

មនុស្សភាគច្រើន ប្រាកដជាធ្លាប់មានបទពិសោធន៍ក្នុងការជិះរថយន្តក្រុងនៅពេលថ្ងៃ ទៅតាមបណ្ដាខេត្តផ្សេងៗហើយមែនទេ?
ឥឡូវនេះខ្ញុំមានរឿងចង់ចែករំលែកទាក់ទងជាមួយនឹងការធ្វើដំណើរតាមរថយន្តក្រុងនាពេលរាត្រី។ គុណសម្បត្តិនៃការធ្វើដំណើរពេលយប់នោះគឺ ចំណេញពេលវេលាក្នុងការធ្វើដំណើរ និងចំណេញថវិការដោយមិនចាំបាច់ត្រូវស្នាក់នៅក្នុងសណ្ឋាគារ។ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើដំណើរនៅពេលយប់តាមរថយន្តក្រុងប្រាកដជាមានអារម្មណ៍ភ័យ រឺបារម្ភពីសុវត្ថិភាព ប៉ុន្តែបើសិនជាអ្នកបានសាកល្បងម្ដងរួចហើយ អារម្មណ៍ទាំងនោះនឹងរលត់បាត់អស់ចេញពីចិត្ត។

សម្រាប់បទពិសោធផ្ទាល់របស់ខ្ញុំគឺ ខ្ញុំបានជ្រើសរើសការធ្វើដំណើរតាមរថយន្តក្រុងនាពេលយប់ចេញ ពីខេត្តសៀមរាបទៅភ្នំពេញតាមរយៈក្រុមហ៊ុន Mekong Express ដោយសារតែក្រុមហ៊ុននេះ មានចំណតនៅជិតតំបន់ទីប្រជុំជន ដោយយើងអាចធ្វើដំណើរថ្មើរជើងទៅ Pub Street ឬក៏ផ្សាររាត្រីចំណាយពេលប្រហែលជា 10 នាទីតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត កន្លែងអង្គុយចាំរថយន្តមានម៉ាស៊ីនត្រជាក់ និង WIFI ប្រើប្រាស់ដោយឥតគិតថ្លៃ។
ចំពោះរថយន្តក្រុងចេញពីសៀមរាបមកភ្នំពេញ ក្រុមហ៊ុននេះមានតែមួយជើងទេ គឺម៉ោង ១១:៣០ នាទីយប់។ រថយន្តក្រុងចេញបានទៀងម៉ោងល្អណាស់ បើសិនជាមកមិនទាន់ ប្រហែលជាត្រូវកក់សំបុត្រនៅក្រុមហ៊ុនផ្សេងមួយទៀតហើយ។

ពេលដែលឡើងលើរថយន្តក្រុងភ្លាម យើងនឹងឃើញគ្រែគេង ដែលគេចែកជាបីជួរដាច់ៗពីគ្នា។ បន្ទាប់មកទៀត បុគ្គលិកដែលធ្វើការលើរថយន្តក្រុងនេះនឹងអោយថង់ខ្មៅមួយសម្រាប់ដាក់ស្បែកជើង។ គ្រែគេងនីមួយៗមានលេខសំគាល់ផ្សេងៗគ្នា ដូច្នេះហើយដើម្បីអោយមានភាពងាយស្រួល យើងគួរតែសួរអ្នកដែលធ្វើការលើរថយន្តនោះអំពីលេខគ្រែរបស់យើង។ មួយសន្ទុះក្រោយមក នៅពេលដែលឡានជិតត្រូវចេញ បុគ្គលិករថយន្តក្រុងបានដើរចែកទឹកនិងនំមួយកញ្ចប់ទុកអោយយើងញ៉ាំនៅតាមផ្លូវ។
សម្រាប់អ្នកដែលឧស្សាហ៍ចូលបន្ទប់ទឹកពេលយប់ ប្រហែលជាសប្បាយចិត្តហើយ ដោយសារតែរថយន្តរបស់ក្រុមហ៊ុននេះ មានបន្ទប់ទឹកនៅផ្នែកខាងក្រោយ ប៉ុន្តែពេលដើរទៅ សូមប្រយ័ត្នផង ដោយសារតែរៀងងងឹតពិបាកមើលផ្លូវបន្តិច។
អូ! ភ្លេចប្រាប់មួយទៀត ក្នុងរថយន្តក្រុងនេះមានអ្នកបើកបរ ២នាក់ អញ្ចឹងហើយពួកគាត់ប្តូរវេនគ្នាបើកម្នាក់ពាក់កណ្ដាល។
អ្នកទាំងអស់គ្នាមិនចាំបាច់យកភួយទៅពីផ្ទះទេដោយសារគ្រែគេងនីមួយៗមានដាក់អោយយើងរួចជាស្រេច និងភួយទាំងនោះត្រូវបានគេបោកគក់សំអាតជារៀងរាល់ថ្ងៃ។

អ្នកដំណើរទាំងអស់បានគេងលក់ បន្ទាប់ពីរថយន្តបានចេញដំណើរប្រហែល ៣០ នាទី។ នៅតាមផ្លូវធ្វើដំណើរ ពុំសូវមានរថយន្តធ្វើដំណើរឡើយ ហើយក៏មិនមានអ្វីជាឧបសគ្គក្នុងការធ្វើដំណើររបស់យើងដែរ។ ៦ ម៉ោងគត់ បន្ទាប់ពីបានចេញដំណើរពីខេត្តសៀមរាប រថយន្តក្រុងមួយនេះក៏បានមកដល់រាជធានីភ្នំពេញ។ ចំណតរបស់ក្រុមហ៊ុន Mekong Express មានទីតាំងនៅជិតស្ពានជ្រោយចង្វារ។
អត្ថបទដោយ៖ CAMBODIAN BACKPACKER