

For English version, click here.
មានគម្រោងទៅលេងខ្នងផ្សា ខ្នងសំពៅឆាប់ៗនេះមែនអត់? ចង់ដឹងអត់ថាយើងគួរត្រៀមអ្វីខ្លះដើម្បីទៅដើរលេងនៅទិសដៅថ្មីនេះអោយរលូន?

ថ្មីៗនេះ ខ្ញុំសង្កេតឃើញថាខ្នងផ្សា ខ្នងសំពៅនេះទាក់ទាញចំណាប់អារម្មណ៍គ្នាយើងច្រើនមែនទែន។ បើកមើលហ្វេសប៊ុកនិងអុីនស្តាក្រាមពេលណាគឺឃើញសុទ្ធតែរូបខ្នងផ្សា ខ្នងសំពៅ។ ដឹងហើយថាផ្លូវទៅវាមិនស្រួលទេ តែនៅតែជ្រួលជ្រើមចង់ទៅខ្លាំង ត្រូវអត់?
កាលពីសប្តាហ៍មុន ខ្ញុំបានចំណាយពេលមួយយប់នៅទីនោះ។ បើចង់ដឹងថាគួរត្រៀមសម្ភារៈអ្វីខ្លះសម្រាប់ដំណើរកម្សាន្តទៅតំបន់ថ្មីនេះ អានអត្ថបទខាងក្រោមទាំងអស់គ្នា។ តិចថាអត់បានប្រាប់ តែទៅអត់បានត្រៀមដឹងតែទឹកភ្នែកហើយណា៎!
អ្វីដែលគួររៀបចំ
- សម្លៀកបំពាក់កីឡា៖ បើទៅគេងមួយយប់ ដាក់សម្លៀកបំពាក់គ្រប់គ្រាន់សម្រាប់ទៅគេងមួយយប់បានហើយ។ កុំលោភលន់ចង់ដាក់ច្រើន ជាពិសេសស្រីៗគ្នាយើងហ្នឹងម៉្មង។ តិចទៅដាក់រ៉ូបថែមពីរបីដើម្បីទុកថតរូបអោយស្អាត អាហ្នឹងប្រយ័ត្នស្ពាយឡើងភ្នំមិនរួចខ្លួនឯងតាំងធ្វើឯងកម្សត់ប្រើគេប្រើឯងអោយស្ពាយ។ អ្នកទាំងអស់គ្នាត្រូវចាំណា ពួកយើងទៅឡើងភ្នំមិនមែនទៅដើរបង្ហាញម៉ូតទេ ហេតុដូចនេះហើយស្លៀកសម្លៀកបំពាក់កីឡាស្តើងៗ ងាយបត់បែនបាននិងឆាប់ស្ងួត។ កុំស្លៀកខោខោប៊យ សំពត់ខ្លី រឺសម្លៀកបំពាក់ណាដែលនាំអោយពិបាកក្នុងការធ្វើដំណើរអី នាំតែពិបាកខ្លួនឯងទេ។
- អាវដែលធន់នឹងអាកាសធាតុត្រជាក់៖ ដោយសារតែអាកាសធាតុពេលយប់និងពេលព្រឹកព្រលឹមនោះវាអាចនឹងធ្លាក់ដល់ 18-20 អង្សារសេ ដូច្នេះហើយអ្នកទាំងអស់គ្នាគួរតែដាក់អាវរងាទៅមួយផង។
- អាវភ្លៀង៖ វាអាចនឹងភ្លៀងពេលអ្នកទាំងអស់គ្នាធ្វើដំណើរឡើងភ្នំនិងចុះភ្នំ អញ្ចឹងហើយដាក់អាវភ្លៀងទៅមួយផង។
- កាតាបការពារជ្រាបទឹក៖ អាវភ្លៀងតែមួយនៅមិនទាន់គ្រប់គ្រាន់ទេ។ ដាក់កាតាបការពារជ្រាបទឹកមួយផងដើម្បីការពារទូរស័ព្ទ កាមេរ៉ា ផោវើប៊ែង រឺសម្ភារៈអេឡិចត្រូនិចផ្សេងៗ។
- ស្បែកជើងឡើងភ្នំ៖ ផ្លូវឡើងទៅខ្នងផ្សា ខ្នងសំពៅនេះអត់ស្រួលទេណា។ បើអត់ទាន់មានស្បែកជើងឡើងភ្នំទេ ទិញមួយគូរអោយហើយទៅ។ ស្បែកជើងឡើងភ្នំនេះវាសំខាន់ខ្លាំងណាស់ ព្រោះវាជួយយើងច្រើនមែនទែនទាក់ទងនឹងការទប់លំនឹងកជើងរបស់យើង ហើយបាតស្បែកជើងធ្វើឡើងដើម្បីអោយវាខ្ញាំនឹងទីរអិលបានល្អ។
