fbpx
DJI_0520-1024×537

១១កន្លែង លាក់ខ្លួននៅកោះកុង

For English version, click here.

តើ​ខេត្ត​កោះកុង​នេះ​ ពិត​ជា​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មែន​រឺ​ក៏​យ៉ាង​ណា​? ចំពោះ​ខ្ញុំ​ផ្ទាល់​ ខ្ញុំ​អត់​គិត​ចឹង​ផង។​

ខ្ញុំ​អត់​យល់​ថា​ ហេតុអ្វី​បាន​ជា​ពិបាក​រក​ព័ត៌មាន​ពី​កន្លែង​ដើរ​លេង​នៅ​ខេត្ត​កោះកុង​លើ​អ៊ីនធឺណិត​ម្ល៉េះ​ទេ។ ពេល​ដែល​ខ្ញុំ​ធ្វើ​គម្រោង​ដើរ​លេង​កន្លែង​ផ្សេងៗ​ម្ដងៗ​ គឺ​មិន​ដែល​ចូល​ទៅ​ដល់​ទំព័រ​ទី​២ ទី​៣​ របស់​Google​ទេ​ ប៉ុន្តែ​គ្រាន់​តែ​ធ្វើ​គម្រោង​ដើរ​លេង​ទៅ​ខេត្ត​កោះកុង​នេះ​ម្ដង​ គឺ​ហួស​ដល់​ទំព័រ​ទី​៥​ ហើយ​នៅ​មិន​ទាន់​រក​ព័ត៌មាន​បាន​គ្រប់​ពី​កន្លែង​ដើរ​លេង​នៅ​ទី​នោះ​ទៀត។

អញ្ចឹង​ប្រសិន​បើ​អ្នក​ទាំងអស់​គ្នា​កំពុង​តែ​ធ្វើ​គម្រោង​ទៅ​ដើរ​លេង​នៅ​កោះកុង​ ហើយ​កំពុង​តែ​ជួប​ផល​វិបាក​ក្នុង​ការស្រាវជ្រាវ​រក​កន្លែង​ដើរ​លេង​ផ្សេងៗ​ដូច​ដែល​ខ្ញុំ​បាន​ជួប​ អ្នក​ទាំងអស់​គ្នា​អាច​អាន​អត្ថបទ​នេះ​បន្ត​ទៀត​បាន។​

ខ្ញុំ​និង​មិត្តភ័ក្ដិ​របស់​ខ្ញុំ​បាន​ចំណាយ​ពេល​ ២​យប់​ ៣​ថ្ងៃ​ នៅ​ខេត្ត​កោះកុង​នេះ​ ហើយ​ខ្ញុំ​អត់​ចង់​ត្រឡប់​មក​ភ្នំពេញ​វិញ​សោះ។ ប្រសិន​បើ​អ្នក​ទាំងអស់​គ្នា​អោយ​ខ្ញុំ​រៀបរាប់​ថា​ មាន​មូលហេតុ​អ្វី​ខ្លះ​បាន​នាំ​អោយ​ខ្ញុំ​ស្រឡាញ់​ខេត្ត​កោះកុង​នេះ​ខ្លាំង​ម៉្លេះ​ គឺ​ខ្ញុំ​ប្រាកដ​ជា​រៀបរាប់​មិន​អស់​ទេ​ ព្រោះ​វា​មាន​ចំណុច​ពិសេស​ច្រើន​មែន​ទែន។

នេះ​គឺ​ជា​កន្លែង​ទាំង​ ១១ ដែល​យើង​បាន​ទៅ​ពេល​ដែល​ពួកយើង​ទៅ​លេង​នៅ​ខេត្ត​កោះកុង​៖

១. សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ាក

សហគមន៍​ព្រៃ​កោងកាង​ពាមក្រសោប នេះ​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​ខេមរភូមិន្ទ​ ទីរួមខេត្ត​កោះកុង​នោះ​ទេ គឺ​ប្រមាណ​៧​គីឡូម៉ែត្រ​ប៉ុណ្ណោះ។ ពួកយើង​ស្នាក់​នៅ​អូតែល​មួយ​ដែល​នៅ​ម្តុំ​ស្ពាន​កោះកុង​ ហើយ​ពួកយើង​ចំណាយ​ពេល​ ២០​នាទី​ ពី​អូតែល​ដើម្បី​ទៅ​ដល់​ទីនោះ។​

