fbpx
IMG_20190905_101021 copy

គួរដឹងអ្វីខ្លះ ពេលជិះឡានឆ្លងដែនទៅលេងប្រទេសវៀតណាម?

និយាយលេងសើចអី ពេលខ្ញុំទៅលេងហូជីមិញ ប្រទេសវៀតណាមលើកទីមួយ ខ្ញុំរៀងភ័យដែរហ្នឹង ព្រោះអត់ដឹងថាពេលទៅដល់កន្លែងឆ្លងដែនត្រូវធ្វើអីខ្លះ។ សំខាន់នោះគឺទៅម្នាក់ឯងទៀត បើសិនជាមានគ្នាបែបមិនសូវអី។

អារម្មណ៍ភ័យហ្នឹងអត់ស្រួលទេ វាអាចនាំអោយយើងច្របូកច្របល់ វង្វេងវង្វាន់ហើយមិនដឹងខ្លួនថាកំពុងតែធ្វើអី។ ដូច្នេះហើយដើម្បីកុំអោយអ្នកទាំងអស់គ្នាភ័យខ្លាចដូចខ្ញុំ ខ្ញុំក៏សម្រេចចិត្តសរសេរអត្ថបទនេះឡើង។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ពីអ្វីដែលអ្នកត្រូវដឹង ពេលដំណើរតាមឡានទៅលេងទីក្រុងហូជីមិញ ប្រទេសជិតខាងយើងនេះ។

១. ជ្រើសរើសឡានធ្វើដំណើរដ៏គួរអោយទុកចិត្តជាងគេ

តាមពិតទៅមានឡានក្រុងច្រើនណាស់ដែលធ្វើដំណើរចេញពី ភ្នំពេញ-ហូជីមិញ ប៉ុន្តែការជ្រើសរើសឡានក្រុងដែលគួរអោយទុកចិត្តជាងគេនោះមិនមានភាពងាយស្រួលទេ។ អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយថា ប្រសិនបើអ្នកធ្វើដំណើរផ្លូវនេះលើកទីមួយ ធ្វើយ៉ាងណាទើបដឹងថាឡានណាគួរអោយទុកចិត្តនិងឡានណាមិនគួរអោយទុកចិត្តទៅ?

វិធីដ៏ស្រួលបំផុតនោះគឺ អ្នកអាចចូលទៅមើលលើវេបសាយ BookMeBus ហើយបំពេញជើងធ្វើដំណើរពី ភ្នំពេញ-ហូជីមិញ និងថ្ងៃចេញដំណើរនៅក្នុងប្រអប់។ បន្ទាប់ពីបំពេញរួចរាល់អស់ អ្នកទាំងអស់គ្នានឹងឃើញក្រុមហ៊ុនឡានក្រុងជាច្រើនដែលធ្វើដំណើរទៅទិសដៅរបស់អ្នក ហើយអ្នកគ្រាន់តែចុចនៅកន្លែង review នៅក្រោមឡានក្រុងនិមួយៗ អ្នកនឹងឃើញថាក្រុមហ៊ុនឡានណាដែលល្អនិងគួរអោយទុកចិត្តជាងគេ ហើយអ្នកអាចជ្រើសរើសក្រុមហ៊ុនឡានមួយនោះទៅ។

https://bookmebus.com/en/search/bus/phnom-penh/ho-chi-minh

វិធីមួយទៀតវិញ អ្នកអាចសាកសួរពត៌មានបន្ថែមពីមិត្តភក្តិដែលធ្លាប់ទៅរឺក៏សួរអ្នកដែលតែងតែធ្វើដំណើរញឹកញាប់ទៅកាន់ទិសដៅដែលអ្នកចង់ទៅនោះថាគេចូលចិត្តជិះឡានក្រុមហ៊ុនណាជាងគេ។ ប្រសិនបើពួកគាត់ធ្លាប់ធ្វើដំណើរជាច្រើនលើកច្រើនសារ ខ្ញុំជឿថាពួកគាត់ប្រាកដជាដឹងជាក់ជាពុំខានថាក្រុមហ៊ុនឡានមួយណាល្អ។ ប៉ុន្តែខ្ញុំចង់ផ្តាំផងដែរថា ពេលខ្លះគេជិះឡានក្រុមហ៊ុនមួយហ្នឹងល្អក៏មិនប្រាកដថាយើងទទួលបានបទពិសោធន៍ល្អដូចគ្នាដែរ ជួនកាលទៅអ្នកអាចប៉ះតៃកុងឡានជិះរៀងកូររឺក៏ឡានអត់សូវស្អាតអីក៏ថាបាន អញ្ចឹងកុំរំពឹងជ្រុលពេកណា៎។

