

អានជាភាសាអង់គ្លេស សូមចុចទីនេះ
ទន្លេមេគង្គជាសម្បត្តិធម្មជាតិដ៏មានតម្លៃមួយរបស់កម្ពុជា ដែលមានតួនាទីជាប្រភពអាហារនិងប្រភពទឹកផង និងជាទីដុះដាលនៃប្រពៃណី វប្បធម៌ខ្មែរផង។ ក្នុងចំណោមធនធាននានា ទន្លេនេះក៏បានបង្កើតជាកោះខ្សាច់រាប់រយកោះតាមបណ្ដោយគន្លងទាំងមូលក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះ យើងបានបង្ហាញរួចមកហើយនូវកោះចំនួនពីរដែលប្រជាជនខ្មែរដឹងស្គាល់គ្រប់គ្នាថាជាទីកន្លែងកម្សាន្តលំហែកាយ នោះគឺកោះដាច់ក្នុងទឹកដីនៃរាជធានីភ្នំពេញនិងកោះប៉ែននៅឯខេត្តកំពង់ចាម។ លើកនេះ យើងសូមនាំទឹកចិត្តបងប្អូនទៅកាន់កូនកោះមួយនៅក្នុងទឹកដីខេត្តក្រចេះវិញម្ដង។
ស្ថិតក្នុងទន្លេមេគង្គ ទល់មុខក្រុងក្រចេះ មានកោះតូចមួយមានរាងដូចស្លឹកឈើ ប្រវែងប្រហែល ៥គីឡូម៉ែត្រ និងទទឹង(ត្រង់កន្លែងធំបំផុត)ប្រហែល ១គីឡូម៉ែត្រ។ កោះនេះគឺ កោះទ្រង់ ដែលគេតែងស្គាល់ថាជាកន្លែងដាំដុះក្រូចថ្លុង ដ៏មានរសជាតិឆ្ងាញ់ជាប់មាត់ ប្លែកពីក្រូចថ្លុងមកពីតំបន់ផ្សេងៗ។
ប៉ុន្តែក្រៅអំពីក្រូចថ្លុង កោះទ្រង់ក៏ជាទីកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរ ដោយសារកោះនេះមានសភាពស្ងប់ស្ងាត់ ខ្យល់អាកាសល្អ ព្រមទាំងទេសភាពបែបធម្មជាតិជនបទស្រស់ត្រកាលជាទីគាប់ចិត្ត។
ភូមិសាស្ត្ររដ្ឋបាលកោះទ្រង់
គិតពីរដ្ឋបាល កោះទ្រង់ជាសង្កាត់មួយក្នុងក្រុងក្រចេះ ដែលចែកចេញជាពីរភូមិ គឺភូមិក្បាលកោះនៅភាគខាងជើងនិងភូមិចុងកោះនៅភាគខាងត្បូង។**សង្កាត់កោះទ្រង់មានប្រជាជនប្រមាណជា ៤០០គ្រួសារ ដែលភាគច្រើនរស់នៅតាមបណ្តោយផ្លូវមាត់ទន្លេពីរដែលនៅសងខាងកោះ។ ដោយឡែក ទោះបីស្ថិតនៅចំណុះរដ្ឋបាលក្រុងក្រចេះក្ដី ក៏កោះនេះនៅរក្សាបានទេសភាពធម្មជាតិបែបជនបទ ដែលផ្តល់នូវភាពស័ក្ដសមបំផុតសម្រាប់ជាគោលដៅទេសចរណ៍។
**តើអ្នកដឹងទេ? «ក្បាលកោះ» សំដៅដល់ចុងម្ខាងនៃកោះដែលនៅដើមខ្សែទឹក(ទឹកហូរមកប៉ះ) ឯ «ចុងកោះ» សំដៅដល់ចុងម្ខាងទៀតនៃកោះដែលនៅក្រោមខ្សែទឹក(ទឹកហូរផុតទៅ)។
ទេសភាពស្រែចម្ការនៅលើកោះទ្រង់
ប្រសិនបើយើងចំណាយពេលតែមួយព្រឹកដើរលេងជុំវិញកោះ យើងប្រាកដជានឹងបានស្រាយគំនិត សម្រួលផ្លូវចិត្តជាសន្សឹមៗ រហូតមានអារម្មណ៍ស្ងប់សម្រាកសម្រាន្ត ដោយសារបានឃើញទេសភាពស្រុកស្រែចម្ការ។