ពួកយើង​ទៅ​ដល់​ទី​រួម​ខេត្ត​កោះកុង​ម៉ោង​ ១ កន្លះ​ថ្ងៃ ហើយ​បន្ទាប់​ពី​រៀបចំ​ឥវ៉ាន់​ដាក់​ក្នុង​បន្ទប់​ហើយ​ ពួកយើង​ក៏​ចេញ​ដំណើរ​ទៅ​កន្លែង​ទី​ ១ នៅ​ក្នុង​បញ្ជី​កន្លែង​ដើរលេង​របស់​យើង។ កន្លែង​ទី​ ១ របស់​ពួកយើង​នោះ​គឺ សហគមន៍​ព្រៃ​កោងកាង​ពាមក្រសោប រឺ​ហៅ​ម៉្យាងទៀតបានថា​ បាងកាយ៉ាក នេះឯង។

សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ាក (រូបថតដោយ៖ AvyTravel)

សំបុត្រ​ចូលរួម​ទស្សនា​សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​នេះ​គឺ​មាន​តម្លៃ​ ៣០០០រៀល សម្រាប់​ភ្ញៀវ​ខ្មែរ​ និង​ ៥០០០រៀល សម្រាប់​ភ្ញៀវ​បរទេស។

សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ា។ (រូបថតដោយ៖ AvyTravel)

បើ​តាម​យោបល់​ខ្ញុំ ខ្ញុំ​គិតថា​សហគមន៍​ព្រៃ​កោងកាង​ពាមក្រសោប​មិន​ជាធំ​ប៉ុន្មាន​ទេ​ ពួក​យើង​បាន​ចំណាយ​ពេល​ប្រមាណ​ ៤០នាទី នៅ​ទី​នោះ។

សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ា (រូបថតដោយ៖ AvyTravel)

តែ​ប្រសិន​ជា​អ្នក​ទាំងអស់​គ្នា​អត់​សូវ​បាន​ដើរ​ រឺ​ក៏​រត់​ហាត់ប្រាណ កន្លែង​នេះ​អាច​នឹង​ធំ​សម្រាប់​អ្នក តែ​កុំ​ភ័យ ព្រោះ​ថា​នៅ​តាមផ្លូវដើរ​គឺ​មាន​ខ្ចុះ​សម្រាក​រហូត។

សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ា (រូបថតដោយ៖ AvyTravel)

កន្លែង​នេះអត់​ដូចកន្លែង​ដើរលេង​ផ្សេងៗ​ទេ អ្នក​ទាំងអស់​គ្នានឹងឃើញ​ធុងសំរាម​គ្រប់កន្លែង​នៅទីនោះ។ ដោយសារ​តែ​មូលហេតុ​នេះ​ហើយ​ ទើប​សហគមន៍​ព្រៃ​កោងកាង​ពាមក្រសោប​នេះ​ជា​កន្លែង​ដែល​ស្អាត​ជាង​គេ​នៅ​កោះកុង។

ប្រសិន​បើអ្នក​ទាំងអស់​គ្នា​ដើរហត់​ហើយ​ស្រេក​ទឹក​និង​ឃ្លាន​ អ្នកទាំងអស់​គ្នា​ក៏អាច​ឈប់សម្រាក​បន្តិច​ដើម្បី​ញ៉ាំ​អាហារ​រឺភេសជ្ជៈ​តិចតួច​នៅទីនោះ​បាន។​ តាម​ពិតទៅ​ មិនមែន​មាន​តែ​របស់​ញ៉ាំនិង​ភេសជ្ជៈ​មួយ​មុខ​ទេ ​អ្នក​ទាំងអស់​គ្នា​ក៏អាចរក​ទិញ​វត្ថុ​អនុស្សាវរីយ៍​ផ្ញើរមិត្តភក្តិ​រឺមនុស្ស​ជាទីស្រឡាញ់​បាន​ដែរ។

សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ា (រូបថតដោយ៖ AvyTravel)

បន្ទាប់​ពីអ្នកទាំងអស់​គ្នាសម្រាក​បាត់ហត់​ហើយ ​អ្នកអាចធ្វើ​ដំណើរទៅមុខទៀត​​ដើម្បី​ថតរូប​នៅស្ពាន​យោលនេះ​។ គួរកត់សម្គាល់​ផងដែរ​ថា​កន្លែង​ស្ពាន​យោល​នេះ​មាន​មនុស្សចាំ​ថតរូប​ច្រើន​មែនទែន​ អញ្ចឹង​ដើម្បី​អោយ​មាន​ភាពងាយ​ស្រួល អ្នក​ទាំងអស់គ្នា​គួរ​ណា​តម្រង់​ជួរ​ដើម្បីថត។

សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ា (រូបថតដោយ៖ AvyTravel)
សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ា។ (រូបថតដោយ៖ AvyTravel)
សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ា (រូបថតដោយ៖ AvyTravel)

ហើយ​ប្រសិន​បើអ្នកទាំងអស់​គ្នាចង់មើល​ទេសភាព​ដ៏ស្រស់ស្អាត​របស់​សហគមន៍​ព្រៃកោងកាង​ពាម​ក្រសោបពី​ខាងលើនោះ អ្នក​អាច​ឡើង​ទៅ​ប៉មនេះបាន។

សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ា (រូបថតដោយ៖ AvyTravel)
សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ា (រូបថតដោយ៖ AvyTravel)

នៅពេលដែល​អ្នកទៅដល់​ផ្លូវទាល់ហើយនោះ អ្នក​នឹងឃើញផែ​ទូកដ៏​តូចមួយនៅ​ជិតប៉ម​មើល​ទេសភាព។ ទូក​ទាំងនេះ​នឹងនាំអ្នក​ទៅ​ខាង​ដើម​សហគមន៍​វិញក្នុង​តម្លៃ​ ២០០០០រៀល/ទូក ​រឺ​ក៏​ទៅ​កន្លែង​កម្សាន្ត​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា ខ្សាច់​ស ក្នុង​តម្លៃ ៧០០០០រៀល/ទូក

សហគមន៍​ព្រៃ​កោងកាង​ពាម​ក្រសោប​ រឺ បាង​កាយ៉ា។ (រូបថតដោយ៖ AvyTravel)

អ្វី​ដែល​គួរដឹង៖ បាញ់​ស្ព្រៃយ៍​ដេញ​មូស​លើ​ខ្លួន​ផង​ ព្រោះនៅ​សហគមន៍​ព្រៃកោងកាង​នេះ​មាន​មូសច្រើន។

២. ចេតិយ​ឃុនឆាង

ចេតិយ​ឃុន​ឆាង​នេះ គឺ​ជា​កោះ​ដ៏​តូច​មួយ​ ដែល​អ្នក​តែងតែ​ឃើញ​គ្រប់​ពេល​ដែល​ធ្វើ​ដំណើរ​លើ​ស្ពាន​កោះកុង។

ចេតិយ​ឃុន​ឆាង (រូបថតដោយ៖ AvyTravel)

កន្លែង​នេះ​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពីសំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ប៉ុន្មាន​ទេ​ ដោយសារ​តែ​វា​នៅ​នឹង​ភ្នែក​ពេក។

ចេតិយ​ឃុន​ឆាង (រូបថតដោយ៖ AvyTravel)

តាម​ពិត​ទៅ​ខ្ញុំ​ដូចជា​ធ្លាប់​រៀន​ពី​ប្រវត្តិសាស្ត្រ​ពី​កន្លែង​នេះ​ដែរ ប៉ុន្តែ​ដូចជា​អត់​មាន​ចាំ​អី​បន្តិច​សោះ អត់​ទាំង​ដឹង​ថា ​មាន​ចេតិយ​ឃុនឆាង​នេះ​នៅ​ខេត្ត​កោះកុង​ទៀត។ ប្រហែល​ជា​ខ្ញុំ​អត់​បាន​យកចិត្តទុកដាក់ខ្លាំង​ហើយ​មើលទៅ​បានជាបែបនេះ។

ខ្ញុំ​សប្បាយ​ចិត្តជា​ខ្លាំង​ ពេល​ដែល​រក​ឃើញ​កន្លែង​នេះ​ម្ដង​ទៀត​ ដូច​បាន​ជួប​អាយដល​ក្នុង​ចិត្ត​អញ្ជឹង​ ហើយ​បន់អោយតែដល់ថ្ងៃដើរលេងឆាប់ៗអាងនឹងបានថតរូបស្អាតៗនៅកន្លែងនោះ។

ចេតិយ​ឃុន​ឆាង (រូបថតដោយ៖ AvyTravel)

ពួកយើងទៅដល់ចេតិយឃុនឆាងនៅម៉ោង ៥ ល្ងាច ហើយទេសភាពជុំវិញកន្លែងចេតិយនេះស្អាតមែនទែន។​ មើលទៅខាងស្ពានកោះកុងក៏ស្អាត មើលទៅខាងទឹកនិងកោះផ្សេងៗទៀតក៏ស្អាត។