- ឈើច្រត់សម្រាប់ឡើងភ្នំ៖ ឈើច្រត់នេះក៏សំខាន់ខ្លាំងដែរសម្រាប់ការឡើងភ្នំលើកនេះ ដោយសារតែផ្លូវទៅខ្នងផ្សា ខ្នងសំពៅនេះ វាខុសពីភ្នំផ្សេងបន្តិច។ អត់មានផ្លូវឡើងចុះដូចភ្នំផ្សេងទេណា បើថាឡើងគឺឡើងរហូត ហើយបើថាចុះគឺចុះរហូត ហើយសំខាន់នោះគឺខែនេះខែភ្លៀងទៀត។ ជាធម្មតា យើងប្រើឈើច្រត់នេះមុនយើងបោះជំហានមួយជំហាន ហើយបើអត់មានឈើច្រត់ទេអ្នកទាំងអស់គ្នាអាចនឹងងាយដួល ព្រោះផ្លូវនេះរអិលខ្លាំង។ ប្រសិនបើអ្នកទាំងអស់គ្នាអត់ចង់ចំណាយលុយលើឈើច្រត់នេះទេ អ្នកទាំងអស់គ្នាក៏អាចរើសឬស្សីតាមផ្លូវឡើងផងដែរ។ ប៉ុន្តែវាអាចនឹងពិបាករកឬស្សីដែលស្រាលនិងល្អបន្តិច ដោយសារតែមានមនុស្សច្រើនឡើងភ្នំ មិនមែនតែយើងម្នាក់ទេ។ អញ្ចឹងយល់ល្អ ទិញឈើច្រត់សម្រាប់ឡើងភ្នំនេះមួយអោយហើយម៉្មងទៅ។
- ស្បែកជើងផ្ទាត់៖ កុំភ្លេចដាក់ស្បែកជើងផ្ទាត់ទុកពាក់នៅកន្លែងយើងបោះតង់ផង។ ទំរាំតែឡើងដល់កន្លែងយើងបោះតង់ហ្នឹង ស្បែកជើងឡើងភ្នំយើងជោកអស់ហើយ។
- Sleeping Bag: ដូចខ្ញុំប្រាប់មុនហ្នឹងចឹង អាកាសធាតុពេលយប់និងពេលព្រឹកព្រលឹមវាត្រជាក់ខ្លាំង ហេតុដូចនេះហើយដាក់ sleeping bag ទៅមួយផងដើម្បីរក្សាកម្តៅរបស់យើងពេលគេង។ ប្រសិនបើអត់មាន sleeping bag ទេ អាចដាក់ភួយស្តើងល្មមមួយទៅក៏បានដែរ។
- ខ្នើយខ្យល់៖ និយាយរឿងខ្នើយ រឿងពូក ខ្ញុំចង់តែវ៉ៃបងអ្នករៀបចំដំណើរកម្សាន្តនេះទេ។ មុនចេញដំណើរ ខ្ញុំសួរគាត់ឡើងពីរបីដងថានៅតង់យើងមានពូកស្តើង និងខ្នើយអត់។ គាត់ថាមាន ដល់ហើយខ្ញុំអត់មានដាក់អីទៅក្រៅពីភួយស្តើងមួយទៅទេ។ ស្រាប់តែទៅដល់ តង់មានតែសំបក។ ខ្នើយក៏អត់ ពូកស្តើងក៏អត់ ខ្ញុំក៏បង្ខំចិត្តយកភួយមកក្រាលគេង ហើយយកអាវរងារមកបត់ធ្វើខ្នើយកើយ។ ត្រជាក់ចង់ងាប់ហើយបងប្អូនអើយយយយ។ អញ្ចឹងបើយល់ល្អ ដាក់ទៅខ្លួនឯងត្រៀមៗផងទៅ។
- ពិលដែលមានទម្ងន់ស្រាល៖ ខ្ញុំជឿបងអ្នករៀបចំដំណើរកម្សាន្តពេក អញ្ចឹងហើយទិញពិលខុស។ គាត់ប្រាប់ខ្ញុំថាយើងងើបដើរទៅខ្នងផ្សាពីកន្លែងយើងបោះតង់ម៉ោង ៤ព្រឹក ហើយដើរលើដីរាបស្មើតែ ១គម ដល់ហើយ។ ខ្ញុំគិតថា បើ ១គម មែន ចាំបាច់អីទៅទិញពិលធំ ដាក់តែអាតូចទៅមួយទៅបានហើយ។ មានណា បងហ្នឹងធ្វើសុី។ ១គម ស្អី នាឡិកាដៃខ្ញុំប្រាប់ថាដើរឡើង ៣.៨គម ទើបដល់ ហើយសំខាន់នោះមិនមែនដើរលើផ្លូវរាបស្មើទេ។ ផ្លូវជ្រលងភ្នំហើយរអិលខ្លាំងទៀត អញ្ចឹងខ្ញុំត្រូវតោងដើមឈើពេលដើររហូត ហើយអាពិលតូចនោះវាអស់ថ្មរលីងទៀត។ បើយោងទៅតាមបទពិសោធន៍ខ្ញុំ អ្នកទាំងអស់គួរតែទិញអាពិលពាក់នៅក្បាលម៉្មងទៅ ព្រោះអាហ្នឹងវាភ្លឺល្អ ថ្មក៏បានយូរ ហើយអ្នកទាំងអស់គ្នានៅសល់ដៃទុកតោងដើមឈើពេលដើរទៀត។
- Power Bank: ទៅបោះតង់កណ្តាលព្រៃ អត់មានភ្លើងទេណាអ្នកទាំងអស់គ្នា។ ដាក់ power bank ខ្លួនឯងទៅផង។