នៅតាមបណ្ដោយផ្លូវមាត់ទន្លេទាំងពីរ ពុំមានវីឡាឬផ្ទះថ្មច្រើនជាន់ឡើយ មានតែផ្ទះឈើប្រក់ក្បឿងជាច្រើនលើសលប់ នៅដាច់ៗពីគ្នាក្នុងទីធ្លាផ្ទះដែលមានដំណាំនិងដើមឈើពាសពេញ។ ស្ទើរគ្រប់មុខផ្ទះ មានដាំក្រូចថ្លុង។ ឯនៅម្ខាងទៀតផ្លូវ មានឫស្សី ដើមស្វាយ ដើមគ និងដើមឈើធំៗនៅអមផ្លូវ។ ជារឿយៗ យើងឃើញ កន្លែងដាក់ចំបើង តៀមលក់ចាប់ហួយ និងតុផឹកតែតូចៗ។ ផ្លូវមាត់ទន្លេនេះ ធ្វើពីបេតុង ហើយធំល្មមសម្រាប់ម៉ូតូពីរជៀសគ្នាប៉ុណ្ណោះ ហើយភាគច្រើនមិនសូវមានយានជំនិះឆ្លងកាត់ទេ។ លើសពីនេះ នៅលើកោះនេះគ្មានឡានទេ ដូច្នេះអ្នកមកកម្សាន្តអាចជិះកង់ជុំវិញកោះបានដោយមិនបាច់ព្រួយបារម្ភពីការរំខាន។




នៅផ្នែកខាងត្បូងកោះ មានវត្តមួយដែលនៅជាប់នឹងច្រកឡើងពីកំពង់ចម្លង ហើយខាងត្បូងវត្តនេះមានផ្លូវបេតុងមួយខ្សែទៀតដែលកាត់ទទឹងកោះពីផ្លូវមាត់ទន្លេម្ខាងទៅម្ខាងទៀត។ ដោយសារផ្ទៃកោះមានរាងបាតខ្ទះ ផ្លូវកាត់ទទឹងនេះ គេលើកដីធ្វើឱ្យខ្ពស់ជាងដីស្រែចម្ការដែលនៅជុំវិញ។ ដូច្នេះ កាលណាអ្នកមកកម្សាន្តជិះលើផ្លូវនេះ នឹងអាចឃើញផ្ទៃខាងក្នុងកោះដ៏ធំល្វឹងល្វើយ។ នៅរដូវប្រាំង ជាពិសេសរដូវច្រូតកាត់ ផ្ទៃនេះឃើញមានវាលស្រែ រងប៉េងប៉ោះ និងរងបន្លែផ្សេងៗបន្តគ្នាដាច់កន្ទុយភ្នែក។ ដោយឡែក នៅខែភ្លៀងធ្លាក់ ដីស្រែចម្ការទាំងនេះលិចទឹកជាច្រើនម៉ែត្រ។ សងខាងផ្លូវនឹងមានតែទឹក ដែលនាំឱ្យអ្នកធ្វើដំណើរមានអារម្មណ៍ហាក់ដូចជាខ្លួនកំពុងបរយានកាត់ទឹកដូច្នោះដែរ។
ក្រូចថ្លុងកោះទ្រង់
ដូចដែលបានរៀបរាប់ពីខាងដើម កោះទ្រង់ត្រូវបានគេស្គាល់ដោយសារក្រូចថ្លុងដែលមានរសជាតិឆ្ងាញ់ ហើយដែលល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ ដោយគុណភាពនិងភាពល្បីល្បាញ ក្រូចថ្លុងកោះទ្រង់បានក្លាយជាផលិតផលមួយក្នុងចំណោមផលិតផលបីរបស់ព្រះរាជាណាចក្រកម្ពុជាយើង ដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញពីក្រសួងពាណិជ្ជកម្ម (ផលិតផលពីរទៀតគឺម្រេចកំពតនិងស្ករត្នោតកំពង់ស្ពឺ)។
ដូច្នេះ មិនចម្លែកទេដែលមានក្រូចថ្លុងដាំស្ទើរនៅគ្រប់ផ្ទះនោះ។ គិតមួយភ្លែត ហាក់បីដូចជាទឹកដីកោះទ្រង់ គឺកកើតឡើងសម្រាប់ដាំដុះក្រូចថ្លុងនេះឯង ឯអ្នកកោះទ្រង់ក៏បន្តដាំវាពីមួយជំនាន់ទៅមួយជំនាន់ជាប់រហូតមក។ ក្រូចថ្លុងកោះទ្រង់អាចលក់បានក្នុងតម្លៃថ្លៃ ជាងផ្លែក្រូចតំបន់ផ្សេងៗទៀត គឺអាចមានតម្លៃចាប់ពី ៨.០០០៛ ទៅ ១៤.០០០៛ ក្នុងមួយផ្លែ។