ចេតិយ​ឃុន​ឆាង (រូបថតដោយ៖ AvyTravel)

អ្វីដែលគួរដឹង៖ ពេល​ដ៏​ល្អ​បំផុត​ទៅ​លេង ចេតិយ​ឃុនឆាង គឺ​ពេលថ្ងៃលិច។

៣. ញ៉ាំអាហារតាមផ្លូវនៅម្តុំដំណាក់ស្តេច

ខ្ញុំនៅតែអត់ចង់ជឿថានៅកោះកុងមានម្ហូបតាមផ្លូវច្រើនបែបនេះ។

ញ៉ាំអាហារតាមផ្លូវនៅម្តុំដំណាក់ស្តេច (រូបថតដោយ៖ AvyTravel)

បើអ្នកទាំងអស់គ្នាគិតថានៅភ្នំពេញមានម្ហូបតាមផ្លូវច្រើន អ្នកគួរតែទៅសាកនៅកោះកុងម្តង។ ធានាថាចូលចិត្ត!

ញ៉ាំអាហារតាមផ្លូវនៅម្តុំដំណាក់ស្តេច (រូបថតដោយ៖ AvyTravel)
ញ៉ាំអាហារតាមផ្លូវនៅម្តុំដំណាក់ស្តេច (រូបថតដោយ៖ AvyTravel)
ញ៉ាំអាហារតាមផ្លូវនៅម្តុំដំណាក់ស្តេច (រូបថតដោយ៖ AvyTravel)

ពួកយើងញ៉ាំលតឆាមួយចានអស់តែ ២៥០០រៀល បុកល្ហុងបង្កងប៉ាកមួយចាន ៦០០០រៀល និងគុយទាវទូកមួយចាន ៧០០០រៀល។ ឆ្ងាញ់ក៏ឆ្ងាញ់ ថោកក៏ថោក និយាយទៅគឺថាដូចឋានសួគ៍សម្រាប់អ្នកចូលចិត្តញ៉ាំតែម្តង។

ញ៉ាំអាហារតាមផ្លូវនៅម្តុំដំណាក់ស្តេច (រូបថតដោយ៖ AvyTravel)

អ្វីដែលខ្ញុំភ្ញាក់ផ្អើលជាងគេនោះគឺថា នៅខេត្តកោះកុងនេះ រកលតឆាសាច់គោរឺប៉ាតេអីអត់មានទេ អ្នកស្រុកនេះញ៉ាំចម្លែកជាងគេបន្តិច។ គេញ៉ាំលតឆាជាមួយនំគូឆាយ ហើយអ្វីដែលរឹតតែពិសេសនោះគឺថានំគូឆាយគេមិនមែនរាងសំប៉ែតបួនជ្រុងដូចនំគូឆាយនៅភ្នំពេញទេ នំគូឆាយគេមូលៗ តូចៗ ស្រួយៗ ដូចនំគ្រក់ចឹង។

ញ៉ាំអាហារតាមផ្លូវនៅម្តុំដំណាក់ស្តេច (រូបថតដោយ៖ AvyTravel)

៤. សម្រាកលំហែកាយនៅសួនម្តុំស្ពានកោះកុង

ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តដើរហាត់ប្រាណរឺដើរលំហែដូចខ្ញុំ​នៅតាមសួន អ្នកអាចទៅលំហែនៅទីនេះបាន។

សម្រាកលំហែកាយនៅសួនម្តុំស្ពានកោះកុង (រូបថតដោយ៖ AvyTravel)

សួននៅកោះកុងធំជាងនិងស្អាតជាងសួននៅភ្នំពេញទៀត ហើយអ្នកនឹងឃើញមនុស្សជាច្រើនអង្គុយលេង រឺអង្គុយញ៉ាំអាហារពិចនិកនៅទីនោះ។

សម្រាកលំហែកាយនៅសួនម្តុំស្ពានកោះកុង (រូបថតដោយ៖ AvyTravel)

អ្វីដែលគួរអោយកត់សម្គាល់ជាងនេះទៀតគឺថាសញ្ញាសម្គាល់ខេត្តកោះកុងគឺនៅម្តុំនេះទាំងអស់។

សម្រាកលំហែកាយនៅសួនម្តុំស្ពានកោះកុង (រូបថតដោយ៖ AvyTravel)
សម្រាកលំហែកាយនៅសួនម្តុំស្ពានកោះកុង (រូបថតដោយ៖ AvyTravel)

