

ជាធម្មតាពេលដែលនិយាយអំពីភ្នំក្រោមនៅសៀមរាបគឺភាគច្រើនគេនិយាយអំពីផ្លូវដែលជិះចេញពីក្រុងឆ្ពោះដំណើរទៅកាន់ដៃបឹងទន្លេសាប ដែលទេសចរចូលចិត្តជិះទូកកំសាន្ត។ ប៉ុន្តែអ្វីដែលអ្នកទាំងអស់គ្នាមិនបានចាប់អារម្មណ៍នោះគឺ ភ្នំក្រោមក៏មានកន្លែងទេសចរណ៍សមគួរសម្រាប់ឲ្យអ្នករាល់គ្នាសម្រាកជួបជុំគ្រួសារមិត្តភក្តិ ញ៉ាំអី និងគយគន់ថ្ងៃលិចពីលើវាលស្រែនិងទឹកដ៏ធំល្វឹងល្វើយដែរ!

រឿងមួយដែលអ្នកគួរដឹងនោះគឺ បើសិនជាអ្នកមានបំណងចង់លម្ហែរកាយនៅលើភ្នំក្រោមនេះ អ្នកគួរតែជិះម៉ូតូដែលអាចរកជួលបាននៅម្ដុំផ្សារចាស់ ព្រោះថាផ្លូវជិះឡើងភ្នំក្រោមនេះមានទំហំតូច។
ពេលជិះទៅដល់ភ្នំក្រោមដំបូង អ្នកត្រូវជិះហួសផ្លូវក្លោងទ្វារវត្ត រួចអ្នកនឹងឃើញមានផ្លូវដែលមានដាក់ស្ថានីយល្បាតរបស់ប៉ូលីស។ អ្នកគ្រាន់តែជិះចូលតាមផ្លូវនោះ រួចអ្នកនឹងអាចជិះឡើងភ្នំក្រោមនេះបានហើយ។
នៅតាមផ្លូវឡើងភ្នំនេះ ចាប់ពីម៉ោងប្រហែលជា៥នឹងមានអាជីវករមកលក់ម្ហូបអាហារចំណីជាច្រើនបែបដែលអ្នកអាចអង្គុយញ៉ាំ និងទស្សនាទិដ្ធភាពដៃបឹងទន្លេសាបពីលើភ្នំបាន។

បើសិនជាអ្នកបន្តដំណើរទៅមុខនេះ អ្នកនឹងមកដល់វត្តភ្នំក្រោមដែលស្ថិតនៅលើភ្នំនេះតែម្តង។ មកដល់កន្លែងនេះ អ្នកអាចស្វែងរកផ្លូវលំតូចមួយដែលអមដោយរុក្ខជាតិ។ អ្នកត្រូវជិះតាមផ្លូវនោះដើម្បីទៅកាន់កំពូលភ្នំដែលជាកន្លែងដែលអ្នកអាចគយគន់ទេសភាពថ្ងៃលិចនៅលើវាលស្រែដ៏ធំជាមួយនឹងខ្យល់បក់ត្រជាក់ស្រួល!

តោះទស្សនាទិដ្ឋភាពខ្លះដែលពួកយើងបានថតជាមួយគ្នា!
អត្ថបទដោយ៖ When In Cambodia