អ្នកកោះបានប្រាប់យើងថា ប្រសិនបើអ្នកចង់ទិញក្រូចបានច្រើននិងមានតម្លៃល្អ គួរទិញក្នុងខែវិច្ឆិកា ព្រោះខែនេះជារដូវដែលបងប្អូននៅលើកោះប្រមូលផលបានច្រើន។ យើងបានទៅលេងកោះទ្រង់ក្នុងខែមករា ហើយមិនសូវមានក្រូចច្រើនទេ។ ប៉ុន្ដែសំណាងដែរដែលយើងអាចទិញបានមួយចំនួន ផ្ញើអ្នកផ្ទះនិងចែកមិត្តភក្តិ បានខ្លះ។
ឆ្នេរខ្សាច់កោះទ្រង់

បើបានមកកោះទ្រង់ហើយ និយាយតែពីក្រូចថ្លុង ហើយមិននិយាយពីឆ្នេរខ្សាច់កោះទ្រង់ ហាក់ដូចជាមិនគ្រប់សេចក្ដីសោះ។ បងប្អូនមកពីកន្លែងជិតឆ្ងាយក្នុងខេត្តក្រចេះសុទ្ធតែបានដឹងហើយថា នៅខែទឹកស្រក គេអាចនាំគ្នាទៅលេងឆ្នេរខ្សាច់កោះទ្រង់នៅខ្ចុះតូចៗនៅក្បែរកំពង់ចម្លង។ ប៉ុន្តែ ឆ្នេរខ្សាច់នៅលើកោះ ជាពិសេសនៅខាងកើតកោះ មានប្រវែងវែងនិងមានខ្សាច់ល្អិតម៉ដ្ឋ ពណ៌លឿងភ្លឺផ្លេកមិនចាញ់ឆ្នេរសមុទ្រឡើយ។
យើងបានទៅលេងឆ្នេរខ្សាច់នៅក្បាលកោះ បន្ទាប់ពីចូលថតរូប «ដើមរកាធំ» ដែលអ្នកភូមិគោរពបន់ស្រន់។ ពេលយើងទៅដល់ក្បាលកោះ រសៀលទន់ទាប ព្រះអាទិត្យក៏អន់កម្ដៅហើយ តែនៅភ្លឺច្បាស់ល្អ ថែមទាំងមានខ្យល់បក់រហើយតិចៗ នាំចំហាយទឹកពីទន្លេមកលើកោះផង។ យើងដើរចុះតាមជម្រាលដែលទេរទៅរកឆ្នេរខ្សាច់បន្តិចម្ដងៗ តែមួយប៉ប្រិចភ្នែក ក៏បានឃើញឆ្នេរខ្សាច់ពណ៌មាស ដ៏ធំល្វឹងល្វើយនៅចំពោះមុខ។ រសៀលនោះពុំមានមនុស្សទៅលេងនៅក្បាលកោះទេ។ ទេសភាពជុំវិញស្ងប់ស្ងាត់ល្អ មានតែសម្លេងខ្យល់និងសត្វស្លាប ធ្វើឱ្យយើងមានអារម្មណ៍ដូចមានឆ្នេរទាំងមូលសម្រាប់តែពីរនាក់អញ្ចឹង។

ចុះដើរលើឆ្នេរបានពីរបីជំហាន ក៏នាំគ្នាដោះស្បែកជើង ដើរផ្ទាល់លើគ្រាប់ខ្សាច់ដែលម៉ដ្ឋរលោងស្អាត, ដើរទៅមុខទៀតមិនបានពីរបីជំហានផង ក៏រត់លេងដូចកូនក្មេង ដ្បិតទេសភាពស្រស់ស្រាយពេក ធ្វើឱ្យភ្លេចទុក្ខកង្វល់អស់គ្មានសល់។ អារម្មណ៍គ្រានោះគឺស្និទ្ធិស្នាលនឹងធម្មជាតិ រកពាក្យអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

