fbpx
Photo 12-31-17, 7 37 11 AM (1)

មូលហេតុដែលអ្នកគួរបញ្ចូលខេត្តបាត់ដំបងក្នុងបញ្ជីដើរលេងរបស់អ្នក

​For English version, click here.

ខ្ញុំធ្លាប់សន្យាជាមួយនឹងខ្លួនឯងថាខ្ញុំនឹងទៅលេងខេត្តបាត់ដំបងម្តងទៀត បន្ទាប់ពីខ្ញុំត្រឡប់មកពីចូលរួមពិធីមង្គលការរបស់មិត្តភក្តិខ្ញុំម្នាក់នៅទីនោះ។ ខ្ញុំក៏ចាំបានដែរថាខ្ញុំភ្ញាក់ផ្អើលនឹងទស្សនីយភាពរបស់ខេត្តមួយនេះជាខ្លាំងពេលដែលបានទៅលេងនៅទីនោះជាលើកទីមួយ។ មិនថាយ៉ាងម៉េចយ៉ាងម៉ាទេ ខ្ញុំដឹងតែថាត្រូវទៅលេងខេត្តនេះម្តងទៀតអោយបាន។

បន្ទាប់ពីរយៈពេលប្រមាណមួយឆ្នាំកន្លងផុតទៅ ខ្ញុំក៏ឃើញគេរៀបចំកម្មវិធីមួយនៅខេត្តបាត់ដំបងនេះដែលមានឈ្មោះថា S’Art Urban Art Festival មិនបង្អង់យូរ ខ្ញុំក៏សម្រេចចិត្តវេចកាតាបរត់ទៅភ្លាមតែម្តង។

ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំបានចំណាយពេល ២ថ្ងៃ នៅខេត្តបាត់ដំបងនេះ។ គោលបំណងសំខាន់របស់ដំណើរកម្សាន្តយើងលើកនេះគឺដើម្បីចូលរួមក្នុងកម្មវិធី S’Art Urban Art Festival នេះឯង តែបើទោះបីជាអ្នកទាំងអស់គ្នាមិនអាចមើលឃើញទស្សនីយភាពផ្សេងៗដែលរៀបចំក្នុងកម្មវិធីនេះនៅពេលដែលអ្នកទៅលេងខេត្តបាត់ដំបងក៏ដោយ ក៏ខ្ញុំនៅតែចែករំលែកពីបទពិសោធន៍របស់​ខ្ញុំទាំងមូលនៅក្នុងអត្ថបទនេះដែរ។

អ្វីដែលអ្នកទាំងអស់គ្នានឹងអាននៅប៉ុន្មាននាទីខាងមុខនេះអាចជាមូលហេតុដែលនាំអោយអ្នកទាំងអស់គ្នាបញ្ចូលខេត្តបាត់ដំបងក្នុងបញ្ជីដើរលេងរបស់អ្នកបាន។ ប៉ុន្តែមុននឹងអ្នកទាំងអស់គ្នាអានបន្ត ខ្ញុំចង់បញ្ជាក់ថា ​៖

១. អ្នកនឹងមិនឃើញពីកម្មវិធីពិសេសៗមួយចំនួនដែលនឹងរៀបរាប់ក្នុងអត្ថបទនេះទេ ដោយសារតែកម្មវិធីទាំងអស់នោះត្រូវបានគេរៀបចំឡើងសម្រាប់កម្មវិធី S’Art Urban Art Festival តែមួយពេលប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកចង់ចូលរួមក្នុងកម្មវិធីនេះដែរ ខ្ញុំឮថាគេនឹងរៀបចំវាឡើងជាថ្មីម្តងទៀតនៅឆ្នាំក្រោយៗ អញ្ចឹងតាមដានហ្វេសប៊ុកមើលហើយសេវថ្ងៃទុកអោយហើយទៅ។

