fbpx
IFL03846

បទពិសោធន៍ប្លែក ៣ នៅមណ្ឌលគិរី

For English version, click here.

នៅក្នុងអត្ថបទមុនខ្ញុំបានរៀបរាប់អំពីកន្លែងដើរលេងទាំង ៨ នៅមណ្ឌលគិរី​ ប្រសិនបើអ្នកទាំងអស់គ្នាអត់ទាន់បានអានទេ អាចចូលអាននៅ ទីនេះ បាន។ នៅក្នុងអត្ថបទថ្មីនេះផងដែរ ខ្ញុំនឹងរៀបរាប់អំពីសកម្មភាពដ៏គួរអោយចាប់អារម្មណ៍ទាំង ៣ ដែលអ្នកទាំងអស់គ្នាមិនគួររំលងពេលបានទៅលេងខេត្តមណ្ឌលគិរីនេះ។

១. ចំណាយពេល ១យប់​ នៅផ្ទះស្នាក់អាស្រ័យជាមួយគ្រួសារជនជាតិភាគតិច (ជនជាតិព្នង)

ខ្ញុំដឹងថាជនជាតិខ្មែរយើងអត់សូវមាននរណាគេចូលចិត្តការស្នាក់អាស្រ័យនៅផ្ទះអ្នកស្រុកអ្នកភូមិ នៅពេលដែលគេដើរលេងទេ។ គេសង់អូតែលនិងផ្ទះសំណាក់មួយគំនរនៅតាមគោលដៅទេសចរណ៍នីមួយៗ ហើយតម្លៃនោះក៏សមរម្យទៀត ចាំបាច់អីទៅគេងផ្ទះអ្នកស្រុកអ្នកភូមិដែលយើងអត់ដែលស្គាល់សោះ ត្រូវអត់?

ខ្ញុំដឹងថាការស្នាក់នៅផ្ទះអ្នកដទៃដែលយើងមិនដែលស្គាល់សោះនោះ​ ស្តាប់ទៅគួរអោយខ្លាចមែនទែន សូម្បីតែចំពោះខ្ញុំផ្ទាល់ហ្នឹងក៏ខ្ញុំទទួលស្គាល់ថាវាគួរអោយខ្លាចដែរ ប៉ុន្តែបើមិនសាកក៏មិនដឹងថាវាយ៉ាងម៉េចដែរ មែនអត់?

ខ្ញុំជាមួយនឹងមិត្តភក្តិរបស់ខ្ញុំបានចំណាយពេល ១យប់ គេងនៅផ្ទះពូមឿនដែលជាគ្រួសារជនជាតិភាគតិចនៅភូមិពូតាំង ហើយពួកយើងបានរៀននិងស្វែងយល់ពីពួកគាត់យ៉ាងច្រើន។

ពួកយើងបានទៅដល់ផ្ទះពូមឿននៅម៉ោង ១០:៣០នាទីព្រឹក ហើយយើងក៏ចំណាយពេលមួយថ្ងៃពេញនៅជាមួយគ្រួសារគាត់។ គ្រាន់តែគាត់ឃើញពួកយើងទៅដល់ភ្លាម មីងប្រពន្ធពូមឿនចូលចង្រ្កានចាប់ផ្តើមធ្វើម្ហូបអាហារថ្ងៃត្រង់អោយពួកយើងញ៉ាំភ្លែតតែម្តង។ ខ្ញុំឃើញដូច្នោះក៏ទៅជួយគាត់ធ្វើម្ហូប បើទោះជាខ្ញុំមិនចេះធ្វើម្ហូបក៏ដោយ។ ហាហាហា

បន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួច ពួកយើងក៏ចេញដំណើរទៅចំការរបស់គ្រួសារពូមឿន។

ការដាំដំណាំគឺជាមុខរបរមួយសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារជនជាតិភាគតិច។ ពេលដែលពូមឿនប្រាប់ថាគាត់នឹងជូនពួកយើងទៅលេងចម្ការរបស់គាត់ ពួកយើងគិតថាប្រហែលជាចម្ការនៅក្រោយផ្ទះគាត់ទេ មិនមែននៅឆ្ងាយដល់ណាដល់ណីទេ អញ្ចឹងហើយខ្ញុំខ្ចិលដូរខោក៏ស្លៀកខោខ្លីទៅតែម្តង។

តែមានដូចការគិតឯណា ចម្ការរបស់គាត់នៅជើងភ្នំឯណោះ។ តែផ្លូវដើរហ្នឹងក៏គ្មានផង ដើរឡើងភ្នំចុះភ្នំ វែកស្មៅធ្វើផ្លូវផង ដើរលើភក់ផង ដើរលើគល់ឈើមួយដើមដែលនៅកន្លែងទឹកហូរខ្លាំងផងអីផង​ ទើបដល់។​ ថាពេលទៅធួរដើរព្រៃនិងមើលដំរីទៅផ្លូវដើរពិបាក ផ្លូវទៅចម្ការនេះពិបាកជាងនោះទ្វេដង។

ផ្លូវពិបាកមធ្យមទេ ងំនោះគឺថាស្មៅចាក់កំភ្លៅនិងជើងខ្លាំង។ អញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាអានអត្ថបទនេះហើយ រួចគិតថាចង់គេងនៅផ្ទះជនជាតិភាគតិចនិងទៅលេងចម្ការពួកគាត់ដែរនោះ ត្រៀមខ្លួនស្លៀកសម្លៀកបំពាក់ណាដែលជិតៗខ្លួនល្អទៅ ហើយពាក់ស្បែកជើងឡើងភ្នំត្រឹមត្រូវផង។

ទីបំផុតក៏ដល់ផ្ទះនៅចម្ការរបស់គាត់ ដំណាំគាត់ខ្ពស់ៗល្អណាស់ កម្ពស់ប៉ុនខ្ញុំហើយហ្នឹង។

នៅតាមផ្លូវត្រឡប់មកពីចម្ការវិញ ខ្ញុំក៏សួរពូមឿនពីស្រាអូវតិនរបស់ជនជាតិ ហើយគាត់ក៏នាំពួកយើងទៅផ្ទះបុរាណដែលផលិតស្រានោះតែម្តង។ អ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺថាគេទុកផ្ទះចោលមួយសម្រាប់ផ្ទុកស្រាអូវតិនគ្រប់ខ្នាតតែម្តង។

ខ្ញុំអត់ចេះផឹកស្រាទេ ដូច្នោះហើយខ្ញុំគិតថាស្រាអូវតិននេះប្រហែលជាមានរសជាតិរឹតតែចម្លែកជាងស្រាផ្សេងៗទៀតហើយ។ តែមានឯណា សាកមួយម៉ាត់ក៏ញ៉ាមហើយទិញមួយអូវតិនអស់ ២០,០០០រៀល មកផ្ទះទៀត។ ហាហាហា

ពួកយើងមកដល់ផ្ទះវិញនៅម៉ោង ៤ល្ងាច ហើយក៏ចាប់ផ្តើមចម្អិនម្ហូបប្រចាំតំបន់របស់ជនជាតិភាគតិចសម្រាប់អាហារពេលល្ងាច ហើយម្ហូបនោះគឺសម្លបុកនេះឯង។

ក្រៅពីសម្លបុកនេះ ជនជាតិភាគតិចក៏មានម្ហូបប្រចាំត្រកូលគេមួយទៀតដែរ ដែលម្ហូបនោះហៅថា សម្លម្សៅ។ ខ្ញុំអត់ដែលដឹងថាសម្លម្សៅនេះជាម្ហូបប្រចាំត្រកូលគេសោះ ទាល់តែមីងប្រាប់បានដឹង។ មីងក៏ប្រាប់ទៀតដែរថា ជនជាតិភាគតិចភាគច្រើនគេនិយមញ៉ាំសម្លម្សៅនេះឯង ដោយសារតែគេមិនត្រូវការចំណាយលុយទៅទិញអីទេ គ្រាន់តែបេះបន្លែពីចម្ការគេយកមកចម្អិនជាការស្រេច។

ក្រៅពីមុខរបររកសុីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃនិងម្ហូបប្រចាំត្រកូល ខ្ញុំជឿថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់លឺហើយថាជនជាតិភាគតិចមានភាសារបស់ពួកគាត់ផ្ទាល់។​ គ្រួសារពូមឿនបានបង្រៀនខ្ញុំប៉ុន្មានពាក្យដែរ ប៉ុន្តែខួរក្បាលខ្ញុំមិនសូវល្អ អញ្ចឹងចាំបានតិចបំផុត។ ចាំបានថា​ <<ឈរ>> មានន័យថា <<ឆ្កែ>> ហើយ <<អេវ>> គឺ <<ឆ្មា>>។ ខ្ញុំចូលចិត្តស្តាប់ពេលពួកគាត់និយាយគ្នាមែនទែន ទោះស្តាប់អត់យល់ក៏ចេះតែចង់ស្តាប់។ ហើយអ្វីដែលរឹតតែគួរអោយចង់ស្តាប់ជាងភាសាគាត់ទៀតនោះ គឺពេលដែលគាត់និយាយភាសាខ្មែរធម្មតាប៉ុន្តែនៅរដឺន ស្តាប់ទៅពិតជាគួរអោយស្រឡាញ់មែនទែន។

សរុបមកវិញ ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលបានស្នាក់នៅជាមួយពួកគាត់មួយថ្ងៃ។​ ការស្នាក់អាស្រ័យជាមួយមនុស្សតាមតំបន់ជួយអោយយើងទទួលបានបទពិសោធន៍ថ្មីៗ ហើយក៏ជួយបង្កើនចំណូលដល់បងប្អូនជនជាតិភាគតិចផងដែរ។​ ប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ អ្នកអាចផ្ញើរសារមកខ្ញុំផ្ទាល់ ខ្ញុំនឹងប្រាប់ពីរបៀបទាក់ទងពួកគាត់។

ខាងក្រោមនេះគឺជាអ្វីដែលអ្នកទាំងអស់គ្នាគួររៀបចំមុនទៅគេងនៅផ្ទះស្នាក់អាស្រ័យ ៖

  • ភួយ ៖ តាមពិតទៅពួកគាត់មានភួយអោយយើងរួចស្រេចហើយ ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែសាគួរទៅមួយដែរទៅ ព្រោះភួយរបស់ពួកគាត់រៀងស្តើង​ ហើយអាកាសធាតុពេលយប់អាចនឹងត្រជាក់ជាងធម្មតាក៏ថាបាន។
  • អាវដៃវែងនិងខោជើងវែង ពាក់អាវដៃវែងខោជើងវែងពេលគេងដើម្បីជៀសវាងមូសខាំនិងកុំអោយត្រជាក់ជ្រុលនៅពេលយប់។
  • ស្បែកជើងឡើងភ្នំ ៖ ពាក់ស្បែកជើងជំពាមទៅចម្ការគាត់អាចនឹងរអិលនិងបណ្តាលអោយមានគ្រោះថ្នាក់ ទិញស្បែកជើងឡើងភ្នំមួយគូរទៅបើមិនទាន់មាន។
  • ស្បែកជើងជំពាម ៖ ស្រួលដើរក្នុងផ្ទះនិងទៅបន្ទប់ទឹក។
  • ពិល ៖ នៅផ្ទះនោះមានភ្លើងអគ្គិសនី ប៉ុន្តែដាក់ពិលទៅដែរទៅព្រោះវាអាចនឹងដាច់ភ្លើង។
  • ស្ព្រៃយ៍បាញ់សត្វល្អិត
  • សម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក ៖ នេះផ្ទះអ្នកស្រុកមិនមែនអូតែលទេ ដាក់របស់របរប្រើប្រាស់ក្នុងបន្ទប់ទឹកផ្ទាល់ខ្លួនទៅ។

តម្លៃស្នាក់នៅក្នុងមួយយប់៖ ១០,០០០០រៀល/ម្នាក់ (២៥ដុល្លារ)

២. ធួរដើរព្រៃនិងងូតទឹកជាមួយដំរី

ដែលឃើញរូបថតគេជិះលើដំរីអត់?

