fbpx
Bamboo Bridge Koh Pen_Sreynich_2

មួយថ្ងៃនៅ​កំពង់ចាមធ្វើអីបានខ្លះ?

គ្រាន់តែឮថា កំពង់ចាម ប្រហែលជាអ្នកគិតដល់ផ្លែឈើឆ្ងាញ់ៗ ជាពិសេស​គឺ ផ្លែធុរេនតែម្តង ចុះក្រៅពីផ្លែឈើនៅមានអីទៀត?

បើសិនជាអ្នកមានឱកាសទៅដល់ ខេត្តកំពង់ចាម គួរតែចំណាយពេលវេលាបន្ថែមមួយថ្ងៃ ដើម្បីមក​ស្គាល់​កំពង់ចាម ឲ្យកាន់តែច្បាស់ ។

កាល​ពីថ្ងៃសែនចូលឆ្នាំចិន ខ្ញុំក៏បានទៅស្រុកកំណើត នៅក្នុងទីរួម​ខេត្ត​កំពង់ចាមតែម្តង ។ ដល់ស្អែកថ្ងៃចូលឆ្នាំចិនថ្ងៃទី១ ខ្ញុំងើបពីគេងមកក៏មិនដឹងទៅណាមកណា ក៏ហៅបងប្អូនមកពិភាក្សាគ្នា ហើយ​ក៏នឹកឃើញកន្លែងប៉ុន្មាននេះ ដែលពួកយើងធ្លាប់ទៅលេង តាំងពីនៅតូចៗ ហើយក៏ខានទៅលេងយូរណាស់ហើយ ចេះតែទៅហួសមកហួស ។

និយាយគ្នាចប់ ក៏ចែកជើងគ្នា​ទៅងូតទឹក ហើយក៏ទាញសោរឡាន ជិះទៅញ៉ាំបាយព្រឹកសិន ។ ទម្រាំញ៉ាំបាយហើយ ប្រហែលម៉ោង ៧:៣០ ព្រឹក ពួកយើងចេញដំណើរទៅតាមផែនការដែលបាននិយាយគ្នាមុន​ហ្នឹង ។

ទាំងនេះ គឺជាកន្លែងទាំង៥ ដែលខ្ញុំគិតថាមិនគួររំលងពេលមកលេងកំពង់ចាម ដោយចំណាយពេលតែមួយថ្ងៃ៖

១.​ ភ្នំប្រុសភ្នំស្រី

យើងចំណាយពេលប្រហែល ១៥នាទី ពីទីរួមខេត្ត ដើម្បីទៅដល់ភ្នំប្រុស ។ នៅទីនេះមានភ្នំពីរ ហើយមានវត្តនៅលើកំពូលភ្នំទាំង ប៉ុន្តែភាគច្រើន គេទៅលេងភ្នំប្រុសច្រើនជាង ដោយសារមានកំពស់ទាប ហើយឡានបើកឡើងដល់ខាងលើ ។ គ្រាន់តែចុះពីឡាន​​ភា្លម ក៏នឹកឃើញការពីកុមារភាព ធ្លាប់មកវត្តជុំគ្នា ពេលបុណ្យទាននានា ។ 

វត្តសុវណ្ណគិរីរតនៈភ្នំប្រុស

ពួកយើង​ មិនបានឡើងទៅលេងលើភ្នំស្រីទេ ប៉ុន្តែធ្លាប់បានឡើងលេងពីក្មេង ។ ពីភ្នំប្រុស ទៅភ្នំស្រី យើងអាចដើរដល់ ។ ភ្នំស្រីរាងខ្ពស់ខ្លាំង ត្រូវដើរឡើង មានជណ្តើរ ៣០៨កាំ តែបើបានឡើងទៅដល់កំពូល ក៏រសាយអស់អារម្មណ៍ហត់នឿយ ។ អ្នកទាំងអស់គ្នាអាចទស្សនាក្រុងកំពង់ចាម ពីលើកំពូលភ្នំនេះបាន ព្រមទាំងស្រូបយកខ្យល់បរិសុទ្ធ និយាយទៅចំណាយកម្លាំងពិតជាសាកសម ។ 

ខ្ញុំគិតថា អ្នកទស្សនាគួរចំណាយពេលប្រហែល ១ម៉ោងកន្លះ ទៅ២ម៉ោង សម្រាប់ភ្នំទាំងពីរ ។ 

២​.​ ប្រាសាទនគរបាជ័យ

បន្ទាប់ពីរំលឹកកុមារភាពនៅភ្នំប្រុសភ្នំស្រីអស់ចិត្តហើយ​ តាម​ផ្លូវ​ចូលក្រុងមក​វិញ ពួកយើងក៏ឆ្លៀតចូល​លេង វត្តនគរបាជ័យ ប្រហែលជាអ្នកទាំងអស់​គ្នាស្គាល់ហើយ ជាពិសេស​និសិ្សតផ្នែកស្ថាបត្យកម្ម ព្រោះថាឃើញឧស្សាហ៍ មកចុះកម្មសិក្សានៅប្រាសាទនគរបាជ័យ ដែលក្នុងបរិវេណវត្តនគរបាជ័យ ។

សភាពប្រាសាទ អាចនិយាយបានថា​ទ្រុឌទ្រោមបន្តិច តែសម្រាប់ក្បាច់ចម្លាក់ នៅរក្សាសភាពដើមច្រើនដែរ ។ 

សម្រាប់វត្ត និងប្រាសាទនគរបាជ័យ អ្នកទស្សនាអាចចំណាយពេលប្រហែល កន្លះម៉ោង ទៅ១ម៉ោង អាស្រ័យលើចំណង់ចំណូលចិត្តលើស្ថាបត្យកម្មបុរាណ ។ 

៣. ភ្នំហាន់ជ័យ

ធ្លាប់ឃើញរូបផ្លែឈើធំៗ ដែលគេតែងតែបង្ហោះលើបណ្តាញសង្គមហើយមែនទេ? ឆ្ងល់អត់ថាអាហ្នឹងនៅណា? 

