អំពី
ប្រាសាទបាយ័ន មានទីតាំងស្ថិតនៅចំកណ្តាល នៃក្រុងអង្គរធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះ មានតួប៉មជាមុខចំនួនបួន នៅលើកំពូល៤៩ និងកំពូលក្លោងទ្វារចូលទៅកាន់ប្រាសាទចំនួន ៥ទៀត សរុបទាំងអស់ ៥៤ កំពូល ដែលតំណាងឲ្យខេត្តក្រុងខ្មែរទាំង៥៤នៅសម័យកាលនោះ។ មានអ្នកប្រាជ្ញមួយចំនួនបានគិតថា មុខទាំង៤ នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ នៃព្រះពុទ្ធសាសនាមហាយាន អ្នកខ្លះទៀត គិតថាជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទបាយ័នមានប្លង់បីជាន់, ជាន់ទី១ និងទី ២ មានថែវដែលមានចម្លាក់ដ៏ល្អវិចិត្រ។ ប្រាង្គនៅកណ្តាល ១៦ និងស្ថិតនៅជាន់ទី ៣ មានរាងកាកបាទ។ សំណង់ប្រាសាទបាយ័នមានលក្ខណៈស្មុគស្មាញ ទាំងថែវ ផ្លូវដើរ និងជណ្តើរ។ ក្រៅពីទឹកមុខញញឹមនៃរូបបាយ័ន ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណីត ដែលរៀបរាប់ពីរឿងទេវកថានៅថែវខាងក្នុង និងខាងក្រៅ រៀបរាប់ពីជីវភាពរស់នៅរបស់ប្រជាជននៅសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ ជល់មាន់ ជាដើម។
ដើម្បីចូលទស្សនាប្រាសាទបាយ័ន យើងសូមឲ្យយោបល់អ្នកចូលតាម ផ្លូវទិសខាងកើត ព្រោះតាមផ្លូវនេះ យើងអាចឃើញចម្លាក់តោ នាគ គ្រុឌ ហើយនឹងអាងទឹកកសាងឡើងនាជំនាន់នោះ ។ ពេលព្រឹកព្រលឹម ប្រាសាទបាយ័ន បានទទួលពន្លឺព្រះអាទិត្យដ៏ល្អត្រកាល ប៉ុន្តែសូមកុំភ្លេចទស្សនាប្រាសាទនេះ ក្នុងពេលរាត្រីដែលមានពន្លឺដួងខែ ។ រាងរៅរបស់ប្រាសាទមើលឃើញក្នុងពេលថ្ងៃ បានរលុបអស់ជាមួយនឹងស្រមោល។
កប់យោបល់