មើលទៅដូចជាសប្បាយនិងអស្ចារ្យណាស់មែនអត់ ដែលមានរូបថតជិះដំរីនៅកណ្តាលព្រៃបង្ហោះលើហ្វេសប៊ុករឺក៏អុីនស្តាក្រាម? ប៉ុន្តែអ្នកទាំងអស់គ្នាមានដែលគិតអត់ថា ការប្រើប្រាស់ដំរីដើម្បីធ្វើជាឧបករណ៍កម្សាន្តហ្នឹង​ គឺជាសកម្មភាពដ៏អាក្រក់មួយដែលមនុស្សម្នាក់ៗធ្វើឡើង?

អ្នកទាំងអស់គ្នាសាកគិតបន្តិចមើល ប្រសិនបើអ្នកទាំងអស់គ្នាត្រូវស្ពាយកាតាបដែលមានទម្ងន់ធ្ងន់ប៉ុនមនុស្សម្នាក់មួយថ្ងៃពេញ តើអ្នកទាំងអស់គ្នានឹងមានអារម្មណ៍បែបណាដែរ?

មិនថាអ្នកទាំងអស់គ្នាមាំមួនប៉ុណ្ណាទេ បើអ្នកទាំងអស់គ្នាស្ពាយរបស់ធ្ងន់ពេញមួយថ្ងៃ អ្នកប្រាកដជានឿយហត់ ហើយយូរៗទៅឆ្អឹងខ្នងរបស់អ្នកអាចនឹងចុះខ្សោយ ហើយទីបំផុតនោះវាអាចនឹងបាក់ទៀត។​ អ្នកទាំងអស់គ្នាចេះហត់ ដំរីក៏ចេះហត់ដូចគ្នាដែរ។

អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយថា បើអត់អោយជិះដំរី អញ្ចឹងឥឡូវអោយធ្វើអីវិញ? ងាយៗ អ្នកទាំងអស់គ្នាអាចសាកល្បងទៅធួរ​ដើរព្រៃនិងងូតទឹកជាមួយដំរីវិញ!

ធួរដើរព្រៃនិងងូតទឹកជាមួយដំរីនេះមាន ២ ប្រភេទផ្សេងគ្នា ដែលទី ១ នោះគឺធួរមួយថ្ងៃពេញ និងមួយទៀតនោះគឺធួររយៈពេល ២ថ្ងៃ។ ដោយសារតែពួកយើងអត់មានពេលច្រើន ពួកយើងក៏ទៅធួរមួយថ្ងៃពេញ ដែលចាប់ផ្តើមពីម៉ោង ៩:០០ព្រឹក៤:៣០ល្ងាច

ធួរហ្គាយបានប្រាប់យើងថា កាលពីដើមឡើយដំរីមួយក្បាលជាកម្មសិទ្ធិរបស់ ៨ គ្រួសារ ដោយសារតែពេលដែលគេចេញប្រមាញ់ដំរី គេទៅជាក្រុមៗ ហើយនៅពេលដែលគេចាប់បានដំរីហើយនោះ ដំរីមួយក្បាលនោះនឹងក្លាយជាកម្មសិទ្ធិរបស់ក្រុមនោះដោយស្វ័យប្រវត្តិតែម្តង។ ហើយមុនពេលដែលដំរីត្រូវបានជួយសង្រ្គោះដោយអង្គការក្រៅរដ្ឋាភិបាល គ្រួសារទាំងអស់នោះតែងតែផ្លាស់ប្តូរវេនគ្នាមួយឆ្នាំម្តងក្នុងការប្រើប្រាស់ដំរីសម្រាប់រកលុយតាមមធ្យោបាយផ្សេងៗដូចជា ការអោយមនុស្សជិះដំរី រឺក៏ការអូសឈើជាដើម។

បច្ចុប្បន្ននេះមានអង្គការក្រៅរដ្ឋាភិបាលជាច្រើនទាំងនៅក្នុងប្រទេសនានានៅអាសុីអាគ្នេយ៍ក៏ដូចជាមណ្ឌលគិរីផ្ទាល់ កំពុងតែព្យាយាមជួយសង្គ្រោះដំរីអោយរួចផុតពីការជិះជាន់ផ្សេងៗដូចដែលបានរៀបរាប់ខាងលើ។ គេជួយសង្រ្គោះដំរីទាំងអស់នោះតាមរយៈការទិញដំរីពីគ្រួសារនីមួយៗ រួចបង្កើតជាធួរសម្រាប់ភ្ញៀវទេសចរមកលេងនិងងូតទឹកជាមួយដំរី។

