

ក្រៅពីទៅញាំគ្រឿងសមុទ្រនិងទៅមុជទឹកសមុទ្រនៅកំពតមានកន្លែងគួរអោយទាក់ទាញច្រើនណាស់។ ទាំងនេះជាសកម្មភាពមួយចំនួននៃដំណើរកំសាន្តចុងសប្ដាហ៍របស់ខ្ញុំពីភ្នំពេញទៅកាន់ខេត្តកំពត ស្របពេលឡានក្រុងគេបញ្ចុះតម្លៃ ខ្ជិលគិតច្រើន ក៏បបួលពួកម៉ាកទៅហ្មងទៅ។ សំខាន់ពេលព្រឹកទៅប្រលងបញ្ចប់ត្រីមាស ស្ពាយខោអាវម្នាក់មួយបង្វិចគ្រាន់ តែប្រលងចប់ភ្លាមរត់ឡើងឡានក្រុងភ្លាម។
រថយន្តក្រុងមកដល់ក្រុងកំពតម៉ោង៤:៣០នាទីល្ងាចថ្ងៃសុក្រ ដំណើរកំសាន្តបែបស្លន់ស្លោរបស់ខ្ញុំនៅលើទឹកដី ខេត្តកំពត-កែបមានដូចតទៅនេះ ៖
ជិះទូកមើលអំពិលអំពែកនៅព្រែកកំពង់បាយ
ពួកយើងទៅដល់ខេត្តកំពតនៅម៉ោង៤:៣០ល្ងាច បន្ទាប់មកយើងក៏យកអីវ៉ាន់ទៅ check-in នៅផ្ទះសំណាក់។ បន្ទាប់ពី check-in រួចហើយ យើងក៏បាននាំគ្នាមកជិះទូកក៏ដូចជាញាំអាហារពេលល្ងាចនៅលើទូកតែម្ដង។ កន្លែងជិះទូកលេងនេះ ស្ថិតនៅក្បែរស្ពានឥន្ធនូ ដែលនៅមិនឆ្ងាយប៉ុន្មានពីរង្វង់មូលធុរេន គឺប្រមាណ១គីឡម៉េត្រ។ ដោយសារខ្ញុំស្នាក់នៅផ្ទះសំណាក់មួយដែលនៅផ្ដុំរង្វង់មូលធុរេន ដូច្នេះពួកយើងចំណាយពេលប្រហែល២០នាទី ដើម្បីទៅដល់កន្លែងជិះទូក ។ តម្លៃជិះទូក គឺ ១០០០០៛/ម្នាក់ ក្នុងការទិញសំបុត្រម្ដង យើងអាចជិះបានរយៈពេល១ម៉ោង៣០នាទី។ ចំណែកឯអាហារនៅលើទូកវិញ គឺមិនថ្លៃទេ មានចាប់ពីតម្លៃ១០០០០៛ឡើងទៅ យើងក៏បានកម្មង់អាហារបួនប្រាំមុខ ញ៉ាំជុំគ្នា អមជាមួយទេសភាពព្រែកកំពង់បាយនៅពេលយប់ ខ្យល់បក់រវិចៗ។ បន្ទាប់ពីជិះទូកនិងស្រស់ស្រូបអាហារពេលល្ងាចរួចហើយ យើងក៏នាំគ្នាដើរលេងនៅស្ពានចាស់ និងមើលទេសភាពក្រុងកំពតនៅពេលរាត្រី ហើយក៏នាំគ្នាត្រលប់មក អូតែលវិញ ដើម្បីគេងយកកម្លាំង ព្រោះថ្ងៃស្អែកត្រូវទៅលេងកន្លែងផ្សេងទៀត។
ឧទ្យានជាតិកែប
ព្រឹកថ្ងៃទី២
ពួកយើងបានជួលម៉ូតូសម្រាប់ធ្វើដំណើរទៅឧទ្យាជាតិកែប ពីអូតែលដែលយើងស្នាក់នៅ ដោយម៉ូតូមួយតម្លៃ ២០០០០៛ដែលយើងអាចជិះបានរយៈពេល២៤ម៉ោង។ ប៉ុន្តែដើម្បីជួលម៉ូតូបាន អ្នកទាំងអស់គ្នាត្រូវមានអត្តសញ្ញាណប័ណ្ណ ព្រោះគេត្រូវយកអត្តសញ្ញាណប័ណ្ណរបស់យើងទុក ក្នុងអំឡុងពេលជួល។ ចម្ងាយពីរង្វង់មូលធុរេនទៅកាន់ឧទ្យាជាតិកែបមានចម្ងាយប្រមាណ ២៧គីឡូម៉ែត្រ(ប្រហែល៤៥នាទីពីក្រុងកំពត) នៅទីនោះភ្ញៀវជាតិអាចចូលទស្សនាដោយឥតគិតថ្លៃ រីឯភ្ញៀវអន្តរជាតិសំបុត្រចូលទស្សនា គឺក្នុងម្នាក់តម្លៃ៤០០០៛។ ឧទ្យានជាតិកែបជាកន្លែងដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរព្រៃ ព្រោះវាមានលក្ខណៈស្ងប់ស្ងាត់ ជាមួយនឹងទេសភាពព្រៃភ្នំ និងសមុទ្រដ៏ខៀវស្រងាត់ ដែលយើងអាចមើលឃើញពីលើឧទ្យានជាតិទៅ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺមានហាងកាហ្វេមួយនៅលើឧទ្យាជាតិ អមជាមួយ ទេសភាពបែបព្រៃភ្នំ ពួកយើងក៏បានឈប់សម្រាកនៅហាងកាហ្វេនោះមួយសន្ទុះ ដើម្បីសម្រាកក៏ដូចជាផ្ដិតយក រូបភាពមួយចំនួន ពីព្រោះថាទេសភាពគឺស្អាតខ្លាំងមែនទែន ហើយក៏នាំគ្នាអង្គុយផឹកកាហ្វេ មើលទេសភាពស្រូបខ្យល់អាកាសបរិសុទ្ធ រួចក៏បន្តដំណើរទៅមុខបន្តទៀត។ ដើម្បីឡើងឧទ្យាជាតិ អ្នកទាំងអស់អាចជិះម៉ូតូឡើងក៏បាន ឬក៏ចង់ដើរឡើងក៏បាន។
សួនមេអំបៅ
បើបានចូលលេងឧទ្យានជាតិហើយកុំអោយខាត ឆៀងចូលលេងសួនមេអំបៅផងទៅ ព្រោះសួននេះស្ថិតនៅ មិនឆ្ងាយប៉ុន្មានពីផ្លូវចុះពីឧទ្យានជាតិទេ ចំណាយពេលត្រឹមតែ១៣នាទីប៉ុណ្ណោះពីច្រកចេញឧទ្យាជាតិ។ សួននេះជារមណីយដ្ឋានបែបធម្មជាតិ មានលក្ខណៈស្ងប់ស្ងាត់ ពេលដែលទៅដល់មានអារម្មណ៍ថាស្រស់ស្រាយ ព្រោះនៅក្នុងសួននោះមានសួនផ្កាជាច្រើន អមជាមួយនឹងដើមឈើតូចធំ។ សំបុត្រចូលទស្សនាវិញ ក្នុងមួយនាក់់២០០០៛ សម្រាប់ភ្ញៀវជាតិ រីឯភ្ញៀវអន្តរជាតិតម្លៃ៨០០០៛/ម្នាក់។ សួននោះមានទំហំរាងតូចបន្តិច ដូច្នេះយើងចំណាយពេលប្រហែលជា១៥នាទីគឺគ្រប់គ្រាន់ហើយ សម្រាប់ការដើរមើលមេអំបៅ និងផ្ដិតយករូបភាពខ្លះៗ។ ចំពោះផ្លូវចូលទៅកាន់សួននោះ គឺមិនពិបាកទេ អ្នកទាំងអស់គ្នាអាចជិះម៉ូតូឡើងបាន ប៉ុន្តែចំពោះឡានគឺមិនអាចចូលបានទេ ព្រោះផ្លូវមានលក្ខណៈតូច ដែលជាប្រភេទផ្លូវលំ។
បោះតង់ដេកមើលផ្កាយ
យប់ថ្ងៃទី២
