

កំណត់និពន្ធ៖ ជួបជាមួយ វ៉ា សុវណ្ណពង្ស ជាសហ-ស្ថាបនិកនៃក្រុមរត់ចោលស្រុក។ អ្ហូ! កម្ពុជា បានជួបជជែកគ្នាជាមួយពង្ស អំពីការរត់ចោលស្រុកអាជីព ដែលវិវត្ត ពីមិត្តភក្តិស្គាល់គ្នាតាមកម្មវិធីស្ម័គ្រចិត្ត ហើយបបួលគ្នាដើរលេង រហូតដល់ក្លាយជា travel influencer លើបណ្តាញសង្គមហ្វេសប៊ុក មានហ្វេនជាង៧ម៉ឺននាក់។
អ្ហូ! កម្ពុជា៖ តើក្រុមរត់ចោលស្រុកគឺជាអ្វីដែរ?
ក្រុម RunAway-រត់ចោលស្រុក ៖ មានហ្វេនជាច្រើនលើហ្វេសប៊ុកច្រឡំថា ពួកខ្ញុំជាក្រុមហ៊ុនធួរទេសចរ (tour agency)។ តែតាមពិតទៅ ពួកខ្ញុំជា travel influencer នៅលើបណ្តាញសង្គមទៅវិញទេ។ ក្រុមរត់ចោលស្រុក គឺជាក្រុមយុវជនមានគ្នា ៥ ទៅ ៦ នាក់ ដែលចូលចិត្តធ្វើដំណើរកំសាន្ត ហើយចែករំលែកគន្លឹះអំពីរបៀបដើរលេង ធ្វើម៉េចដើរបានច្រើនកន្លែងនិងអស់លុយតិច (budget) តាមរយៈការបង្ហោះរូបភាពនិងវីដេអូ នៅលើបណ្តាញសង្គម ។ ពួកយើងមានជំនាញខុសៗគ្នា អ្នកខ្លះប៉ិនថតរូប អ្នកខ្លះប៉ិនថតវីដេអូ ហើយអ្នកខ្លះទៀតក៏ពូកែកាត់តផងដែរ។
(រូបថតដោយ៖ ក្រុម RunAway-រត់ចោលស្រុក) (រូបថតដោយ៖ ក្រុម RunAway-រត់ចោលស្រុក) (រូបថតដោយ៖ ក្រុម RunAway-រត់ចោលស្រុក) (រូបថតដោយ៖ ក្រុម RunAway-រត់ចោលស្រុក) (រូបថតដោយ៖ ក្រុម RunAway-រត់ចោលស្រុក) (រូបថតដោយ៖ ក្រុម RunAway-រត់ចោលស្រុក) (រូបថតដោយ៖ ក្រុម RunAway-រត់ចោលស្រុក) (រូបថតដោយ៖ ក្រុម RunAway-រត់ចោលស្រុក)
អ្ហូ! កម្ពុជា៖ នឹកឃើញម៉េច បានជាដាក់ឈ្មោះក្រុម រត់ចោលស្រុក?
ក្រុម RunAway-រត់ចោលស្រុក៖ ឈ្មោះនេះ ចេញពីការនឹកឃើញរបស់សមាជិកយើងម្នាក់ ដែលគាត់ចូលចិត្តនិយាយពាក្យនេះ ពេលបបួលគ្នាដើរលេង។ ភាគច្រើនគេគិតថា ពាក្យនេះជាពាក្យដែលមានអត្ថន័យអវិជ្ជមាន ប៉ុន្តែពួកយើងចង់ផ្លាស់ប្តូរការយល់ឃើញនេះ។ ពួកយើងចង់បង្ហាញថា ពាក្យនេះក៏អាចប្រើបែបវិជ្ជមានបានដែរ។ សម្រាប់ពួកយើង រត់ចោលស្រុក ចង់សំដៅទៅលើសកម្មភាពគេចចេញពីភាពស្មុគស្មាញរស់នៅក្នុងទីក្រុង ហើយចេញមកដើរលេង ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ស្រាយវិញ ទើបត្រលប់ទៅវិញ។
អ្ហូ! កម្ពុជា៖ ពេលដើរលេងម្តងៗ ធ្វើអ្វីខ្លះ?