- ស្ព្រៃយ៍ការពារសត្វល្អិត៖ តាមពិតទៅនៅខ្នងផ្សា ខ្នងសំពៅនេះអត់សូវមានសត្វល្អិតច្រើនទេ ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែដាក់ស្ព្រៃយ៍ទៅមួយទៅគ្រាន់នឹងការពារពេលខ្លះ។
- ឡេការពារកម្តៅថ្ងៃ៖ ពេលជិះគោយន្តទៅកន្លែងចាប់ផ្តើមដើរឡើងភ្នំនោះគឺដឹងតែក្តៅខ្លាំងហើយ បើមិនចង់ខ្លោចស្បែកទេ ដាក់ឡេការពារកម្តៅថ្ងៃទៅមួយផង។
- First Aid Kit: យើងមើលមិនឃើញទេថាអាចនឹងមានរឿងអ្វីកើតឡើង ដូច្នេះហើយដាក់ first aid kit ទៅផង។ មានដូចជាថ្នាំលាបរបួស សំឡី បង់បិត ថ្នាំសង្កូវផ្សេងៗអីហ្នឹង។
- ស្ព្រៃយ៍បាញ់ឬលាបសម្រួលសាច់ដុំ៖ ពេលយើងដើរព្រៃរឺដើរឡើងភ្នំ មនុស្សមួយចំនួនធំចៀសមិនផុតពីអារមួរក្រពើហ្នឹងទេ។ ប្រសិនបើអ្នកទាំងអស់គ្នាដឹងខ្លួន គួរតែដាក់ស្ព្រៃយ៍បាញ់ ឬលាបសម្រួលសាច់ដុំនេះទៅមួយដបអោយហើយទៅ។
- ប្រអប់បាយនិងស្លាបព្រា៖ ខ្ញុំអត់ដឹងថាធួរផ្សេងម៉េចទេ ប៉ុន្តែបងអ្នករៀបចំដំណើរកម្សាន្តក្រុមខ្ញុំផ្ទាល់ គាត់អោយយើងដាក់ប្រអប់បាយនិងស្លាបព្រាផ្ទាល់ខ្លួនទៅម្នាក់មួយដើម្បីកាត់បន្ថយការប្រើប្រាស់ប្រអប់បាយដែលប្រើប្រាស់ម្តងបោះចោល។
- Energy Bars: ខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នាដូចខ្ញុំរឺអត់ទេ។ ចំពោះខ្ញុំផ្ទាល់ អោយតែពេលដើរព្រៃដើរលេងអីហ្នឹង តែហត់ពេកគឺអត់ឃ្លានសោះម៉្មង ពេលខ្លះអាចនឹងក្អួតពេលធុំក្លិនបាយទៀត។ ប្រសិនបើអ្នកទាំងអស់គ្នាអញ្ចឹងដែរ អ្នកទាំងអស់គ្នាគួរតែដាក់សូកូឡា រឺ Energy Bars ផ្សេងៗទុកញ៉ាំដើម្បីជំនួយកម្លាំងផង។ បើយើងញ៉ាំអត់ចូលទេ យើងអាចនឹងបាក់កម្លាំង ហើយឡើងភ្នំចុះភ្នំមិនរួចក៏ថាបាន។
- របស់ញ៉ាំតិចតួច៖ ដាក់មីកំប៉ុង ត្រីខ និងនំតាមចំណង់ចំណូលចិត្តអ្នកទាំងអស់គ្នា។ ធួរគេមានម្ហូបអោយញ៉ាំហើយ ប៉ុន្តែក្នុងករណីយើងទៅច្រើនគ្នាចឹងគួរតែមានរបស់ញ៉ាំខ្លួនឯងទៅផងទៅ កុំពឹងលើគេពេក។
- ទឹក៖ កុំភ្លេចទឹកអោយសោះណា៎ ដាក់ទៅគ្រប់គ្រាន់សម្រាប់ញ៉ាំខ្លួនឯងទៅ។ ដាក់ច្រើនពេកប្រយ័ត្នស្ពាយអត់រួច។
ថ្ងៃទី១៖ ចេញដំណើរពីភ្នំពេញទៅកន្លែងបោះតង់នៅឯខ្នងសំពៅ
ដោយសារតែខ្នងផ្សា ខ្នងសំពៅជាកន្លែងដើរលេងថ្មី ហើយខ្ញុំមានគ្នាតែពីរនាក់ទៀត អញ្ចឹងហើយទៅខ្លួនឯងអត់ល្អទេ។ ដោយសារតែមូលហេតុនេះហើយក៏ខ្ញុំនិងមិត្តប្រុសខ្ញុំសម្រេចចិត្តថាទៅជាមួយធួរតែម្តងទៅ។ នេះមិនមែនបានន័យថាអ្នកទាំងអស់គ្នាមិនអាចទៅខ្លួនឯងបានទេណា ទៅបានដូចគ្នាបើមានគ្នាច្រើន។
ពួកយើងចេញដំណើរពីភ្នំពេញទៅនៅម៉ោង ៤:២០នាទីព្រឹក ហើយពួកយើងទៅដល់កន្លែងញ៉ាំអាហារពេលព្រឹកម៉ោងប្រមាណ ៦:១០នាទីព្រឹក។ ព្រលឹមពេក ទោះញ៉ាំអត់ចូលក៏ត្រូវតែញ៉ាំដែរ ព្រោះយើងត្រូវយកកម្លាំងឡើងភ្នំ។

បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួច យើងក៏ចេញដំណើរទៅសហគមន៍ត។ ពីរង្វង់មូលឱរ៉ាល់ទៅសហគមន៍គឺមានចម្ងាយ ៤០គម ហើយដោយសារតែផ្លូវនេះវារលាក់ខ្លាំង ពួកយើងចំណាយពេលប្រមាណ ២ម៉ោង។ ពេលយើងទៅដល់សហគមន៍ យើងចាំបាច់បំពេញបែបបទស្នើសុំការអនុញ្ញាតធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំខ្នងផ្សានៅការិយាល័យឧទ្យានជាតិជួរភ្នំក្រវ៉ាញសិន។ បន្ទាប់ពីដាក់ពាក្យស្នើសុំរួចរាល់ យើងក៏បន្តដំណើរប្រមាណ ៥នាទី ពីការិយាល័យទៅកន្លែងជិះគោយន្ត។
ដើម្បីទៅដល់ចំណុចចាប់ផ្តើមដើរឡើងភ្នំ ពួកយើងត្រូវជិះគោយន្តសិន។ ការជិះគោយន្តនេះអាចចំណាយពេលពី ១ម៉ោង-២ម៉ោងកន្លះ សុីសងលើសភាពផ្លូវ។
នេះគឺរូបផ្លូវពេលខ្ញុំទៅ ហើយពួកយើងបានចំណាយពេលអស់ ១ម៉ោងកន្លះ ដើម្បីទៅដល់គោលដៅឡើងភ្នំ។ នេះនៅមិនទាន់ភក់ខ្លាំងទេ ពេលខ្ញុំមកវិញគឺយ៉ាប់ជាងហ្នឹងទៀត ប៉ុន្តែដោយសារអស់កម្លាំងខ្លាំងក៏អត់បានថតរូប។ បើពេលមកវិញផ្លូវមិនយ៉ាប់ទេក៏មិនចំណាយពេលជិះគោយន្តអស់ ២ម៉ោង១៥នាទីដែរ!