បន្ទាប់ពីចំណាយពេលអស់មួយព្រឹក នៅឧទ្យានជាតិកែបនិងសួនមេអំបៅ គឺដល់ម៉ោងក្រពះវារើ។ យើងក៏បានចុះមកញ៉ាំអាហារថ្ងៃត្រង់នៅឆ្នេរកែប និងមុជទឹកសមុទ្រលេង កុំអោយថាទៅដល់សមុទ្រហើយ មិនបានលេងទឹកសមុទ្រ។ បន្ទាប់មកទៀត យើងក៏ទៅផ្សាក្ដាមដើម្បីទិញគ្រឿង សមុទ្រមួយចំនួន ទុកសម្រាប់អាំងញ៉ាំពេលយប់ ព្រោះនៅយប់ថ្ងៃទី២នេះ យើងត្រូវទៅគេងតង់នៅឆ្ងាយពីក្រុងកំពត។ កន្លែងបោះតង់នោះ គឺជារមណីយដ្ឋានទើបបើកថ្មី នៅបណ្តាយព្រែកកំពង់បាយដែរ ប៉ុន្តែត្រូវចូលទៅក្នុងជ្រៅ។ ចេញពីផ្សារក្តាម យើងក៏បន្តដំណើរឆ្ពោះទៅកន្លែងបោះតង់តែម្ដង។ យប់ឡើងអាំងសាច់ញ៉ាំជុំគ្នា ស្ដាប់សម្លេងទឹករលក បន្ទាប់ពីស្រស់ស្រូប អាហារពេលល្ងាចហើយយើងនាំគ្នា ទៅគេងនៅមាត់ទឹក ស្ដាប់សម្លេងទឹករលក គេងមើលផ្កាយនិងប្លង់តុង ហើយនិយាយគ្នាលេងពីនេះពីនោះ។ អារម្មណ៍បែបនោះប្រៀបដូចក្នុងរឿងប្រលោមលោកអញ្ចឹង បើមិនបានសាកល្បងខ្លួនឯងទេ ស្ដាប់គេនិយាយប៉ុន្មានដងក៏មិនស្មើនឹងយើងបានទៅឃើញខ្លួនឯងម្តងនោះទេ។
ភ្លក់ម្លូបប្រចាំតំបន់
ព្រឹកថ្ងៃទី៣
ដោយសារជាថ្ងៃចុងក្រោយនៃដំណើរកំសាន្តរបស់យើង អញ្ចឹងហើយក៏ដេករាងជ្រុលថ្ងៃបន្តិច ពេលដែលក្រោកឡើងឃើញមេឃត្រជាក់ៗ ក៏នាំគ្នាឆុងមីញាំនៅមាត់ទឹក ហុតមីក្ដៅៗ អមជាមួយនិងសម្លេងទឹករលក ចង់ប្រាប់ថាក្ដីសុខខ្លាំងណាស់។ យើងក៏មិនភ្លេចភ្លក់ម្ហូបប្រចាំតំបន់របស់អ្នកខេត្តកំពតដែរ។ ក្រោយដាក់មីទ្រាប់ពោះហើយ យើងក៏នាំគ្នាប្រញាប់ប្រញាល់រៀបចំឥវ៉ាន់ សំដៅទៅរកបាយឆាសាច់ក្ដាម ដែលល្បីជាងគេនៅក្រុងកំពត។ ទីតាំងហាងគឺស្រួលរកមែនទែន បើយើងជិះពីស្ពានថ្មីមកត្រង់រង្វង់មូលរលក ហាងនោះគឺនៅខាងឆ្វេងដៃ រីឯតម្លៃវិញគឺសមរម្យ ក្នុងមួយចានតម្លៃ១២,០០០៛។ មិនបង្អង់យូរ បន្ទាប់ពីបានភ្លក់រសជាតិបាយឆាសាច់ក្ដាមរួចហើយ ក៏បន្តដំណើរទៅរកនំបញ្ចុកទឹកម្ហិចទៀត។ ដំបូងគិតថាប្រហែលជាមានកន្លែងធ្វើនំបញ្ចុកនេះតែមួយកន្លែងទេ តែតាមពិតមាន កន្លែងធ្វើនំបញ្ចុកនេះច្រើនគួរសមដែរ ចំណែកឯរសជាតិវិញឆ្ងាញ់ម្យ៉ាងដែរតើ!

អូហ៎ភ្លេចប្រាប់ជាធម្មតាកន្លែង ដែលមានលក់នំបញ្ចុកទឹកម្ហិច ក៏មានធ្វើនំកងលក់ដែរ ប៉ុន្តែជាធម្មតានំកង គេលក់ពេលល្ងាចប្រហែលជាម៉ោង៤ល្ងាចទើបមានធ្វើនំកងលក់។ គួរអោយស្ដាយមិនបានភ្លក់រសជាតិនំកងអ្នកខេត្តកំពត ព្រោះត្រូវឡើងឡានមកភ្នំពេញវិញ នៅថ្ងៃត្រង់។
សរុបមកដំណើរកំសាន្តទៅកាន់ខេតត្តកំពតនិងខេត្តកែបបែបស្លន់ស្លោរបស់ខ្ញុំនិងពួកម៉ាកខ្ញុំគឺចប់ត្រឹមប៉ុណ្ណឹង៕
អត្ថបទដោយ៖ ជា រស្មី