៥. ជិះទៅមើលកាស៊ីណូនៅព្រំដែន

ដំបូងឡើយពួកយើងគិតថាខ្ជិលទៅណាស់ព្រោះវាមិនជិតប៉ុន្មានទេ ប៉ុន្តែបើគិតៗទៅ នៅអូតែលអត់មានអីធ្វើដដែល ដូច្នោះហើយក៏សម្រេចចិត្តជិះទៅមើល។

ពួកយើងអត់បានផ្តិតយករូបថតនៅកន្លែងនោះទេ ប៉ុន្តែកាស៊ីណូគេមួយៗដេគ័រស្អាតណាស់ ដូចនៅទីក្រុងរ៉ូមអញ្ជឹង។ ហើយពេលជិះទៅដល់ម្តុំនោះ មានអារម្មណ៍ថាដូចនៅស្រុកក្រៅ។

ខ្ញុំសូមផ្តាំមួយណា ជិះមើលទេសភាពដឹងមើលទេសភាព តិចឡូជ្រួលជ្រើមចង់ចូលលេងអី អាហ្នឹងប្រយ័ត្នសល់តែគូទខោមកផ្ទះវិញណា។ ហាហាហា

សម្រាកលំហែកាយនៅសួនម្តុំស្ពានកោះកុង (រូបថតដោយ៖ AvyTravel)

៦. ជិះជុំវិញកោះកុងសាហ្វារីវើល

ពួកយើងក៏មិនបានថតរូបនៅកន្លែងនេះដូចគ្នា។ ដោយសារតែកោះកុងសាហ្វារីវើលនៅតាមផ្លូវមកពីកាស៊ីណូដែរ អញ្ជឹងហើយយើងក៏ឆ្លៀតចូលមើលបន្តិច។

ក្នុងនោះគេវាយកំទេចចោលអស់ហើយ អត់មានអីមើលទេ នៅសល់តែក្លោងទ្វារខាងមុខប៉ុណ្ណោះ។ ប៉ុន្តែមានកន្លែងញ៉ាំអីច្រើន ហើយលឺគេល្បីថា មី ៣ រសជាតិនៅទីនោះឆ្ងាញ់។

៧. មើលថ្ងៃរះនៅស្ពានកោះកុង

តាមពិតទៅពួកយើងអត់មានគម្រោងថាងើបមើលថ្ងៃរះទេ ព្រោះអស់ខ្យល់ពីម្សិលហើយ។ តែដូចមាននិស្ស័យជាមួយព្រះអាទិត្យយ៉ាងម៉េចក៏មិនដឹង ងើបមកដើម្បីជិះទៅផែឆ្លងទៅកោះសោះ ក៏ឃើញថ្ងៃរះល្មម។

មើលថ្ងៃរះនៅស្ពានកោះកុង (រូបថតដោយ៖ AvyTravel)

ថ្ងៃរះមើលពីស្ពានកោះកុងទៅក៏ស្អាត ហើយទេសភាពរបស់ស្ពានកោះកុងនេះក៏រឹតតែស្អាតទៀត ដូច្នេះហើយប្រសិនបើអ្នកទាំងអស់គ្នាទៅលេងកោះកុងអី គួរណាតែងើបពីព្រឹកមើលថ្ងៃរះបន្តិចទៅ អត់ខកបំណងទេ។

មើលថ្ងៃរះនៅស្ពានកោះកុង (រូបថតដោយ៖ AvyTravel)
មើលថ្ងៃរះនៅស្ពានកោះកុង (រូបថតដោយ៖ AvyTravel)

៨. កោះ«កោះកុងក្រៅ»

ដូចដែលខ្ញុំបាននិយាយតាំងពីដើមអត្ថបទចឹងថាអត់សូវមានអត្ថបទនិយាយពីកន្លែងដើរលេងនៅកោះកុងនៅលើអ៊ីនធើនែតច្រើននោះទេ ហើយខ្ញុំមានអារម្មណ៍ថាគម្រោងដើរលេងរបស់ខ្ញុំដូចជាមិនសូវគួរអោយចាប់អារម្មណ៍សោះ។

អញ្ជឹងហើយខ្ញុំក៏ដើរសួរគេសួរឯងពេញហ្នឹងថាពេលគេទៅលេងកោះកុង គេទៅណាខ្លះ។ មានមិត្តភក្តិម្នាក់គេផ្តល់យោបល់អោយទៅលេង កោះកុងក្រៅ។