បន្ទាប់ពីចូលលេងវត្តនគរបាជ័យ​ហើយ ម៉ោងប្រហែល ៩:៣០ ពួកយើងក៏ចេញដំណើរទៅភ្នំហាន់ជ័យ។  ភ្នំ​ហាន់ជ័យ រាងឆ្ងាយបន្តិចពីក្រុង ដោយត្រូវចំណាយពេលប្រហែល ៣០នាទី ទើបទៅដល់ ។ 

សម្រាប់អ្នកចូលញ៉ាំក្រអៅឈូកដូចខ្ញុំ ខ្ញុំណែនាំភូមិមាន់ហើរ ដែលនៅតាមផ្លូវទៅភ្នំហាន់ជ័យ។ អ្នកភូមិនៅហ្នឹង គាត់ចុះកាច់ក្រអៅឈូកមកលក់ មិនត្រឹមតែក្រអៅឈូកស្រស់ទេ មានជ្រក់ក្រអៅឈូក ម្សៅមើមក្រអៅឈូក ពេលខ្លះមាន ខ្ចង ខ្ចៅ ហើយក៏មានផ្លែឈើហូបផ្លែលក់​ តាមរដូវកាល​ផងដែរ ។

លុះទៅដល់ភ្នំហាន់ជ័យ ពួកយើងក៏សម្រាកញ៉ាំទឹកអំពៅ ហើយដើរថតរូបលេង ។ ពីកន្លែងញ៉ាំទឹកអំពៅ យើងអាចមើលឃើញទន្លេមេគង្គបានយ៉ាងច្បាស់ ។ 

ទិដ្ឋភាពពីលើកំពូលភ្នំហាន់ជ័យ

ហើយប្រហែល ១១:៣០ ពួកយើងក៏ត្រឡប់មកវិញ ដើម្បីទៅញ៉ាំបាយថ្ងៃត្រង់ នៅឆ្នេរកោះប៉ែន ។

៤. កោះប៉ែន

ដោយសារឃ្លានផង ហើយមេឃក្តៅផង ចឹងគិតតែដើរអោយដល់ខ្ចុះ ដែលនៅតាមបណ្តោយឆ្នេរខ្សាច់កោះប៉ែន ។  យើងកម៉្មង់ម្ហូបភ្លាមៗ ដើម្បីឆាប់បានញ៉ាំ ។ ម្ហូបមកគ្រប់មុខអស់ហើយ មិនដល់ ៣០នាទីផង ចាន​ឡើងស្អាត ។ ញ៉ាំហើយ ពុលបាយ​ ក៏គេងបន្តិចសិន រហូតដល់ថ្ងៃជ្រេ ។ អ្នកខ្លះក៏ទៅលេងទឹក ឯអ្នកខ្លះក៏ដើរ​ថត​រូប​លេង នៅលើឆ្នេរ​ និងស្ពានឬស្សី ។ ពួកយើងសម្រាកនៅកោះប៉ែនដល់ល្ងាច ព្រោះថាគោលដៅចុងក្រោយ​ គឺទៅមើលថ្ងៃលិចនៅប៉មបារាំង ឯត្រើយម្ខាង ។

ឆ្នេរខ្សាច់កោះប៉ែន

៥. ប៉មបារាំង

ឃើញប៉មនេះតាំងពីកើតមកម្ល៉េះ តែមិនដែលហ៊ានឡើងទេ ព្រោះជណ្តើរចោទខ្លាំង។ ពួកយើងក៏សម្រេចចិត្តបើកគូទឡាន អង្គុយមើលថ្ងៃលិចនៅហ្នឹងជើងប៉មនោះ។

ពីប៉មបារាំង យើងអាចមើលឃើញថ្ងៃលិចពីស្ពានគីហ្សូណាបានយ៉ាងច្បាស់ ធ្វើឲ្យមានអារម្មណ៍ធូរស្រាល លិចទៅតាមមេឃ។ មើលតែរូបទៅដឹងហើយថា ស្អាតម៉េច ដូចអង្គុយមើល​ថ្ងៃលិចនៅសមុទ្រអ៊ីចឹង ។

ថ្ងៃលិចនៅប៉មបារាំង

កូនអ្នកកំពង់ចាមនឹងគេដែរ តែមិនដែលគិតដល់ថា មួយថ្ងៃនេះទទួលបានបទពិសោធន៍ថ្មីៗ ទៅច្រើនកន្លែងដល់ថ្នាក់ហ្នឹងសោះ!

ធ្លាប់ទៅលេងកន្លែងខាងលើហ្នឹងហើយនៅ? បើធ្លាប់ ខមមិន ចែករំលែកបទពិសោធន៍នៅខាងក្រោមផង ??

អត្ថបទដោយ៖​ Cadette

Leave a Comment

Your email address will not be published.