អំពី

ជាកន្លែងកែច្នៃ សម្រាប់អ្នកទេសចរដែលចង់សាកល្បងបទពិសោធជិះណូរី ឬគ្រែឬស្សីដំណើរការលើផ្លូវដែក។ កន្លែងជិះណូរីថ្មីនេះ ស្ថិតនៅជើងភ្នំបាណន់ មានចំងាយប្រមាណ ២០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។  

អ្នកនឹងបានជិះមើលទេសភាពដ៏ស្រស់បំព្រងនៅជុំវិញភ្នំនេះ ដែលមានផ្លូវដែកប្រវែង ៤គីឡូមែត្រ។ ផ្លូវដែកនេះ គឺសង់ថ្មី សម្រាប់តែការជិះណូរីនៅភ្នំបាណន់នេះតែម្តង។ 

ការជិះរយៈពេលប្រមាណ ១០នាទី ក្នុងការជិះម្តងៗ។ ណូរីមួយ អាចផ្ទុកមនុស្សបានរហូតដល់៦ នាក់ សមល្មមសម្រាប់ជិះជាមួយសមាជិកគ្រួសារ។ ប៉ុន្តែអ្នកក៏អាចជិះចែករំលែកជាមួយអ្នកដំណើរដទៃទៀតផងដែរ ដើម្បីកាត់បន្ថយចំណាយ។ 

នៅណូរីភ្នំបាណន់ អ្នកនឹងត្រូវបានដឹកទៅជ្រុងម្ខាងទៀតនៃភ្នំ។ នៅទីនោះ អ្នកទេសសចរអាចចុះដើរទស្សនា ថតរូប ដូចជានៅ សួនផ្កាឈូករ័ត្ន រោងសម្រាក/ក្ចុះ ជាដើម។ បន្ទាប់មក នឹងមានស្ថានីយមួយទៀត ដែលអ្នកអាចឡើងជិះណូរី ត្រលប់មកកន្លែងដើមវិញ។ ក្នុងអំឡុងពេលជិះនេះ អ្នកក៏អាចមើលឃើញប្រជៀវហោះនាពេលថ្ងៃរៀបលិចផងដែរ។ អ្នកបើកបរណូរីនៅភ្នំបាណន់នេះ គឺសុទ្ធសឹងជាអ្នករស់នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបងនេះផ្ទាល់។ 

សំបុត្រសម្រាប់មនុស្សម្នាក់មានតំលៃ ១០០០០ រៀល សម្រាប់ប្រជាជនខ្មែរ និង ២០០០០ រៀលសម្រាប់ជនបរទេស។  កន្លែងនេះបើកពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ រសៀល។