២. អត្ថបទនេះមិនមែនសរសេរឡើងសម្រាប់ដែលអ្នកមិនធ្លាប់ទៅខេត្តបាត់ដំបងសោះនោះទេ។ តែប្រសិនបើអ្នកមិនធ្លាប់ទៅទាល់តែសោះ អ្នកគួរតែបន្ថែមកន្លែងទាំងអស់នេះចូលទៅក្នុងគម្រោងដើរលេងរបស់អ្នក ៖

– ភ្នំសំពៅ
– ល្អាងប្រចៀវ
– ភ្នំបាណន់
– ជិះណូរី
– មើលការសម្តែងសៀករហ័ស្សកម្មនៅ ហ្វាពន្លឺសិល្បៈ
– ញ៉ាំមីកូឡាម្ចាស់ដើម

ថ្ងៃទី ១

ពួកយើងចំណាយពេលជិះឡាន ៥ម៉ោង ពីភ្នំពេញ-បាត់ដំបង។ យើងរំពឹងថាទៅដល់នោះម៉ោងប្រហែល ២ៈ០០ថ្ងៃ តែទៅដល់នោះលឿនជាងការរំពឹងទុកដល់ទៅ២ម៉ោង ដូច្នោះហើយយើងក៏សម្រាកសិនមុននៅអូតែលសិនមុននឹងចេញទៅដើរលេង។ ដើម្បីឆែកនិងទិញសំបុត្រឡាន អ្នកអាចចុច ទីនេះ បាន។

បន្ទាប់ពីសម្រាកយកកម្លាំងរួច យើងក៏ដើររកកន្លែងជួលម៉ូតូ។

ជួលម៉ូតូពីហាង The Gecko

ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៏ងាយស្រួលនិងថោកបំផុតនៅបាត់ដំបង ប៉ុន្តែបើអ្នកអត់ចេះជិះម៉ូតូទេ អ្នកក៏អាចជិះតុកតុកបានដែរ។

ពួកយើងជួលម៉ូតូ ២គ្រឿង ពីហាង The Gecko។ ម៉ូតូអូតូមានតម្លៃ ២៨០០០រៀល/ថ្ងៃ (៧ដុល្លារ) ចំណែកឯម៉ូតូដាក់លេខវិញតែ ២៤០០០រៀល/ថ្ងៃ (៦ដុល្លារ) ប៉ុណ្នោះ។ អ្នកទាំងអស់គ្នាត្រូវយកម៉ូតូមកសងគេវិញក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីយើងជួល ហើយត្រូវទុកសាំងអោយគេវិញប៉ុនបរិមាណសាំងពេលដែលយើងជួលដំបូង ហើយកុំភ្លេចសួររកមួកការពារផង។

ដើម្បីជួលម៉ូតូបាន អ្នកត្រូវ ៖
១. ទុកអត្តសញ្ញាណប័ណ្ណ រឺ លិខិតឆ្លងដែន នៅហាងជួលម៉ូតូនោះរហូតដល់ពេលដែលអ្នកយកម៉ូតូសងគេវិញ។
២. អានលក្ខខណ្ឌអោយបានច្បាស់លាស់ រួចចុះហត្ថលេខាបែបបទជួលម៉ូតូ។

ក្រៅពីជួលម៉ូតូ នៅហាងនេះក៏មានលក់វត្ថុអនុស្សាវរីយ៍និងរបស់របរតិចតួចដែរ។

ទីតាំង៖ ផ្លូវលេខ ១ ក្រុងបាត់ដំបង
ម៉ោងធ្វើការ៖ ៨ៈ០០ព្រឹក – ១០ៈ០០យប់

ផឹកកាហ្វេនៅហាង Forest Coffee and Bakery

ពួកយើងបានជួបមិត្តភក្តិម្នាក់ដោយចៃដន្យពេលយើងជិះឡានពីភ្នំពេញទៅបាត់ដំបង ហើយគេបានណែនាំយើងអោយទៅញ៉ាំកាហ្វេនៅហាង Forest Coffee and Bakery។ ដោយសារតែមេឃវានៅក្តៅនៅឡើយបន្ទាប់ពីយើងជួលម៉ូតូ ពួកយើងក៏សម្រេចចិត្តថាទៅសាកកាហ្វេនៅហាងនេះតែម្តង។

