

ការងាររបស់ពួកយើងមួយថ្ងៃៗនៅតែជាមួយនឹងកុំព្យូទ័រ ដូច្នេះហើយទើបពួកយើងសម្រេចប្រើប្រាស់ថ្ងៃសម្រាកចុងសប្តាហ៍ មកស្វែងរកធម្មជាតិពណ៌បៃតងខ្លះ ឲ្យវាល្អសម្រាប់ភ្នែកបន្តិច។ ពេលស្វែងរកទិសដៅ ក៏នឹកឃើញដល់កំពតមុនគេ ដោយសារតែអត់ចង់ចំណាយពេលជិះឡានក្រុងយូរ។
មកកំពតលើកនេះ ពួកយើងមិនមានគម្រោងសម្រុកដើរឲ្យច្រើនកន្លែងទេ គឺគ្រាន់តែចង់ឈៀលៗ ជិះកាយ៉ាក ញ៉ាំគ្រឿងសមុទ្រ ហ៊ុំព័ទ្ធភ្នែកដោយធម្មជាតិបៃតងប៉ុណ្ណឹងឯង។
ពួកយើងសម្រេចថា ទៅគេងនៅក្តាតសាណាកា នៅព្រែកក្តាត។ នៅជុំវិញព្រែកក្តាតនេះ មានរីស៊តច្រើនកន្លែង ប៉ុន្តែក្តាតសាណាកាមានទីតាំងនៅក្បែរទឹកជ្រោះជាងគេ (ប៉ុន្តែពួកយើងគេងជ្រុល ហើយខ្ចិលមិនបានដើរទៅលេងទឹកជ្រោះទេ)។ ពីទីរួមខេត្តកំពតទៅកាន់ព្រែកក្តាត មានចំងាយប្រហែល២២គីឡូម៉ែត្រ ហើយពួកយើងជួលតុកតុកជិះ ចំណាយពេលប្រហែលកន្លះម៉ោងបានដល់។
ពួកយើងចេញពីភ្នំពេញម៉ោង ៨ព្រឹក ហើយទៅដល់កំពតម៉ោងប្រហែល ១២ គឺចំបាយថ្ងៃត្រង់តែម្តង។ យើងត្រូវចំអែតក្រពះសិន មុននឹងបន្តដំណើរទៅកន្លែងគេង ដោយសារតែព្រែកក្តាតនៅឆ្ងាយពីក្រុងកំពត។ គ្នីគ្នាខ្ញុំបានណែនាំហាងកាហ្វេមួយឈ្មោះ Cafe Espresso and Roastery ដែលនៅមិនឆ្ងាយពីកន្លែងឡានទម្លាក់យើង។
ជិះកាយ៉ាកលេងពេលរសៀល
មកដល់ក្តាតសាណាកា ម៉ោង២រសៀលជាងទៅហើយ ណាមួយថ្ងៃនៅក្តៅផង ដូច្នេះមានតែសម្រាកឲ្យស្រួលខ្លួន។ យើងនាំគ្នាទៅអង្គុយលម្ហែនៅផ្ទះរួម (lobby) ក្បែរមាត់ទឹក។ ដល់ពេលថ្ងៃរាងជ្រេ ពួកយើងក៏ចាប់ផ្តើមជិះកាយ៉ាកលេង។ ភ្ញៀវដែលគេងនៅកន្លែងផ្ទាល់ គេមិនគិតថ្លៃសេវាជួលកាយ៉ាកនោះទេ។
ពីផ្ទះលម្ហែនោះ ទំហំព្រែកនៅតូចនៅឡើយ ដូច្នេះទេសភាពពេលអុំកាយ៉ាកគឺស្អាតមួយបែប។ យើងអាចឃើញដើមកោងកាងនៅអមសងខាង ជិតភ្នែកតែម្តង។ ដឹងអត់? អារម្មណ៍ពេលវៀចក្បាលទូកកាយ៉ាក ហើយបុកចូលមែកកោងកាងម្តងៗ ភ័យបុកពោះខ្លាំងដែរហ្នឹង!
តែដល់ពេលអុំរាងឆ្ងាយបន្តិច ជិតដល់ភូមិនេសាទ ទំហំផ្ទៃទឹកគឺកាន់តែធំទៅៗ។ យើងបានទៅដល់ស្ពានព្រែកក្តាត ហើយក៏ជិតចូលដល់ផ្ទៃសមុទ្រដែរ។ យើងឈប់ត្រឹមស្ពាន ហើយអុំត្រលប់មកវិញចំពេលថ្ងៃកំពុងតែលិច។ ផ្ទៃទឹកចាំងដោយពន្លឺពណ៌ទឹកមាសព្រៀកៗ អមដោយភ្នំពណ៌បៃតងហ្នឹង អូហូ! ទេសភាពសាកសមសម្រាប់អារម្មណ៍ដ្រាម៉ាខ្លាំងណាស់។


ញ៉ាំគ្រឿងសមុទ្រ
មកដល់រីស៊ត គេរៀបចំម្ហូបហើយល្មម។ នៅទីនេះ គេមានទទួលធ្វើម្ហូបអាហារ ហើយពួកយើងបានតេកក់ទុកជាមុន ឲ្យគេរៀបចំឧបករណ៍អាំងសាច់និងទិញគ្រឿងសមុទ្រទុក។

កន្លែងនេះដល់ពេលយប់ជ្រៅ យើងអាចមើលឃើញផ្កាយបានផងដែរ។
ទេសភាពជើងភ្នំបូកគោ

ផ្ទះដែលយើងគេង គឺធ្វើពីឈើនិងបន្ទះឬស្សី។ ផ្ទះហ្នឹងមាន ៤បន្ទប់ សម្រាប់គ្នាយើងមួយទ័ពល្មម ប៉ុន្តែមានបន្ទប់ទឹកតែមួយនៅក្នុងផ្ទះ។ គ្នាកាន់តែច្រើន កាន់តែចាំគ្នាយូរ។ ដូច្នេះគ្នាយើងខ្លះ ក៏បានប្រើប្រាស់បន្ទប់ទឹករួម ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ ដើម្បីឲ្យឆាប់ហើយ។

ពីបង្អួចនៃបន្ទប់ដែលខ្ញុំគេង គឺយើងបានមើលឃើញទេសភាពនៃជើងភ្នំបូកគោតែម្តង!

គេងម៉ាឆ្អែត ញ៉ាំអាហារពេលព្រឹករួច ដល់ម៉ោងត្រលប់មកផ្ទះវិញល្មម។ ប៉ុន្តែយើងក៏បានដាក់អាហារថ្ងៃត្រង់មួយចម្អែតទៀត នៅហាងកាហ្វេមួយទៀត នៅអាទើលីយេកំពត នៅតំបន់សំណង់ផ្ទះអភិរក្ស ក្បែរមាត់ព្រែកកំពត។ ហាងនេះស្ទាយជំនាន់បារាំង ហើយត្រូវបានកែច្នៃឡើងវិញ ជាភោជនីយដ្ឋាន។ ខ្ញុំចូលចិត្តការឌីហ្សាញបែបនេះណាស់!
នេះហើយផែនការឈៀល គេចពីអេក្រង់កុំព្យុទ័ររបស់ពួកយើង! គួរអោយចាប់អារម្មណ៍ដែរអត់?
សរសេរដោយ ៖ លក្ខិណា