ក្រុម RunAway-រត់ចោលស្រុក៖ ពីមុនគ្រាន់តែដើរលេងធម្មតា ប៉ុន្តែការណ៍ដែលបានដើរលេងច្រើនដងនេះធ្វើឲ្យពួកយើងមានបទពិសោធន៍ច្រើនក្នុងការរៀបចំផែនការដើរលេងបានប្រសើរជាងមុន។ ឥឡូវពួកយើងត្រូវត្រៀមពេលទុកមុនពី២ទៅ៣ខែ មុននឹងចេញដំណើរ ដោយសារពេលខ្លះ យើងទទួលបានការឧបត្ថម្ភនៅតាមតំបន់ដែលយើងនឹងទៅលេង ដូច្នេះក៏ត្រូវលៃកាលវិភាគ ធ្វើយ៉ាងណាឲ្យសមស្របគ្នា។ ពួកយើងឆែកមើលកន្លែងណាដើរបានខ្លះ ញ៉ាំអីឆ្ងាញ់ និង គេងនៅកន្លែងណាដែលផ្ដល់នូវបរិយាកាសរីករាយក្នុងការដើរលេង។
អ្ហូ! កម្ពុជា៖ តើអ្វីជាអារម្មណ៍ល្អបំផុតនៅពេលដើរលេង សម្រាប់ក្រុមរត់ចោលស្រុក?
ក្រុម RunAway-រត់ចោលស្រុក៖ ពេលដំបូងគិតថា ទៅលេងគ្រាន់តែបានសប្បាយតែប៉ុណ្ណឹងទេ។ ប៉ុន្តែពេលទៅដល់ កន្លែងនីមួយៗ ធ្វើឲ្យពួកយើងមានអារម្មណ៍ប្លែកខុសៗគ្នា។ ពួកយើងបានជួបនិយាយនឹងអ្នកភូមិរស់នៅក្នុងតំបន់នោះ ស្វែងយល់ពីលក្ខណៈពិសេសនៃកន្លែងនីមួយៗ និងទំនៀមទម្លាប់ពួកគាត់។ ដល់ទៅដើរច្រើនទៅ បានដឹងថាប្រទេសកម្ពុជា សំបូរកន្លែងដើរលេងស្អាតៗច្រើនខ្លាំងណាស់ដែលមិនដែលគិតទុកពីមុនមក។
អ្ហូ! កម្ពុជា៖ តើគិតថាអ្វីដែលខ្លួនបានធ្វើ បានរួមចំណែកអ្វីខ្លះដល់សង្គម?
ក្រុម RunAway-រត់ចោលស្រុក៖ ពួកយើងបានផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មីៗជាច្រើន ដែលពីមុនមិនសូវមានគេស្គាល់ ឬដឹងលឺ ដូច្នេះ អ្នកប្រើប្រាស់បណ្តាញសង្គមក៏បានស្គាល់កន្លែងដើរលេងថ្មីៗ ឬសេវាកម្មជាច្រើនពីពួកយើងផងដែរ។ ពួកយើងចាំបានថា មានហាងជួលម៉ូតូមួយនៅខេត្តកំពត ដែលយើងបានជួលជិះ ហើយផ្សព្វផ្សាយលើហ្វេសប៊ុក។ ក្រោយមក ពូម្ចាស់ហាងបានតេទូរស័ព្ទមកប្រាប់ពួកយើងថា ហាងគាត់ឥឡូវមានគេស្គាល់និងជួលជិះច្រើនជាងមុន ដោយសារពួកយើង។
អ្ហូ! កម្ពុជា៖ គម្រោងអនាគតសម្រាប់ក្រុមរត់ចោលស្រុក ជាអ្វី?
ក្រុម RunAway-រត់ចោលស្រុក៖ យើងនឹងនៅតែបន្តធ្វើជាក្រុមផ្សព្វផ្សាយតំបន់ទេសចរណ៍បន្តទៀត ដើម្បីជាប្រយោជន៍ដល់សង្គម។ យើងចង់ពង្រីកឲ្យគេស្គាល់កម្ពុជាកាន់តែច្រើនជាងនេះទៀត ជាពិសេសពីសហគមន៍អន្តរជាតិ ចង់ឲ្យគេស្គាល់កន្លែងដើរលេងថ្មីៗនៅកម្ពុជា មុននឹងស្គាល់ឈ្មោះក្រុមរត់ចោលស្រុកទៅទៀត!
សារផ្ដាំផ្ញើពីក្រុមរត់ចោលស្រុក៖ ចុងក្រោយ ពីក្រុម RunAway-រត់ចោលស្រុក ចង់ឲ្យហ្វេនរបស់ពួកខ្ញុំទាំងអស់គ្នា inspired ពីការដើរលេងរបស់ក្រុម RunAway ហើយខំប្រឹងដើរខ្លួនឯងផ្ទាល់ផង explore ខ្លួនឯងផ្ទាល់ផង ហើយបើសិនជាមានបច្ចេកទេសខ្លួនឯង ត្រូវខំបង្កើតអ្វីមួយដែលជាស្នាដៃខ្លួនឯង ដើម្បីផ្សព្វផ្សាយទៅទេសចរឌីជីថលនៅកម្ពុជាឲ្យបានច្រើនជាងហ្នឹងទៀត ទាំងនៅក្នុងស្រុក ក្រៅស្រុក ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាយើង មានទីផ្សារកាន់តែធំនៅក្នុងវិស័យទេសចរណ៍ហ្នឹង។