កោះកុងក្រៅ (រូបថតដោយ៖ AvyTravel)

ខ្ញុំជឿថាអត់សូវមាននរណាស្គាល់ពីកោះកុងក្រៅនោះទេ ដោយសារតែវានៅឆ្ងាយពីទីរួមខេត្តមែនទែនហើយបើទៅខ្លួនឯងក៏ទៅមិនកើតដែរ ទាល់តែទៅជាមួយធួរ។

ពួកយើងបានកក់ធួរទៅ កោះ “កោះកុងក្រៅ” តាមរយៈ រិទ្ធីកោះកុងអេកូអ៊ែតវែនឈ័រ ទេសចរណ៍ ហើយតម្លៃរបស់វាគឺ ២៥ ដុល្លារ/ម្នាក់ ដែលរួមបញ្ចូលទាំងទូកទៅវិញទៅមក អាហារថ្ងៃត្រង់ ទឹក និងមើលផ្កាថ្ម។ ធួរនេះចាប់ផ្តើមពីម៉ោង ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច។

ក្រុមហ៊ុនធួរដែលផ្តល់សេវានាំទៅលេង កោះកុងក្រៅ (រូបថតដោយ៖ AvyTravel)
កោះកុងក្រៅ (រូបថតដោយ៖ AvyTravel)

ដំបូងឡើយពួកយើងគិតថាតម្លៃ ២៥ ដុល្លារដូចជាថ្លៃជ្រុល ប៉ុន្តែយើងនៅតែសម្រេចចិត្តថាទៅព្រោះពួកយើងអត់ចង់ត្រឡប់មកផ្ទះវិញហើយដេកស្តាយក្រោយដែលមិនបានទៅពេលដែលមានឳកាសនៅកោះកុងហើយនោះ។ ពួកយើងជិះ ២ម៉ោងកន្លះ ទើបដល់គោលដៅ។

ពេលជិះទៅកាន់ «កោះកុងក្រៅ»​ (រូបថតដោយ៖ AvyTravel)
សំណាងមែនទែនដែលបានឃើញត្រីដុលហ្វីនពណ៌ស ២-៣ លោត ពេលជិះតាមផ្លូវ។ ស្តាយដែរដែលទាញកាមេរ៉ាថតអត់ទាន់។ (រូបថតដោយ៖ AvyTravel)
ពេលជិះជិតដល់កោះ ទឹកប្រែពណ៌ពីខៀវទៅបៃតងតែម្តង ហើយថ្លាមើលឃើញដល់បាត។ (រូបថតដោយ៖ AvyTravel)
ទឹកថ្លាពេក ទប់អារម្មណ៍អត់បាន គ្រាន់តែដល់ភ្លាមគឺហក់ចូលទឹកភ្លាមតែម្តង។ (រូបថតដោយ៖ AvyTravel)

ប្រសិនបើអ្នកធ្លាប់ទៅកោះរ៉ុង ហើយគិតថាកោះរ៉ុងស្អាត សាក កោះ ”កោះក្រុងក្រៅ” ម្តងមើល! ដោយសារតែនៅកោះកុងក្រៅនៅឆ្ងាយ ហើយមិនសូវមានមនុស្សទៅដល់ អញ្ជឹងហើយទឹកសមុទ្រនៅសភាពដើម ថ្លាស្អាត ហើយពេលមើលផ្កាថ្មនោះវិញគឺថាឃើញត្រីនិងសត្វសមុទ្រជាច្រើន។ ខ្ញុំធានាថាអ្នកទាំងអស់គ្នានឹងពេញចិត្ត។

បន្ទាប់ពីយើងមើលផ្កាថ្មអស់ចិត្ត គឺវាដល់ពេលញ៉ាំបាយល្មម។

ខ្ញុំអត់រំពឹងថាពូៗគាត់រៀបចំម្ហូបអោយញ៉ាំច្រើនអញ្ជឹងសោះ។ ហើយញ៉ាំមិនទាន់អស់ពីមាត់ផងនឹង គាត់ដួសនេះដួសនោះដាក់អោយពេញក្នុងចានទៀត កុំភ័យរឿងអត់អីញ៉ាំ ភ័យតែអត់ពោះដាក់ទៅបានហើយ។ ហាហាហា

