៉ោងគេបិទផងដែរ ។
ញ៉ាំហើយក៏ត្រលប់មកកន្លែងគេងវិញ ព្រោះស្អែកមានគម្រោងទៅច្រើនកន្លែងផង ខ្លាចបាក់កម្លាំង ។
ថ្ងៃទី ២
១. ងើបមកញ៉ាំអាហារពេលព្រឹកនៅផ្ទះមីគាវបីល្វែង
នៅបាត់ដំបងទៅដល់គេល្បីបបរផិ ហើយក៏មិនភ្លេចរបស់ញ៉ាំមួយទៀតដែរ ។ គេល្បីគ្រប់ៗគ្នា ពីមីគាវបីល្វែងហ៎្អ!!! ចឹងខ្ញុំក៏មកញ៉ាំអាហារពេលព្រឹកនៅទីនោះ ។

២. ទៅទស្សនាផ្ទះប៉ិត ១០០ឆ្នាំ
ញ៉ាំហើយ ល្មមម៉ាស្រកពោះបន្ដិច ពួកយើងក៏នាំគ្នាចេញដំណើរទៅទស្សនាផ្ទះបុរាណខ្មែរ ដែលមានអាយុកាលជាង ១០០ឆ្នាំ នៅខេត្តបាត់ដំបងនេះផ្ទាល់។ នៅក្នុងខេត្តនេះ មានផ្ទះបុរាណច្រើន ប៉ុន្តែផ្ទះដែលពួកយើងទៅនេះ គឺជាផ្ទះបុរាណរបស់លោកយាយ ប៊ុន រឿង ស្ថិតនៅក្នុងភូមិវត្តគរ ចំងាយប្រហែល៥គម ពីក្រុងបាត់ដំបង។ ពេលទៅដល់ ពួកយើងក៏ទទួលបានការសិក្សាបន្ថែមពីផ្ទះបុរាណនេះ ដោយម្ចាស់ផ្ទះគាត់បានពន្យល់យ៉ាងក្បោះក្បាយពីការថែរក្សាសំណង់អគារនៃផ្ទះនេះផងដែរ។ រយៈពេលទស្សនកិច្ចនៅផ្ទះប៉ិតនេះ ចំណាយពេលប្រហែល ១ម៉ោងអីល្មម។
៣. ចម្ការស្វាយ
ចេញពីផ្ទះបុរាណប្រហែលម៉ោង១០ព្រឹក ចឹងក៏ធ្វើដំណើរទៅលេងចម្ការស្វាយនៅស្រុកសំឡូតចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្ត (អត់សូវ Recommend ទេបើជិះម៉ូតូ ព្រោះវារាងឆ្ងាយគួរសមដែរ ហើយកាលហ្នឹងខ្ញុំទៅលេងជិះឡាន ទើបមិនសូវហត់)។ ទៅចម្ការស្វាយស្រុកសំឡូតហ្នឹង គឺគម្រោងចង់ទៅញ៉ាំបាយថ្ងៃនៅហ្នឹងហ្មង ព្រោះនៅហ្នឹងគេមានទឹកធ្លាក់អាចលេងបាន ។ ញ៉ាំហើយក៏មិនចាំយូរក៏នាំគ្នាលេងទឹក ពេលលេងបានតែកន្លែងរាក់ៗទេ ព្រោះអត់ចេះហែលទឹក ចឹងអត់ហ៊ាន។ ប្រហែលម៉ោង៤ល្ងាចអី ក៏នាំគ្នាចេញមកវិញត្រលប់ទៅទីរួមខេត្តវិញ ។
ពេលចេញទៅវិញ ឡានដែលដឹកពួកយើង ដាច់កាឡេ ធ្វើឲ្យជាប់នៅចម្ការស្វាយ។ កាលនឹងភ័យដែលត៎ាស ព្រោះរឿងក្មេងៗបាត់ខ្លួនក្នុងរូងភ្នំនៅថៃកំពុងក្ដៅៗផង ហើយទូរស័ព្ទម្នាក់ៗចង់អស់ថ្មទៀត ប៉ុន្ដែក៏បានតេហៅគេឲ្យមកជួយហើយប្រហែលជាម៉ោង៦ល្ងាច ឡានគេជួយក៏មកដល់ ជួសជុលតែបន្តិចក៏ឆេះវិញ ហើយពួកយើងក៏ត្រលប់មកទីរួមខេត្តវិញ។
ក្នុងពេលកំពុងចាំជំនួយនឹង ក៏ឃើញចម្ការមួយហើយក៏នាំគ្នាទៅថតរូបលេង អង្គុយនិយាយគ្នារៀបរាប់ពីបទពិសោធន៍ជីវិតរួមគ្នា ព្រោះអីពេលហ្នឹង ថ្មទូរស័ព្ទគឺអស់រលីងតែហ្មង ។
ថ្ងៃទី ៣
១. ដើរមើលសំណង់បេតិកភណ្ឌផ្លូវលេខ ១ ដល់ ផ្លូវលេខ ៣
ព្រឹកថ្ងៃត្រលប់ទៅវិញ បន្ទាប់ពីចុះមក Check-Out រួចរាល់ហើយ ក៏នាំគ្នាទៅរកអីញ៉ាំពេលព្រឹក។ បន្ទាប់មក ក៏នាំគ្នាដើរមើលពីសំណង់អគារបេតិកភណ្ឌពីសម័យបារាំង ដែលមើលទៅប្លែកភ្នែក ព្រោះអគារនៅម្ដុំនោះ មានភាគច្រើន គឺមានមួយជាន់ស្មើៗគ្នា បែបផ្ទះហាង (shophouse) ។

២. ទៅជិះណូរី(ដើម)
មុនពេលត្រលប់ទៅភ្នំពេញវិញ ពួកខ្ញុំក៏ឈៀងចូលទៅកាន់កន្លែងជិះណូរីដើម ដែលស្របផ្លូវយើង ចេញពីក្រុងបាត់ដំបង ទៅភ្នំពេញវិញផង។ ពេលជិះទៅកាត់វាលស្រែ ហើយក៏ទៅដល់កន្លែងឈប់ ដែលមានលក់វត្ថុអនុស្សាវរីយ៍ ហើយនិងផ្លែដូងត្រជាក់ៗទៀតផង។ ចំណាយពេលប្រហែល ៣០នាទី នៅទីនោះ និយាយលេងជាមួយអ៊ុំៗនៅទីនោះហើយ ក៏ពួកខ្ញុំត្រលប់មកវិញហើយធ្វើដំណើរមកភ្នំពេញវិញតែម្ដង៕
អារម្មណ៍ពេលដែលបានទៅដល់បាត់ដំបងហើយចាំមិនភ្លេចហើយក៏ចង់ទៅម្ដងទៀតដែរ ។ សង្ឃឹមថាអ្នកទាំងអស់គ្នាពេលដែលបានទៅដល់ខេត្តបាត់ដំបងហើយជួយចែករំលែកបទពិសោធន៍មកកាន់អ្ហូ! កម្ពុជាផងណាស់ ?។
អត្ថបទដោយ ៖ ថុនាសុភា