fbpx
Banon Bamboo Train-Ohh!Cambodia

ដឹងអត់នៅបាត់ដំបង អាចជិះ​ណូរី​បានដល់ទៅពីរកន្លែងផ្សេងគ្នា

ធ្លាប់ដឹងហើយថា ការជិះណូរីនៅខេត្តបាត់ដំបង គឺល្បីណាស់សម្រាប់អ្នកទេសចរ។ បើឆែកមើល #bambootrainbattambang នៅលើ Instagram វិញ គឺមិនខ្វះរូបគេបង្ហោះរាល់ថ្ងៃទេ។ តែពេលខ្លះ ក៏ឃើញរូបមាន​ផ្លូវដែកខុសគ្នា ខ្លះឃើញគ្រែឬស្សីរាងចាស់ ខ្លះទៅក៏ឃើញស្អាតថ្មីចែស។ 

តាមពិតទៅ នៅបាត់ដំបងមានកន្លែងជិះណូរីពីរកន្លែងផ្សេងគ្នា។  

ណូរីបាត់ដំបង (ដើម)

ណូរីបាត់ដំបង ដែលរត់លើផ្លូវដែកចាស់ កាលមុនជួសជុល (រូបថតដោយ៖ អ្ហូ!កម្ពុជា)

ណូរី​បាត់ដំបង​ គឺ​សំដៅ​ទៅលើ​ណូរី​ដែល​រត់​លើកំណាត់​ផ្លូវ​ដែក​ចាស់ ដែលភ្ជាប់​ពី​ភ្នំពេញ ទៅកាន់ព្រំដែនខ្មែរ-ថៃ ដល់ក្រុងប៉ោយប៉ែត​ តាម​បណ្តោយផ្លូវជាតិលេខ៥ ។ ពីមុនមកណូរីគឺត្រូវបានប្រើប្រាស់សម្រាប់ការដឹកទំនិញធម្មតាប៉ុណ្ណោះ ដោយពុំមានការកែច្នៃឬរៀបចំដើម្បីឲ្យកា្លយជាសកម្មភាពកំសាន្ដអីនោះទេ។ ចំណែកឯទេសភាពវិញមានតែផ្ទះប្រជាពលរដ្ឋ និងវាលស្រែតែប៉ុណ្ណោះ។ ក្រោយមកក៏ក្លាយជា ការពេញនិយមជិះកំសាន្តលេង។ 

បច្ចុប្បន្ន ផ្លូវដែកនេះត្រូវបានជួសជុលនិងសម្ពោធដាក់ឲ្យប្រើប្រាស់វិញកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៩។ នាពេលនោះ ណូរីទេសចរណ៍ដែលដំណើរការអស់រយៈជាងពីរទសវត្សនោះ ត្រូវបានបិទក្នុងរយៈពេលខ្លី សម្រាប់ការជួសជុលឡើងវិញ។

ណូរីបាត់ដំបង ក្រោយផ្លូវដែកជួសជុលហើយ។ (វីដេអូពីក្រុមរត់ចោលស្រុក RunAway)

ចុចទីនេះ សម្រាប់ទីតាំងជិះណូរីដើមនៅលើ Google Maps ។

ណូរីជើងភ្នំបាណន់

ទេសចរជិះណូរីនៅកន្លែងជិះថ្មី នៅជើងភ្នំបាណន់ (រូបថតដោយ៖ អ្ហូ!កម្ពុជា)

ណូរីភ្នំបាណន់ ជាកន្លែងកែច្នៃថ្មី នៅជើងភ្នំបាណន់ផ្ទាល់ ដែលផ្លូវដែក​សង់ឡើងសម្រាប់​តែសកម្មភាព​ទេសចរណ៍ផ្ទាល់តែម្តង។ ផ្លូវដែកថ្មីនេះ មិនមានជាប់ទាក់ទងទៅនឹងផ្លូវដែកដឹកជញ្ជូនអ្នកដំណើរឬទំនិញនោះទេ ហើយមានប្រវែងត្រឹមតែ ៤គីឡូម៉ែត្រ មាន២ខ្សែរត់ទៅមក។ ណូវីភ្នំបាណន់​នេះ​ ត្រូវបាន​បង្កើតឡើងដោយសារការមើលឃើញពីសក្តានុពលទេសចរណ៍ពីការជិះណូរីនេះ ទើបមានការអភិវឌ្ឍកន្លែងកែច្នៃនេះឡើងដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរណ៍ បន្ទាប់ពីគម្រោងជួសជុលផ្លូវដែកត្រូវបានប្រកាសឡើង។

នៅកន្លែងថ្មី ផ្លូវដែកគឺវៀងជុំវិញភ្នំបាណន់តែម្តង (រូបថតដោយ៖ អ្ហូ!កម្ពុជា)

ផ្លូវណូរីចាស់ឬថ្មីមិនខុសគ្នានោះទេ។ អ្វីដែលខុសនោះគឺកន្លែងថ្មីមានចំងាយឆ្ងាយជាង ប៉ុន្ដែទេសភាពស្រស់ស្អាតជាង ដោយសារផ្លូវដែករបស់ណូរីកន្លែងថ្មីនេះ គឺវៀងជុំវិញភ្នំបាណន់តែម្តង។ រីឯតំលៃវិញត្រូវបានដាក់កំណត់ ដោយក្នុងម្នាក់តំលៃ១ម៉ឺនរៀលសម្រាប់ភ្ញៀវជាតិ និង តំលៃ២ម៉ឺនរៀលសម្រាប់ភ្ញៀវអន្ដរជាតិ។ ហើយអ្វីដែលកាន់តែពិសេសនោះគឺមានផ្ដល់ជូនប័ណ្ណធានាអាយុជីវិត នៅពេលដែលទិញសំបុត្រទៀត ហើយសម្រាប់ណូរីវិញអាចផ្ទុកមនុស្សបាន ៥ ទៅ ៦នាក់។

លក្ខណៈពិសេសរបស់ណូរី គឺភាពបត់បែន ដែលគ្រែឬស្សីនិងកង់ អាចលើកចេញពីផ្លូវដែក ពេលជិះជួបនឹងណូរីផ្សេងទៀត ឬរទេះភ្លើង (រូបថតដោយ៖ អ្ហូ!កម្ពុជា)

កក់សំបុត្រណូរីភ្នំបាណន់នៅទីនេះ

អត្ថបទដោយ៖ លឹម តូនីតា