ឈឺគូទក៏ឈឺគូទ ក្តៅក៏ក្តៅ តែសប្បាយក៏សប្បាយ។ រឹតតែសប្បាយនោះគឺពេលគោយន្តចាក់មនុស្សចោលអស់ និងពេលរុញគោយន្ត។ គិតៗទៅមនុស្សយើងនែសសស នៅផ្ទះស្រួលបួលអត់ចង់ទេ ចង់មកធ្វើទារុណកម្មខ្លួនឯង។

បងអ្នករៀបចំដំណើរកម្សាន្តប្រាប់ថាផ្លូវឡើងទៅលើរាប់ចាប់ពីជើងភ្នំដល់ទីតាំងបោះតង់នៅខ្នងសំពៅនោះគឺមានចម្ងាយ ៧.៥គម ប៉ុន្តែបើតាមខ្ញុំមើលនាឡិកាខ្ញុំនោះគឺវា ១០គម។ ខ្ញុំបានចាប់ផ្តើមដើរឡើងភ្នំនៅម៉ោង ១២:០០ថ្ងៃត្រង់ ហើយទំរាំខ្ញុំឡើងដល់នោះគឺម៉ោង ៤:០០ល្ងាចហើយ។

បងៗក៏ប្រាប់ទៀតដែរថាអ្នកដែលពូកែដើរឡើងនោះគឺចំណាយពេលតែ ៣ម៉ោង ដល់គោលដៅហើយ។ ចំណែកអ្នកដែលមិនពូកែដើរនោះគឺគាត់អាចនឹងចំណាយពេលរហូតដល់ ៨ម៉ោង។ គិតៗទៅ ខ្ញុំមានទៅអន់អី ហាហាហា។ ខ្ញុំអត់បានថតផ្លូវដើរឡើងភ្នំទេដោយសារតែហត់ពេក ចាំអ្នកទាំងអស់គ្នាទៅខ្លួនឯងទៅដឹងហើយថាវាយ៉ាងណា។
រូបនេះផ្ទាល់គឺខ្ញុំថតនៅកន្លែងបោះតង់របស់យើងនៅខ្នងសំពៅ។ ទៅដល់អ័ព្ទឡើងខ្លាំង តែក៏ស្អាតម៉្យាងដែរ។