ដូចដែលឈ្មោះគេដាក់អញ្ចឹង ហាងនេះគេតុបតែងលក្ខណៈជាព្រៃតែម្តង ពួកយើងរកមើលឈ្មោះហាងសឹងតែមិនឃើញ។

សំខាន់គាត់ប្រាប់យើងថាតែរក Pizza Company ឃើញ​ រកហាងកាហ្វេនោះឃើញហើយ ព្រោះវាទល់មុខគ្នា។ មានអី គាត់ប្រាប់ត្រូវតើ ហាងពីរនេះនៅទល់មុខគ្នាមែន គ្រាន់តែមានស្ទឹងសង្កែនៅកណ្តាលប៉ុណ្ណាប៉ុណ្ណីតើ ទាល់តែជិះ U-turn បានកើត។

កុំរំពឹងថានៅទីនេះមានម្ហូបញ៉ាំណា មានតែភេសជ្ជៈ នំក្រ័រសង់ និងមីកំប៉ុង តែប៉ុណ្ណោះ។ ខ្ញុំកម៉្មង់តែបៃតងទឹកដោះគោ ហើយតម្លៃរបស់វាគឺ ៨៦០០រៀល (២.១៥ដុល្លារ)

បើនិយាយពីរសជាតិវិញ ខ្ញុំគិតថាវាមិនឆ្ងាញ់ណាស់ណាទេតែក៏មិនមែនអត់ឆ្ងាញ់សោះដែរ ប៉ុន្តែបើអ្នកទាំងអស់គ្នារកកន្លែងដើម្បីគេចពីអាកាសធាតុក្តៅ អាចទៅហាងកាហ្វេនេះបាន។ ហាងគេធំទូលាយ កន្លែងអង្គុយស្រួល ហើយការតុបតែងលក្ខណៈជាព្រៃនោះក៏មើលទៅឃើញស្អាតម៉្យាង។

នេះគឺការតុបតែងខ្លះៗនៅក្នុងហាង។

ទីតាំង៖ ផ្ទះលេខ ៣៣​ ផ្លូវ ១៥៩D បាត់ដំបង
ម៉ោងធ្វើការ៖ ៦ៈ០០ព្រឹក – ៨ៈ០០យប់

ថតរូបមុខសាលាខេត្ត

បន្ទាប់ពីចេញពីហាងកាហ្វេមក យើងក៏ចាប់ផ្តើមជិះដើរលេងជុំវិញខេត្ត។ ពួកយើងជិះកាត់សាលាខេត្តបាត់ដំបង ហើយឃើញអគារស្អាត ពួកយើងថតរូបនៅមុខនោះពីរបីប៉ុស្តិ៍។

លំហែអារម្មណ៍នៅ Baha’i House of Worship

ខ្ញុំរកឃើញ Baha’i House of Worship នេះនៅពេលដែលខ្ញុំដាក់ #battambang ក្នុងអុីនស្តាក្រាម។ ខ្ញុំសឹងតែអត់ជឿថាមានកន្លែងបែបនេះនៅខេត្តបាត់ដំបងសោះ ព្រោះមើលទៅអត់មានស្ទាយ៍ខ្មែរអីបន្តិច គិតថាគេដាក់ hashtag ខុសទៀតហ្នឹង។ អាគារស្អាតព័ទ្ធជុំវិញដោយសួនពណ៌បៃតងហើយបរិវេណជុំវិញស្ងប់ស្ងាត់ល្អទៀត ប្រសិនបើអ្នកកំពុងរកកន្លែងស្ងប់ស្ងាត់ដើម្បីសមាធិ ទៅ Baha’i នេះទៅអត់ខុសទេ។