ពេលញ៉ាំបាយហើយ ពួកយើងនៅសល់ពេលប្រហែល ៤០ នាទីទៀតមុនចេញទៅវិញ។ ខ្ញុំក៏បានដើរជុំវិញឆ្នេរហើយរើសសំបកខ្យង។

ពួកយើងចំណាយពេល ២ម៉ោងកន្លះទៀតនៅលើទូក ប៉ុន្តែធួរនេះអត់ទាន់ចប់ទេ។ គេនាំពួកយើងជិះជុំវិញសហគមន៍ព្រៃកោងកាងពាមក្រសោបមើលទេសភាពទៀត ទើបត្រឡប់ទៅផែវិញ។

អ្វីដែលគួរដឹង ៖ បាញ់រឺលាបស្ព្រៃយ៍សត្វល្អិតមុនពេលចុះលេងទឹក និងកុំភ្លេចឡេការពារកម្តៅថ្ងៃ​ ប្រយ័ត្នមកវិញខ្មៅហើយរបកស្បែកដូចខ្ញុំ។

៩. កោះស្តេច

ថ្មីៗនេះគេល្បីទៅលេងកោះស្តេចច្រើនមែនទែន ដំបូងឡើយខ្ញុំគិតថាអត់ចង់ទៅទេព្រោះឃើញអ្នកណាក៏ទៅកោះស្តេចៗ។ ប៉ុន្តែពេលគិតចុះឡើងៗ ខ្ញុំក៏សម្រេចចិត្តថាទៅ ព្រោះចង់ដឹងថាហេតុអីបានជាគេលើកទ័ពទៅកោះនេះគ្រប់គ្នា។

ពួកយើងចំណាយពេល ៤៥នាទី ពី​រង្វង់​មូល សាយ ភូថង ទៅ​កោះស្តេច។

ខ្ញុំចង់ផ្តាំថាកុំគេងអោយសោះពេលជិះពីរង្វង់មូលទៅកោះស្តេចហ្នឹង ព្រោះថាទេសភាពស្អាតខ្លាំងមែនទែន។

កោះស្តេចមើលឃើញនឹងភ្នែកតែម្តង ជិះផែឆ្លងទៅតែ ៥នាទី ប៉ុណ្ណោះ ហើយតម្លៃវិញគឺ ៥០០០រៀល/ម្នាក់។ ហើយកុំភ័យថាពិបាករកទូក ព្រោះថានៅផែមានទូកចាំនៅហ្នឹងរហូត។

កោះស្តេចអត់ដូចកោះផ្សេងៗទៀតនោះទេ កោះស្តេចនេះ គឺដូចជាកោះនេសាទមួយហើយមានមនុស្សនៅច្រើន។

ចំណុចពិសេសមួយដែលខ្ញុំចូលចិត្តអំពីកោះនេះ គឺស្លាកសញ្ញារបស់គេ។ ស្លាកសញ្ញាគេគឺដូចស្លាកសញ្ញាពីជំនាន់មុនអញ្ជឹង។

ប្រសិនបើអ្នកចង់ចំណាយពេល ២​-៣ ថ្ងៃនៅលើកោះក៏បាន ព្រោះលើនេះមានផ្ទះសំណាក់និងតង់សម្រាប់ស្នាក់នៅ។ ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែកក់ជាមុន។

ពួកយើងបានដើរជុំវិញកោះ ញ៉ាំបាយនៅលើកោះស្តេចនេះ ហើយសម្រាកបន្តិចមុននឹងទៅកោះផ្សេងៗទៀត។​

ចំពោះខ្ញុំផ្ទាល់ ខ្ញុំគិតថាកោះស្តេចដូចជាអត់មានអីគួរអោយចាប់អារម្មណ៍ខ្លាំងនោះទេក្រៅពីផ្កាថ្មដែលនៅលើគោកនេះ។

ខ្ញុំគិតថាប្រហែលជាអ្នកដទៃគេចូលចិត្តកោះនេះដោយសារតែផ្ទះនៅលើនោះចម្រុះពណ៌ស្អាត រឺក៏កោះនេះផ្តល់អារម្មណ៍មួយបែបថាអ្នកមិនមែនជាភ្ញៀវទេសចរណ៍ តែដូចជាគ្រួសារនៅលើកោះនេះ រឺក៏ម៉្យាងទៀតអាចថាទេសភាពមើលពីកោះស្តេចទៅកោះផ្សេងៗមានភាពស្ងប់ស្ងាត់ល្អ។