អាស្រ័យលើកម្រិតកម្ពស់ទឹក នៅខាងលិចកោះ ក៏មានឆ្នេរខ្សាច់ធំដែរ។ ប៉ុន្តែ ខ្សាច់នៅខាងលិច ពុំមានពណ៌លឿងស្អាតដូចឆ្នេរខាងកើតទេ។ តែសូមបងប្អូនអ្នកអានចងចាំថា នៅរដូវទឹកឡើង ឆ្នេរទាំងសងខាងទឹកលិចជន់ជោរហើយ ដោយសារឆ្នេរទាំងពីរនេះមានកម្ពស់ទាបជាងបរិមាត្រដីកោះប្រហែល ២០ម៉ែត្រឯណោះ ហើយឆ្នាំខ្លះ ទឹកឡើងរហូតដល់ជណ្ដើរផ្ទះបងប្អូនអ្នកកោះទៅទៀត។


កោះទ្រង់ ទីដែលមនោរម្យសម្រាប់ភ្ញៀវទេសចរ
អានមកដល់ត្រឹមនេះ បើបងប្អូនចូលចិត្តកោះទ្រង់ អាចពិចារណាស្នាក់នៅលើកោះមួយយប់ពីរបាន ព្រោះថែមលើគុណសម្បត្តិខាងលើ កោះទ្រង់បានក្លាយជាទីដែលមនោរម្យភ្ញៀវទេសចរ។
ជាក់ស្តែង សហគមន៍អេកូទេសចរណ៍កោះទ្រង់ត្រូវបានបង្កើតឡើងប្រហែល ១០ឆ្នាំ មកហើយ ដូច្នេះប្រជាជននៅលើកោះបានសម្របខ្លួនទៅនឹងវត្តមានអ្នកមកកម្សាន្តលើកោះបានហើយ។ ពួកគាត់ទូទៅតែងមានទឹកមុខញញឹមទទួលរាក់ទាក់ ប្រសិនបើយើងមានចម្ងល់សាកសួរគោលដៅផ្សេងៗជាដើម។ យ៉ាងណាមិញ កោះទ្រង់ទទួលភ្ញៀវទេសចរ តែមិនកកកុញទៅដោយភ្ញៀវទេសចរទេ។ ប្រការនេះ នាំឱ្យកោះទ្រង់រក្សាបាននូវភាពស្ងប់ស្ងាត់បានល្អ។


ចំណុចល្អម្យ៉ាងទៀតគឺបរិស្ថាននៅលើកោះស្អាតនិងមានផាសុកភាព បើនិយាយឲ្យចំគឺគ្មានសំរាម។ ក្នុងរយៈពេលប្រហែលមួយថ្ងៃកន្លះដែលយើងជិះចុះឡើងជុំវិញកោះ យើងប្រទះភ្នែកឃើញសំរាមតូចៗតែពីរបីប៉ុណ្ណោះ!
នេះអាចនិយាយបានថាជារឿងពិសេសមួយដែរ បើយើងគិតពីទីតាំងនិងសកម្មភាពសេដ្ឋកិច្ចរបស់កោះនេះ ហើយវាធ្វើឱ្យយើងចង់ដឹងបន្ថែមអំពីការគ្រប់គ្រងកាកសំណល់នៅលើកោះ។ ប្រហែលជា អ្នកអាចទៅលេង ហើយជួយស្វែងយល់ រួចយកមកប្រាប់ពួកយើងឱ្យដឹងវិញផង! 😉
ម្យ៉ាងវិញទៀត នៅលើកោះទ្រង់ អ្នកអាចស្នាក់នៅបែបធម្មតាបាន ដោយមិនបាច់បារម្ភបញ្ហាទឹកភ្លើង ព្រោះមានទឹកស្អាតដែលមានប្រភពពីទន្លេ និងមានអគ្គិសនីប្រើសឹងគ្រប់ផ្ទះ។ មានជម្រើសច្រើនសម្រាប់កន្លែងស្នាក់នៅ ហើយប្រសិនបើអ្នករើសចំកន្លែងល្អ អាហារដែលចម្អិនសុទ្ធតែផ្សំគ្រឿងពីបន្លែស្រស់ៗដែលម្ចាស់ផ្ទះដាំនៅជុំវិញផ្ទះតែម្ដង។ ខាងក្រោម យើងជូនព័ត៌មានខ្លះអំពីកន្លែងស្នាក់នៅ។
កន្លែងស្នាក់នៅលើកោះទ្រង់
នៅលើកោះទ្រង់មានជម្រើសកន្លែងស្នាក់នៅច្រើន តាំងពីនៅផ្ទះស្នាក់បែបសាមញ្ញរហូតដល់រមណីយដ្ឋានលំដាប់ខ្ពស់ដែលនៅក្បាលកោះ។ យើងជ្រើសរើសស្នាក់នៅផ្ទះស្នាក់ទី១ ដែលជាផ្ទះស្នាក់មួយក្នុងចំណោមផ្ទះស្នាក់ទាំងប្រាំនៅលើកោះ ដោយកន្លែងនេះមានតម្លៃសមរម្យនិងបរិយាកាសល្អ។ ដោយសារយើងមានពេលតែពីរថ្ងៃ ការស្នាក់នៅរបៀបនេះ អាចឲ្យយើងបានស្គាល់និងជជែកជាមួយអ្នកម្ចាស់ស្រុកបានច្រើនបន្តិច។