អ្ហូ ប៊ិះភ្លេចប្រាប់។ នៅលើភ្នំនេះអត់មានបន្ទប់ទឹកទេណា មុននឹងឡើងមកកន្លែងគេង ខ្ញុំបានងូតទឹកនៅអូរមួយដែលគេហៅថាអូរដានជើងព្រះ រួចហើយ។ អូរនេះមានចម្ងាយប្រហែល ៦០០ម៉ែត្រ ពីកន្លែងយើងគេង យល់ល្អងូតទឹកអោយហើយទៅចាំទៅតង់។ ហើយបើថាឈឺនោម រឺឈឺពោះជុះអី ទម្លាក់មីនកន្លែងស្ងាត់ៗក្នុងព្រៃទៅ។ ពេលទម្លាក់មីនហើយ ជីកដីកប់ហើយយកឈើដោតផង ដើម្បីចៀសវាងកុំអោយអ្នកដទៃដើរជាន់មីនយើងនាំចង្រៃដល់គេ យល់នៅ?
រូបនេះគឺថតនៅព្រឹកបន្ទាប់ដែលថតនៅកន្លែងញ៉ាំអាហារពេលព្រឹក។ ពួកយើងចាប់ផ្តើមដើរពីកន្លែងយើងបោះតង់នៅខ្នងសំពៅទៅខ្នងផ្សានៅម៉ោង ៤ព្រឹក ដើម្បីមើលថ្ងៃរះ តែដោយសារតែមេឃភ្លៀងពេញមួយយប់ទៅហើយ ហេតុដូចនេះហើយអត់មានថ្ងៃរះមើលទេ មានតែពពក។

ដូចខ្ញុំបានប្រាប់ខាងលើអញ្ចឹង បងអ្នករៀបចំដំណើរកម្សាន្តគាត់ប្រាប់ថាតែ ១គម ទេ ហើយដើរលើដីរាបស្មើទៀត។ តែបើយោងតាមនាឡិការបស់ខ្ញុំផ្ទាល់គឺ ៣.៨គម ហើយដើរតាមផ្លូវជ្រលងភ្នំដែលរអិលខ្លាំង។ គាត់កុហកយើងនេះគឺបំណងល្អទេ បើគាត់ប្រាប់តាមត្រង់ អ្នកខ្លះអាចនឹងខ្ជិលទៅក៏ថាបាន។
ដោយសារអត់មានថ្ងៃរះមើល បងៗក៏នាំយើងទៅមើល “លំហូរពពក” ឬហៅម្យ៉ាងទៀតបានថា “ឆាយពពក” នៅលើកន្លែងខ្ពស់បំផុតនៅខ្នងផ្សា ដែលមានចម្ងាយប្រមាណ ៧០០ម៉ែត្រ ពីកន្លែងញ៉ាំអាហារពេលព្រឹក។


រូបនេះផ្ទាល់គឺថតនៅតាមផ្លូវឡើងទៅមើលពពក។

នៅលើខ្នងផ្សានេះគឺសំបូរផ្ទាំងថ្មធំៗ ឡើងទៅថតលើថ្មមួយណាក៏ឃើញស្អាតដែរ តែសូមប្រយ័ត្នប្រយែងផងណា។ បើមើលទៅឃើញដូចអត់សូវស្រួលទេ កុំឡើងអី។ ធីបមួយទៀតគឺកុំពាក់ឈុតខ្មៅដូចខ្ញុំណា ថតរូបអត់ស្អាតទេ។ ពាក់ឈុតណាពណ៌លេចៗដូចជាផ្កាឈូក ទឹកក្រូច អីទៅ។

នេះគឺរូបនៅកន្លែងដដែលនេះ ប៉ុន្តែថតប្រហែលជា ៥នាទី ក្រោយ។ ពពករាងរសាត់ទៅតិចៗហើយ។

ទោះបីជាពេលទៅដល់ វាអ័ព្ទមើលអីមិនសូវឃើញក៏ពិតមែនក៏ខ្ញុំពេញចិត្តនឹងទេសភាពនេះដែរ។ នេះគឺទេសភាពភ្នំមើលពីលើខ្នងផ្សាទៅ។


ចំណែកខាងក្រោមនេះវិញគឺជាទេសភាពខ្នងសំពៅដែលខ្ញុំថតពេលពួកយើងចុះពីខ្នងផ្សាមកវិញ។


ខ្ញុំអត់ដឹងអ្នកទាំងអស់គ្នាគិតយ៉ាងម៉េចទេ តែចំពោះខ្ញុំផ្ទាល់ ខ្ញុំចូលចិត្តទេសភាពខ្នងសំពៅជាងខ្នងផ្សា។