១០. កោះខ្មោច

ប្រសិនបើអ្នកចង់ទៅកោះខ្មោច អ្នកត្រូវចំណាយពេល ១០ នាទីទៀតនៅលើទូក។ តម្លៃទូកទៅវិញទៅមកគឺ ៥ ដុល្លារម្នាក់។

កោះខ្មោចនេះគ្មានមនុស្សរស់នៅទេ ហើយភាគច្រើនគេទៅលេងទីនេះតែពេលព្រឹកនិងពេលថ្ងៃប៉ុណ្ណោះ។ ភាគច្រើនគេឆ្លងទៅកោះនេះដើម្បីមើលផ្កាថ្មនិងខ្ចប់អាហារយកទៅញ៉ាំ។

ខ្ញុំដើរទៅមួយចំហៀងទៀតរបស់កោះខ្មោចនេះ ហើយខ្ញុំក៏ឃើញរូបសំណាក់មួយដែលគេដាក់ឈ្មោះថា នាងបិសាចក្រមុំ។ និយាយអោយត្រង់ទៅគឺស្រៀវឆ្អឹងខ្នងតិចតួចដែរ។

១១. កោះស្មាច់

មិត្តប្រុសរបស់ខ្ញុំបានផ្ញើរូបរម្មណីយដ្ឋានមួយអោយខ្ញុំមើលមុនពេលដែលខ្ញុំទៅកោះកុងតែពួកយើងមិនដឹងថាកោះនោះមានឈ្មោះអ្វីទេ។ ពេលដែលទៅដល់កោះស្តេច ពួកយើងក៏សួរពូបើកទូក ហើយគាត់ថារូបនេះនៅកោះស្មាច់។

រូបនេះថតនៅពាក់កណ្តាលផ្លូវទៅកោះស្មាច់។

ដើម្បីទៅដល់កោះស្មាច់ អ្នកត្រូវជិះទូក ២០នាទី ទៀតពីកោះខ្មោច ដូច្នោះហើយយើងក៏ត្រូវបង់លុយទូកថែម ១០ដុល្លារ ទៀត។

កោះស្មាច់នេះធំមែនទែន ហើយមានគ្រួសារ ២-៣គ្រួសាររស់នៅលើនោះ។

នៅលើនេះផងដែរក៏មានខ្ចុះអង្គុយលេងសម្រាប់អ្នកដែលមកលេងនិងខ្ចប់អាហារមកញ៉ាំផងដែរ។ កោះស្មាច់នេះស្អាតខ្លាំង ប៉ុន្តែអ្វីដែលខ្ញុំស្អប់នោះគឺអ្នកដែលមកញ៉ាំអីលើនោះហើយមិនយកសំរាមទៅវិញ។ បើនាំគ្នាចោលសំរាមរហូតដូច្នេះ តិចទៀតទៅកោះស្មាច់ទៅជាកោះសំរាមវិញហើយ។ អញ្ជឹងបើអ្នកទាំងអស់គ្នាខ្ចប់អាហារទៅញ៉ាំនៅលើកោះនេះ មេត្តាខ្ចប់សំរាមត្រឡប់មកវិញផង។

ខ្ញុំមានអារម្មណ៍ថាកោះស្មាច់នេះចែកចេញជា ២ យ៉ាងម៉េចក៏មិនដឹង។ មួយចំហៀងមានគ្រួសាររស់នៅ និងមួយចំហៀងទៀតគឺ បឹងហ្គាឡូឯកជន។

ខ្ញុំលឺថាបឹងហ្គាឡូនេះជាកម្មសិទ្ធិរបស់ឯកឧត្តមម្នាក់នៅប្រទេសយើង ដូច្នេះហើយកន្លែងនេះមិនបើកជួលអោយភ្ញៀវទេសចរណ៍ស្នាក់នៅនោះទេ វាគឺជាផ្ទះលំហែរបស់គេ។

មុននឹងបន្តិចខ្ញុំបាននិយាយថាកោះកោះកុងក្រៅស្អាតមែនអត់? កោះស្មាច់នេះគឺស្អាតជាងកោះកោះកុងក្រៅនេះទៅទៀត។

យ៉ាងម៉េចហើយ? កោះកុងមានកន្លែងដើរលេងច្រើនណាស់ ចង់ប្តូរគំរោងដើរលេងពីកន្លែងផ្សេងមកកោះកុងវិញអត់?

កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយដំបូងនៅលើប្លក់ avytravel.com