អំពី
វត្តវិហារសសរ១០០ ជាវត្តចំណាស់មួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានសាងសង់ឡើងតាំងពីសតវត្សទី១៦ ក្នុងរជ្ជកាលព្រះបានច័ន្ទរាជា។ ការណ៍ដែលដាក់ឈ្មោះសសរ១០០ គឺសំដៅទៅលើសសរទាំង១០០របស់ព្រះវិហារធំក្នុងវត្តនេះ។ ព្រះវិហារដើម ធ្លាប់ត្រូវបានភ្លើងឆេះ ដោយសារតែគ្រោះធម្មជាតិរន្ទះបាញ់ ហើយត្រូវបានសាងសង់ឡើងវិញចំនួនពីរដង។ បច្ចុប្បន្នព្រះវិហារនេះ មានសសរស៊ីម៉ង់ត៍រហូតដល់ ១១៦ដើម ដែលត្រូវបានដាំជុំវិញព្រះវិហារចំនួនពីរជុំ ហើយដាំក្នុងលក្ខណៈឆ្លុះគ្នា។ វត្តវិហារសសរ១០០ មានព្រះវិហារបែរទៅទិសខាងជើង ដែលជាវត្តមួយក្នុងចំណោមវត្ត ដែលមានព្រះវិហារបែរមុខទៅទិសផ្សេងៗទាំងបួន ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
ទីតាំង
វត្តវិហារសសរ១០០ ស្ថិតនៅក្នុងស្រុកសំបូរ មានចំងាយប្រមាណ៣៦គីឡូម៉ែត្រ ខាងជើងពីទីរួមខេត្តក្រចេះ។ អ្នកដំណើរអាចទៅដល់វត្តនេះ បានដោយរថយន្ត ម៉ូតូ ឬជួលតុកតុក តាមផ្លូវជាតិលេខ ៧ ជាផ្លូវបណ្តោយមាត់ទន្លេពីទីរួមខេត្ត។ ជាទូទៅការធ្វើដំណើរ ត្រូវចំណាយប្រមាណរយៈពេលមួយម៉ោង។
វត្តវិហារសសរ១០០មានទីតាំងស្ថិតនៅក្បែរមាត់ទន្លេមេគង្គត្រើយខាងកើត ក្នុងឃុំសំបូរ ស្រុកសំបូរចម្ងាយពីទីរួមខេត្តក្រចេះ៣៦គីឡូម៉ែត្រ ។ ដើម្បីទៅដល់ទីនោះត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ ចាស់ជាផ្លូវកៅស៊ូសល់ពីសម័យសង្គមរាស្ត្រនិយម តាមបណ្តោយមាត់ទន្លេ ពីទីរួមខេត្តក្រចេះ និងឆ្ពោះទៅដល់ស្រុកសំបូរ ។
តម្លៃ
ទាំងភ្ញៀវខ្មែរនិងបរទេស មិនត្រូវការទិញសំបុត្រចូលទស្សនាវត្តបុរាណមួយនេះទេ ប៉ុន្តែអ្នកអាចត្រូវចំនាយលើថ្លៃជួលតុកតុក ដែលជាទូទៅមានតម្លៃប្រហែល ១០ទៅ១៥ ដុល្លារសម្រាប់ការជួលរយៈពេលមួយព្រឹក។
កន្លែងគួរទស្សនា
- ឡើងព្រះវិហារធំ ដើម្បីទស្សនាសសរព្រះវិហារ
- ចូលចាក់គម្ពីរនៅលើព្រះវិហារធំ
- ទស្សនាកន្លែងគំនូរប្រវត្តិសាស្ត្រវត្តវិហារសសរ១០០ ដែលដំណាលអំពីរឿងក្រពើនេនធន់
- ទស្សនាចេតិយបុរាណដែលមានបញ្ចុះអដិ្ឋធាតុសែរាជវង្សខ្មែរ ជាពិសេសអដ្ឋិធាតុបុត្រីរបស់ព្រះបាទចន្ទរាជា នៅខាងមុខព្រះវិហារធំ
- ទស្សនាមណ្ឌលអភិរក្សាអណ្តើក-កន្ធាយមេគង្គ (នៅជំហៀងខាងក្រោយព្រះវិហារធំ)
អ្ហូ! គួរដឹង!
- ពេលព្រឹកជាពេលល្អជាងគេសម្រាប់ទៅលេងរមណីយដ្ឋាននេះដោយសារមេឃភាគច្រើនត្រជាក់ល្អ
- គួរចំនាយពេលប្រហែលមួយម៉ោង សម្រាប់ទស្សនាវត្តវិហារសសរ១០០ ឲ្យសព្វជ្រុងជ្រោយ
- ស្លៀកសំលៀកបំពាក់សមរម្យ ដោយសារជាទីអារាម
កប់យោបល់