អ្វីដែលអ្នកគួរដឹង
- ចម្ងាយដើរឡើងភ្នំនិងចុះភ្នំទាំងមូល រាប់ចាប់ពីកន្លែងចុះពីគោយន្តដល់កំពូលភ្នំខ្នងផ្សានិងចុះមកវិញគឺ ៣៩.៣២គម (យោងទៅតាមនាឡិការបស់ខ្ញុំ)
- នៅពេលដែលបងៗអ្នករៀបចំដំណើរកម្សាន្តប្រាប់យើងថា ១គម អ្នកទាំងអស់គ្នាគួរតែគុណនឹង ២ រឺ ៣ អោយហើយទៅ។ កុំរំពឹងថាជិតដូចមាត់គេណា អត់ជិតទេអ្នកទាំងអស់គ្នា។
- ស្រីៗត្រូវដាក់ឥវ៉ាន់យ៉ាងម៉េចកុំអោយលើស ៦គីឡូក្រាម ហើយប្រុសៗវិញ កុំអោយលើស ១០គីឡូក្រាម។ ស្ពាយឡើងវេទនាតែខ្លួនឯងទេ។
- តែប្រសិនបើអ្នកទាំងអស់គ្នាគិតថាអត់អាចស្ពាយកាតាបខ្លួនឯងឡើងភ្នំរួចទេ អ្នកទាំងអស់គ្នាអាចជួលបងៗដែលនៅជើងភ្នំស្ពាយឡើងទៅលើអោយបាន។ ខ្ញុំអត់ច្បាស់ថាគាត់គិតលុយម៉េចទេ តែតាមដែលខ្ញុំឮគឺគាត់គិត ១គីឡូ ៥០០០៛។ ខ្ញុំឃើញពួកគាត់ស្ពាយធ្ងន់ៗអាណិតពួកគាត់ណាស់ ប៉ុន្តែធ្វើម៉េច អាហ្នឹងមុខរបរចិញ្ចឹមជីវិតរបស់ពួកគាត់ទៅហើយ។
- នៅខ្នងផ្សា និងខ្នងសំពៅនេះផ្ទាល់អត់សូវមានសត្វទៀកនោះទេ តែទោះជាមិនសូវមានក៏ពិតមែនក៏អ្នកទាំងអស់គ្នាគួរស្លៀកពាក់អោយជិតៗខ្លួនដែរ។
- នៅទីនេះផ្ទាល់គឺអត់មានបន្ទប់ទឹកទេណា មានតែបន្ទប់ទឹកធម្មជាតិនេះឯង។
- អ្នកទាំងអស់គ្នាអាចងូតទឹកនៅអូរមួយដែលមានឈ្មោះថា អូរដានជើងព្រះ ដែលមានចម្ងាយប្រមាណ ៦០០ម៉ែត្រ ពីខ្នងសំពៅបាន។
- តម្លៃធួរដែលខ្ញុំទៅនោះគឺ ៦៥ដុល្លារ/ម្នាក់ ហើយនៅក្នុងនោះគេរួមបញ្ចូលឡានទៅវិញទៅមកពីភ្នំពេញទៅ អាហារ ៥ពេល ទឹកសុទ្ធ ៣លីត្រ Royal D ២កញ្ចប់ កាហ្វេ ២កញ្ចប់ និងតង់សម្រាប់គេងគ្នា ២នាក់។ ប្រសិនបើអ្នកទាំងអស់គ្នាចង់គេងម្នាក់ឯង អាចប្រាប់បងៗអ្នករៀបចំមុន ហើយបង់ថែម ១០ដុល្លារ ទៅបានហើយ។
- សម្រាប់បរទេស ពួកគាត់ត្រូវបង់ក្នុងម្នាក់ ៥ដុល្លារ/ថ្ងៃ ទៅកាន់ទីស្នាក់ការជួរភ្នំក្រវាញ មុននឹងពួកគាត់ចាប់ផ្តើមធ្វើដំណើរឡើងភ្នំ។