ទីតាំង៖ ផ្លូវបោះពោធ៍ អូស្រឡៅ
ម៉ោងធ្វើការ៖ ៩ៈ០០ព្រឹក – ៧ៈ០០យប់

ញ៉ាំស្តេកសាច់គោអូស្រ្តាលីតម្លៃ ២០,០០០រៀល នៅភោជនីយដ្ឋាន Delicious (Delicious Restaurant)

បន្ទាប់ពីចេញពី Baha’i មក វារៀងល្ងាចបន្តិចហើយ ពោះនោះក៏វាកូរទៀត។ ពួកយើងជិះដើររកកន្លែងញ៉ាំ ហើយបានឈប់ត្រឹងនៅភោជនីយដ្ឋាន Delicious។ នេះមិនមែនជាកន្លែងដ៏ល្អបំផុតសម្រាប់ញ៉ាំអាហារនៅខេត្តបាត់ដំបងទេ ប៉ុន្តែប្រសិនបើខ្ចិលរកកន្លែងញ៉ាំដូចពួកយើងដែរ​ អ្នកអាចសាកល្បងញ៉ាំនៅហាងនេះបាន។

តាមពិតទៅដំបូងឡើយពួកយើងអត់ចង់ញ៉ាំនៅហាងនេះទេ ប៉ុន្តែមិត្តប្រុសរបស់ខ្ញុំគាត់ឃើញមីនុយអាហារថាស្តេកសាច់គោអូស្ត្រាលីតម្លៃ ២០០០០រៀល ពួកយើងអត់គិតយូរក៏ចូលទៅតែម្តង។

ចាញ់បោក marketing គេសោះ។ ពួកយើងកម៉្មង់ស្តេកសាច់គោអូស្ត្រាលីនេះទាំងអស់គ្នា សាច់អូស្ត្រាលីអី សាច់គោខ្មែរអោយសុទ្ធ។ ហាហាហា តែទៅរំពឹងអីស្តេក ២០០០០រៀល ត្រូវអត់? តែមានអី រសជាតិគេគ្រាន់បើតើ។

ទីតាំង៖ ផ្លូវលេខ ១២១​ បាត់ដំបង
ម៉ោងធ្វើការ៖ ៧ៈ០០ព្រឹក – ៩ៈ០០យប់

មើលការប្រគួតរាំហុីបហប់នៅហ្វាពន្លឺសិល្បៈ

ការប្រកួតរាំហុីបហប់នេះ មិនមែនជាអ្វីដែលអ្នកទាំងអស់គ្នាអាចមើលបានរាល់ពេលដែលទៅលេងខេត្តបាត់ដំបងនោះទេ។

ការប្រកួតរាំហុីបហប់នេះ គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីផ្សេងៗទៀតក្នុង S’Art Urban Art Festival។ ពួកយើងពិតជារីករាយមែនទែនដែលបានទស្សនាអ្វីដែលយើងមិនធ្លាប់ឃើញផ្ទាល់ពីមុន។ បើអ្នកទាំងអស់គ្នាចង់មើលដែរ ចាំប្រហែល ២ឆ្នាំ ទៀតទៅ។ ហាហាហា

អត់បានមើលគេប្រកួតរាំហុីបហប់មែន តែអាចទិញសំបុត្រមើលការសម្តែងសៀករហ័ស្សកម្មនៅហ្វាពន្លឺសិល្បៈនេះបានណា៎។ តម្លៃសំបុត្រ ៥៦០០០រៀល/ម្នាក់ (១៤ដុល្លារ)។ អ្នកអាចទិញសំបុត្រដោយផ្ទាល់នៅហ្វាពន្លឺសិល្បៈរឺក៏ទិញនៅអូតែលនៅបាត់ដំបងក៏បាន។ ការសម្តែងចាប់ផ្តើមនៅម៉ោង ៧ៈ០០យប់ ដូច្នេះហើយអ្នកត្រូវទៅដល់ទីនោះមុនម៉ោង៧។