បើតាមបទពិសោធន៍ខ្ញុំផ្ទាល់ ប្រសិនបើអ្នកទាំងអស់គ្នាធ្វើដំណើរលើកទីមួយទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ខ្ញុំមិនណែនាំអោយអ្នកជិះឡាន វីរៈប៊ុនថាំ នោះទេ ដោយសារការឆ្លងដែននៅព្រំប្រទល់ជាមួយក្រុមហ៊ុននេះមានភាពស្មុគស្មាញសម្រាប់អ្នកធ្វើដំណើរលើកទីមួយខ្លាំងមែនទែន។ ខ្ញុំណែនាំអោយអ្នកជិះឡានផ្សេងៗដូចជា មេគង្គអុិចស្ព្រេស (Mekong Express) និងសាប៉ាកូ (Sapaco) ជាដើម ដោយសារតែការឆ្លងដែនជាមួយក្រុមហ៊ុនឡានទាំងពីរនេះមានភាពងាយស្រួលមែនទែន។

អ្នកអាចទិញសំបុត្រឡាននៅ ទីនេះ

២​. ការឆ្លងដែននៅព្រំដែនខ្មែរ

កន្លែងឆ្លងដែននៅខាងខ្មែរ

នៅពេលដែលអ្នកទៅដល់កន្លែងឆ្លងដែននៅខាងខ្មែរហើយ ឡានរបស់អ្នកនឹងទម្លាក់អ្នកនៅឯដើមផ្លូវ រួចអ្នកនឹងត្រូវទៅតម្រង់ជួរនៅបញ្ជរសម្រាប់វាយលិខិតឆ្លងដែនខ្លួនឯង។ បន្ទាប់ពីអ្នកទទួលបានត្រាសម្រាប់ឆ្លងដែនហើយនោះ អ្នកដើរទៅមុខបន្តិច រួចឡើងឡានបន្តដើម្បីទៅព្រំដែនខាងវៀតណាមម្តង។

សូមបញ្ជាក់ផងដែរថា សម្រាប់ក្រុមហ៊ុនឡានខ្លះ អ្នកមិនចាំបាច់ចុះពីលើឡានខាងព្រំដែនខ្មែរនោះទេ។ តៃកុងឡានរឺព្រូឡាន គេនឹងប្រមូលលិខិតឆ្លងដែនអ្នករួចយកទៅវាយត្រាខាងខ្មែរអោយអ្នកតែម្តង អ្នកគ្រាន់តែចាំក្នុងឡាន ហើយចុះនៅខាងព្រំដែនវៀតណាមម្តងទៀតជាការស្រេច។

៣. ការឆ្លងដែននៅព្រំដែនវៀតណាម

កន្លែងឆ្លងដែននៅខាងវៀតណាម

សម្រាប់នៅទល់ដែនខាងប្រទេសវៀតណាមនេះ អ្នកត្រូវយកឥវ៉ាន់រឺវ៉ាលីដែលអ្នកមានទាំងអស់ចុះពីលើឡានដើម្បីត្រួតពិនិត្យ។ ជាធម្មតា តៃកុងឡានរឺព្រូឡាននឹងប្រមូលលិខិតឆ្លងដែនរបស់អ្នកទៅវាយត្រាឆ្លងដែនខាងវៀតណាមអោយអ្នក។ អ្នកត្រូវចំណាំមុខតៃកុងឡាន ព្រូឡាន រឺអ្នកដែលកាន់លិខិតឆ្លងដែនរបស់អ្នកអោយច្បាស់ ព្រោះនៅកន្លែងនេះមានមនុស្សច្រើនដែលអាចធ្វើអោយអ្នកវង្វេងវង្វាន់បាន។ នៅពេលដែលលិខិតឆ្លងដែនរបស់អ្នកបានទទួលត្រារួចរាល់ហើយ អ្នកដែលយកលិខិតឆ្លងដែនរបស់អ្នកដដែលនោះនឹងហៅឈ្មោះអ្នកទៅយកដើម្បីទៅដំណាក់កាលបន្ទាប់។

បន្ទាប់ពីទទួលបានលិខិតឆ្លងរួច អ្នកត្រូវដើរបន្តទៅមុខដើម្បីដាក់ឥវ៉ាន់រឺក៏វ៉ាលីអ្នកចូលទៅក្នុងម៉ាសុីនស្គែន ហើយនៅពេលដែលស្គែនរួចរាល់ អ្នកនឹងឃើញមានប៉ូលីសម្នាក់ចាំត្រួតពិនិត្យលិខិតឆ្លងដែននៅច្រកចេញ អ្នកគ្រាន់តែហុចលិខិតឆ្លងដែនអោយគេផ្ទៀងផ្ទាត់ម្តងទៀតជាការស្រេច។ ឡានរបស់អ្នកនឹងឈប់ចាំអ្នកនៅមាត់ទ្វារនោះរឺនៅហួសនោះបន្តិច អ្នកគ្រាន់តែយកឥវ៉ាន់ទុកក្នុងឡានដូចដើម រួចឡើងឡានទៅ អូខេហើយ។

ការឆ្លងដែនងាយៗប៉ុណ្ណឹងឯង កុំភ័យច្រើនពេក ចាំតែមុខតៃកុងឡានព្រូឡាន និងអ្នកជិះឡានជាមួយទៅដឹងតែរស់ហើយ។

តោះទៅលេងហូជីមិញទាំងអស់គ្នាហ្ហី? ទិញសំបុត្រឡាននៅទីនេះ

Leave a Comment

Your email address will not be published.