មិនត្រឹមតែគេជួយសង្រ្គោះជីវិតដំរីតែមួយមុខទេ គេក៏បានបង្កើតការងារដល់គ្រួសារដែលធ្លាប់ជាម្ចាស់របស់ដំរីនោះពីមុនដែរ។ គ្រួសារទាំងអស់នោះអាចរកចំណូលបានបន្ថែមពីការធ្វើម្ហូបជូនភ្ញៀវទេសចរដែលទៅលេងធួរដើរព្រៃនិងងូតទឹកជាមួយនឹងដំរីនោះ។

នៅក្នុង sanctuary នេះ ដំរីនីមួយៗត្រូវគេថែទាំបានយ៉ាងល្អ ហើយគេព្រលែងពួកវាអោយនៅក្នុងព្រៃយ៉ាងមានសេរីភាពទៀត។ ពួកវាអាចដើរទៅណាក៏បាន ញ៉ាំឬស្សីច្រើនប៉ុណ្ណាក៏បាន ហើយត្រាំទឹកយូរប៉ុណ្ណាក៏បាន។

លុយរបស់អ្នកទាំងអស់គ្នាសម្រាប់ធួរដើរព្រៃនិងងូតទឹកជាមួយដំរីនេះ ដូចជាការបរិច្ចាគមួយសម្រាប់ដំរីទាំងអស់នោះអញ្ចឹង។ ទទួលបានបទពិសោធន៍ថ្មីៗសប្បាយៗហើយបានជួយដល់ដំរីទៀត រកនៅណាបាន?

តម្លៃ៖ ១៦០,០០០រៀល/ម្នាក់​ (៤០ដុល្លារ) សម្រាប់ធួរមួយថ្ងៃពេញ។ តម្លៃនោះរួមបញ្ចូលឡានដឹកពីកន្លែងគេង ធួរហ្គាយដែលចេះនិយាយភាសាអង់គ្លេសម្នាក់ ការដើរព្រៃចម្ងាយ ៧គ.ម អាហារថ្ងៃត្រង់ ទឹកសុទ្ធ អោយចំណីនិងងូតទឹកជាមួយដំរី។

អ្វីដែលអ្នកគួរដឹងមុនពេលទៅធួរដើរព្រៃនិងងូតទឹកជាមួយដំរី ៖

  • បើអត់ចង់អោយសត្វល្អិតចូលខាំដល់គូទដូចខ្ញុំទេ ពាក់អាវដៃវែងខោជើងវែងអោយជិតៗទៅ។ ហាហាហា
  • បើអត់ចង់រអិលដួលទេ ពាក់ស្បែកជើងឡើងភ្នំដែលទប់លំនឹងកជើងបានល្អ ដោយសារតែអ្នកនឹងត្រូវដើរឡើងភ្នំចុះភ្នំរហូត ហើយផ្លូវកន្លែងខ្លះរអិលខ្លាំង។
  • កុំយករបស់របរទៅច្រើនពេក ព្រោះត្រូវដើរផ្លូវឆ្ងាយ។
  • កុំភ្លេចដាក់ឈុតហែលទឹកទៅផង មិនអញ្ចឹងទេអត់បានងូតទឹកជាមួយដំរីទេ។
  • ដាក់ស្ព្រៃយ៍បាញ់សត្វល្អិតទៅផង ហើយបាញ់ស្ព្រៃយ៍ ២ម៉ោងម្តង។

៣. ជិះខ្សែរ៉កកាត់ទឹកជ្រោះប៊ូស្រានៅ Mayura Zipline

ធ្លាប់ជិះខ្សែរ៉កពីមុនមកអត់? បើអត់ធ្លាប់ទេ សាកជិះនៅ Mayura Zipline ម្តងមើល ធានាថាពេញចិត្ត!