នៅហ្វាពន្លឺសិល្បៈនេះស្អាតទៀត គេមានគំនូរលើជញ្ជាំងនិងការតុបតែងប្លែកៗមួយចំនួន។

នៅក្នុងនោះផងដែរក៏មានហាងលក់គំនូរ អាវយឺត និងរបស់របរផ្សេងៗផងដែរ។

ទីតាំង៖ ភូមិអញ្ចាញ បាត់ដំបង

ថតរូបស្អាតៗនៅ Miss Wong ទុកផុសលើអុីនស្តាក្រាម

ខ្ញុំដូចជាមិនសូវត្រូវធាតុជាមួយហាង​ Miss Wong នេះយ៉ាងម៉េចមិនដឹងទេ រកទៅប៉ុន្មានដងហើយតែទៅដល់ចេះតែបិទរហូត ទាំងនៅសៀមរាបនិងបាត់ដំបង។ លើកនេះលើកទី ៤ ហើយទើបបានស្គាល់ជាតិ Miss Wong។

ស្រឡាញ់ការតុបតែងនៅ Miss Wong នេះមែនទែន នៅជ្រុងណាក៏ថតរូបស្អាតដែរ។

សូម្បីតែនៅបន្ទប់ទឹកក៏ស្អាតដែរ។

ពួកយើងអត់បានអាន review មុនពេលមក Miss Wong នេះទេ ហើយពួកយើងរំពឹងថានឹងទៅញ៉ាំអីនៅកន្លែងនោះរួចទៅអូតែលគេងវិញ។ ស្រាប់តែពេលទៅដល់អត់មានអីញ៉ាំក្រៅពីឌីមសាំផង។

ខ្ញុំកម៉្មង់ភេសជ្ជៈប្រចាំហាងរបស់គេដែលមានឈ្មោះថា Miss Wong Punch ហើយតម្លៃរបស់វា​ ២០,០០០រៀល​(៥ដុល្លារ)។ រសជាតិស្រាក្រឡុកដែលខ្ញុំបានញ៉ាំហ្នឹងដូចអត់មានឆ្ងាញ់លើសកន្លែងផ្សេងៗដែលខ្ញុំធ្លាប់ញ៉ាំផង។

ទីតាំង៖ ផ្លូវលេខ ២ ផ្សារណាត់ បាត់ដំបង (ជិតចានបាយ Jaan Bai)
ម៉ោងធ្វើការ៖ ៤ៈ០០ល្ងាច – ១២ៈ០០យប់

ថ្ងៃទី ២

ញ៉ាំមីគាវនៅ​ មីគាវបីល្វែង

ប្រសិនបើអ្នកទាំងអស់គ្នាសួរអ្នកស្រុកបាត់ដំបងរកកន្លែងញ៉ាំអី ខ្ញុំច្បាស់ថាគេនឹងណែនាំអោយអ្នកទៅញ៉ាំមីគាវនៅ មីគាវបីល្វែង គ្រប់គ្នាម៉្មង។

មានអី ឆ្ងាញ់មែនតើ។ សរសៃមីគេឡើងទន់ ហើយគាវនោះឆ្ងាញ់ទៀត ខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រាកដជាចង់ញ៉ាំថែមមួយចានពីរចានទៀតម៉្មង បើយល់ល្អ ដាក់មីឌុបអោយហើយទៅ។ ឆ្ងាញ់ហើយ តម្លៃសមរម្យទៀត។

ទីតាំង៖ ផ្លូវ ១២១ បាត់ដំបង

ដើរមើលអាគារចាស់ៗស្អាតៗ

ប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់មើលរឿង ដំបូងគេសម្លាប់ឪពុករបស់ខ្ញុំ អ្នកប្រាកដជាមានរូបភាពនៅក្នុងចិត្តហើយថាបាត់ដំបងហ្នឹងវាយ៉ាងម៉េច។