ទន្ទឹមនឹងការរៀបចំផ្ទះស្នាក់ដែលទទួលភ្ញៀវទេសចរហូរហែរ គ្រួសារម្ចាស់ផ្ទះក៏ជាអ្នកបម្រើការក្នុងវិស័យអប់រំដែរ។ ប្ដីរបស់មីងម្ចាស់ផ្ទះជាគ្រូបង្រៀនយូរឆ្នាំមកហើយ ឯកូនៗរបស់ពួកគាត់ពីរនាក់ក៏ជាបុគ្គលិកក្នុងវិស័យអប់រំដែរ។ លោកពូជាមនុស្សឧស្សាហ៍ បានឆ្លៀតប្រកបរបរកសិកម្មរួមផ្សំផងដែរ។ យើងថែមទាំងបានទៅមើលចម្ការចេករបស់គាត់និង បានរៀនសូត្រខ្លះៗអំពីពូជចេកផ្សេងៗគ្នាដែលគាត់កំពុងដាំដុះផង។ តាមពិតទៅការជួបមនុស្សថ្មីៗនៅកន្លែង ដែលយើងបានទៅលេងកន្លងមកគឺជាចំណែកមួយដែលមានតម្លៃបំផុតនៃដំណើរកម្សាន្តនានារហូតមកដល់ពេលនេះ។ យើងលើកទឹកចិត្តឱ្យប្រិយមិត្តធ្វើដូចគ្នាដែរ។
ផ្ទះស្នាក់ទី១នៅលើកោះទ្រង់ បានដំណើរការអស់រយៈពេលជិត ១០ឆ្នាំ ហើយ។ ថ្មីៗនេះ ពួកគាត់ទើបតែសាងសង់ផ្ទះឈើថ្មី ២ខ្នង ថែមទៀងដែលមាន ៤បន្ទប់ សម្រាប់ជម្រើសជាផ្ទះសំណាក់ (មានបន្ទប់ទឹកដាច់ដោយឡែក) ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវផ្សេងៗ។

មធ្យោបាយក្នុងការទៅដល់កោះទ្រង់
កោះទ្រង់ស្ថិតនៅទល់មុខក្រុងក្រចេះ។ អ្នកអាចទិញសំបុត្រឡានក្រុងពីភ្នំពេញទៅខេត្តក្រចេះហើយប្រាប់តៃកុងឡានឱ្យដាក់នៅឯកំពង់ចម្លងទៅកោះទ្រង់តែម្ដងក៏បាន។ យើងបានកក់សំបុត្រឡានក្រុង(ភ្នំពេញ-ក្រចេះ និងត្រឡប់មកវិញ) តាមរយៈកម្មវិធីទូរស័ព្ទ BookmeBus ។
ទៅដល់កំពង់ អស់ថ្លៃឆ្លងដ ម្នាក់ ២.០០០៛ សម្រាប់ការធ្វើដំណើទៅវិញទៅមក។ (ពេលខ្លះ គេយកសរុបតែពេលចេញទៅម្ដង ហើយពេលឆ្លងមកវិញ មិនបាច់ឱ្យទៀតទេ)។ ខែទឹកស្រក ត្រូវចំណាយពេលត្រឹមតែ ៥នាទី ប៉ុណ្ណោះដើម្បីទៅដល់កោះ។ តែខែទឹកឡើង អាចយូរជាងនេះច្រើន អាស្រ័យលើកម្ពស់ទឹកទន្លេ។ ថ្លៃឆ្លងទៅកោះក៏អាចថ្លៃជាងនេះដែរ។
នៅពេលទៅដល់កោះ កន្លែងដែលអ្នកឃើញមុនគេគឺទីស្នាក់ការសហគមន៍ ដែលជាតូបឈើតូចមួយ ដែលមានកង់ជាច្រើននិងម៉ូតូពីរបីសម្រាប់ជួល។ តូបនេះស្ថិតនៅមុខវត្តកោះទ្រង់តែម្ដង។ ពីនេះទៅ អ្នកអាចសួរព័ត៌មាននិងរកសេវាផ្សេងៗតាមតម្រូវការ។
អត្ថបទដោយ Travelogizt ជាប្លក់ដំណើរកំសាន្ត សរសេរណែនាំពីគោលដៅទេសចរណ៍ ដែលមិនសូវមានការពេញនិយម ឬលាក់ខ្លួន នៅក្នុងប្រទេសកម្ពុជា។