ខ្ញុំធ្លាប់ជិះខ្សែរ៉កប៉ុន្មានដងហើយ ប៉ុន្តែមានតែនៅ Mayura Zipline នេះទេដែលធ្វើអោយខ្ញុំចង់លេចនោមជាងគេ។ ចង់លេចនោមក៏ចង់លេចនោម សប្បាយក៏សប្បាយ មានអារម្មណ៍ថាដូចបានព្រលែងតាហ្សង់ចេញពីក្នុងខ្លួនអញ្ចឹង។ ហាហាហា

នៅ Mayura Zipline នេះមាន ៩ platforms និងកន្លែងជិះ ៥ កន្លែង ហើយវាចាប់ផ្តើមពីការជិះដ៏ស្រួលបំផុត រហូតទៅការជិះដ៏គួរអោយញាប់ញ័របំផុត​ និងបញ្ចប់ដោយការជិះខ្សែរ៉កគូរ។

ខ្សែរ៉កដែលឆ្លងកាត់ទឹកជ្រោះប៊ូស្រានោះមានកម្ពស់ ១០០ម៉ែត្រ និងចម្ងាយ ៣០០ម៉ែត្រ។ គន្លឹះមួយដែលខ្ញុំអាចផ្តល់អោយអ្នកទាំងអស់គ្នានោះគឺថា ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលមានទម្ងល់ស្រាលបំផុតនៅក្នុងក្រុម កុំភ្លេចទុកកាមេរ៉ានៅជាប់ខ្លួន។ ខ្ញុំអត់ប្រាប់ទេថាមកពីមូលហេតុអ្វី គ្រាន់តែដឹងថាវាអាចនឹងមានរឿងគួរអោយចាប់អារម្មណ៍មួយកើតឡើង។ ហាហាហា

អ្នកត្រូវបំពេញឯកសារយល់ព្រមពីសុវត្ថិភាពផ្សេងៗមុននឹងអ្នកចាប់ផ្តើម។

ឧបករណ៍នៅទីនេះថ្មីៗមែនទែន អញ្ចឹងហើយកុំបារម្ភថាឧបករណ៍នោះអាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកពេលជិះ។

មុននឹងអ្នកទៅជិះខ្សែរ៉កមែនទែន ហ្គាយរបស់អ្នកនឹងពន្យល់ប្រាប់អ្នកពីអ្វីដែលអ្នកត្រូវ និងមិនត្រូវធ្វើកំឡុងពេលជិះ។ ពួកគេក៏បង្ហាញយើងពីរបៀបជិះផ្សេងៗនៅ mock zipline របស់គេផងដែរ។ បន្ទាប់ពីអ្នកយល់សព្វគ្រប់ហើយ អ្នកនឹងចាប់ផ្តើមជិះតែម្តង។ ខ្ញុំសូមផ្តាំថាកុំភ័យរឿងរបូតខ្សែនិងឧបករណ៍ផ្សេងៗចេញពីខ្លួន ហ្គាយរបស់អ្នកនឹងឆែកមើលឧបករណ៍អ្នកជានិច្ច មុននឹងឡើងជិះខ្សែរ៉កពីមួយកន្លែងទៅមួយកន្លែង។

ដើម្បីសុវត្ថិភាព គេមានកំណត់ទម្ងន់ត្រឹម ១២៥គីឡូក្រាម អាយុ ៥ ឆ្នាំ និងកម្ពស់ ១ម៉ែត្រឡើង។

អ្វីដែលអ្នកទាំងអស់គ្នាគួររៀបចំមុនពេលទៅជិះខ្សែរ៉ក ៖

  • ស្លៀកពាក់សម្លៀកបំពាក់ណាស្រួលៗដូចជាសម្លៀកបំពាក់កីឡាជាដើម។
  • ពាក់ស្បែកជើងឃ្លុប កុំពាក់ស្បែកជើងជំពាមអោយសោះ ប្រយ័ត្នធ្លាក់ស្បែកជើងទៅក្រោមបាត់។
  • បាញ់ស្ព្រៃយ៍ការពារសត្វល្អិតខាំមុនពេលទៅ។

យ៉ាចម៉េចហើយ? ចង់ទៅមណ្ឌលគិរីដែរអត់? នៅចាំដល់ណាទៀត ខែនេះខែល្អបំផុតសម្រាប់ទៅលេងខេត្តមណ្ឌលគិរីហើយ!

កក់សំបុត្រឡាននៅ ទីនេះ