ខ្ញុំនិងមិត្តភក្តិខ្ញុំបានចំណាយពេលមួយព្រឹកពេញគ្រាន់តែដើរមើលអាគារចាស់ៗហ្នឹង។សំណង់ពីមួយច្រកទៅមួយច្រកសុទ្ធតែមានលក្ខណៈខុសគ្នាទាំងអស់ ហើយខ្ញុំនេះវិញគិតតែពីថតយកៗឡើងអស់ថ្មកាមេរ៉ា។

កំពុងតែឆ្ងល់ថាគួរចាប់ផ្តើមដើរពីកន្លែងណាមកមែនអត់? ចាប់ផ្តើមដើរពីផ្លូវលេខ១ នៅម្តុំផ្សារណាត់មក។ ផ្លូវដែលខ្ញុំចូលចិត្តជាងគេគឺផ្លូវ ២.៥។

ប្រមាញ់គំនូរលើជញ្ជាំង

ខ្ញុំចាំបានថាខ្ញុំធ្លាប់ឃើញគំនូរលើជញ្ជាំងតែពីរបីកន្លែងប៉ុណ្ណោះពេលដែលខ្ញុំទៅលេងខេត្តបាត់ដំបងកាលពីលើកទីមួយ។ ក្នុងរយៈពេលតែ ១ឆ្នាំកន្លះប៉ុណ្ណោះ សិល្បៈគំនូរលើជញ្ជាំងនេះក៏កើនឡើងយ៉ាងខ្លាំង។

អរគុណដល់ S’Art Urban Festival ដែលរួមចំណែកក្នុងការបន្ថែមគំនូរលើជញ្ជាំងនៅបាត់ដំបងនេះ។

ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តគំនូរលើជញ្ជាំងដូចខ្ញុំដែរ ប្រមូលមិត្តភក្តិហើយលេងប្រមាញ់គំនូរទាំងនេះទាំងអស់គ្នា! ខ្ញុំអត់ប្រាប់កន្លែងជាក់លាក់ថាគំនូរទាំងអស់នេះនៅកន្លែងណាទេ ប្រាប់អស់ម៉េចសប្បាយត្រូវអត់? គ្រាន់តែដឹងថាគំនូរទាំងអស់នេះនៅម្តុំផ្សារណាត់ទៅរកឃើញហើយ។

ផ្សារណាត់បាត់ដំបង

ញ៉ាំទឹកផ្លែឈើក្រឡុកស្រស់ៗនៅ The Lonely Tree Cafe

បន្ទាប់ពីដើរប្រមាញ់អាគារនិងគំនូរលើជញ្ជាំងអស់មួយព្រឹកមក ពួកយើងអស់ខ្យល់រលីងតែម្តង។ បើបានទឹកផ្លែឈើស្រស់ៗត្រជាក់ៗចូលមាត់មិនដឹងជាសប្បាយចិត្តប៉ុណ្ណា។ កំពុងតែគិតៗស្រាប់តែដើរដល់ហាងកាហ្វេមួយដែលមានឈ្មោះថា The Lonely Tree Cafe។ ផ្លាកហាងដាក់ហាងកាហ្វេ ប៉ុន្តែអ្វីដែលពួកយើងឃើញគឺហាងលក់វត្ថុអនុស្សាវរីយ៍និងគ្រឿងតុបតែងខ្លួន ទាល់តែពួកយើងសួរគេទៅបានដឹងថាហាងកាហ្វេនៅជាន់ខាងលើ។

ខ្ញុំបានកម៉្មង់ទឹកឪឡឹកក្រឡុកមួយកែវ ហើយពេលផឹកមួយកែវហើយមិនស្កប់ស្កល់ចង់ផឹកមួយកែវទៀត តែវាស៊យអីគេអស់់ឪឡឹកបាត់។ ទឹកឪឡឹកមួយកែវ ៦០០០រៀល (១.៥ដុល្លារ)

