អំពី
ប្រាសាទបន្ទាយក្តី មានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់។ ប្រាសាទនេះត្រូវបានកសាងឡើងនៅពាក់កណ្តាលទី២ នៃសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧ ហើយត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រះលោកេស្វរៈនៃព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទបន្ទាយក្តីមានខ្លោងទ្វារចំនួន២សម្រាប់ចេញចូលគឺនៅទិសខាងលិច និងទិសខាងកើត។ ពាក្យបន្ទាយត្រូវបានសម្គាល់ថា ជាក្រុងឬប្រាសាទរីឯពាក្យក្តីក្លាយមកពីពាក្យកុដិ ដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញ។ ប្រាសាទបន្ទាយក្តីគឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយានមួយក្នុងចំណោមប្រាសាទព្រះពុទ្ធសាសនាមហាយានជាច្រើនកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ កសាងនៅក្នុងសតវត្សទី១២។ ប៉ុន្តែសម័យកណ្តាលប្រាសាទនេះបានក្លាយជាទីសក្ការៈបូជានៃព្រះពុទ្ធសាសនាហិនយានវិញដែលមាន វត្ត និងចេតិយជាដើម។ មានភស្តុតាងជាច្រើន ដែលនាំឱ្យមានសេចក្តីសនិដ្ឋានយ៉ាងដូចច្នេះគឺតាមរយៈការធ្វើកំណាយរកឃើញកោដ្ឋដាក់ធាតុជា ច្រើននៅបរិវេណប្រាសាទនេះ។ លើសពីនេះទៅទៀតនៅពេលភ្ញៀវទេសចរជនជាតិអឺរ៉ុបបានមកទស្សនាតំបន់អង្គរនៅសតវត្សទី១៩ក៏បានកត់ត្រាទុកថា មានព្រះពុទ្ធបដិមា និងកុដិរបស់ព្រះសង្ឃនៅក្នុងបរិវេណរបស់ប្រាសាទនេះជាភស្តុតាងផងដែរ។
កប់យោបល់