ក្រៅពីភេសជ្ជៈ អ្នកទាំងអស់គ្នាក៏អាចញ៉ាំអាហារថ្ងៃត្រង់នៅទីនេះបានដែរ គេមានមុខម្ហូបប្រហែល១០មុខអីដែរ។ ខ្ញុំហៅបាយឆាឡុកឡាក់ ហើយតម្លៃវា ១៦០០០រៀល (៤ដុល្លារ) ចំណែករសជាតិម្ហូបវិញ ខ្ញុំអោយ ៦.៥/១០

ហាងកាហ្វេ The Lonely Tree Cafe នេះក៏ជាកន្លែងមួយដែលថតរូបស្អាតៗបានដែរ។

ហើយនេះគឺជាហាងលក់របស់របរផ្សេងៗនៅជាន់ក្រោម។

ទីតាំង៖ ផ្លូវលេខ ២.៥ បាត់ដំបង (ជាន់ទី​ ១)
ម៉ោងធ្វើការ៖ ១០ៈ០០ព្រឹក រហូតដល់ម៉ោងប៉ុន្មានក៏មិនដឹង

ញាំប្រហិតចែមុី

ប្រហិតឆ្ងាញ់ ទឹកជ្រលក់ឆ្ងាញ់ តម្លៃក៏មិនថ្លៃ។ ប្រហិតសាច់គោមួយចង្កាក់ ២០០០រៀល ហើយនំប័ុងមួយដើមក៏ ២០០០រៀល​ ដូចគ្នា។ ពេលទៅបាត់ដំបងកុំភ្លេចចូលញ៉ាំផង!

ទីតាំង៖ ផ្លូវ ១២១ បាត់ដំបង (ជិតសាលាចិន លាន ហ័រ)

ដើរជាមួយក្បួនដង្ហែទីងមោងធំៗក្នុងកម្មវិធី S’Art Urban Festival

ខ្ញុំអត់ដែលចូលរួមកម្មវិធីអីគួរអោយរំភើបដូចកម្មវិធីនេះទេ។

ទំរាំតែគេចេញក្បួនដង្ហែហ្នឹង គេរៀបចំមុនមិនចេះតិចម៉ោង។

សូមសរសើរបុិនេះម៉្មង គាត់ពាក់អាជើងហ្នឹងដើរបានឡើងឆ្ងាយ។

អីយ៉ាស់ ចាប់បានយក្សជិះម៉ូតូ!

ក្បួនដង្ហែនេះចាប់ផ្តើមពីវត្តពិភិទ្ធារាមដល់សួននាគបាញ់ទឹក។

សង្ឃឹមថានឹងមាន S’Art Urban Festival ម្តងទៀតឆាប់ៗ។ សូមបញ្ជាក់ម្តងទៀតផងដែរថាក្បួនដង្ហែនេះមានតែក្នុងកម្មវិធី S’Art Urban Festival ប៉ុណ្ណោះ។

តោះ ទៅលេងបាត់ដំបងទាំងអស់គ្នាហ្ហី? កក់សំបុត្រឡាននៅ ទីនេះ

AvyTravel គឺជាគេហទំព័រអំពីដំណើរកម្សាន្តនិងបទពិសោធន៍ដើរលេងរបស់អេវីផ្ទាល់ទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសជិតខាង។ នៅក្នុងអត្ថបទនីមួយៗ អេវីតែងតែបង្ហាញពីកន្លែងដើរលេងផ្សេងៗ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅកន្លែងនោះ ការវាយតម្លៃកន្លែងគេង (hotel review) បទពិសោធន៍ទាំងល្អនិងអាក្រក់។ «ចង់ប្រាប់ថាអេវីមិនមែនសាវ៉ាទេណា គ្រាន់តែលង់ស្នេហ៍ជាមួយគ្រប់កន្លែងដែលបានទៅលេងតើ!»