fbpx
web-kratie

ក្រចេះ ខេត្តដែលពុំសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសច​រ

For English version, click here.

ក្រៅពីខេត្តក្រចេះ មានខេត្តណាទៀតនៅប្រទេសកម្ពុជាយើងដែលអាចមើលផ្សោតបាន?​ ខ្ញុំអត់ច្បាស់ដែរ តែខ្ញុំគិតថាប្រហែលជាអត់មានកន្លែងណាសម្រាប់មើលផ្សោតប្រសើរជាងខេត្តក្រចេះទេមើលទៅ ហើយដោយសារតែមូលហេតុនេះហើយទើបភ្ញៀវទេសចរណ៍គេទៅលេងខេត្តក្រចេះ។ តែក្រៅពីការមើលផ្សោត ខេត្តក្រចេះហ្នឹងអត់មានកន្លែងផ្សេងលេងទេរឺយ៉ាងម៉េច?

មានតើ!

ខ្ញុំនិងមិត្តភក្តិខ្ញុំបានចំណាយពេល ៣ថ្ងៃ នៅខេត្តក្រចេះ។​ ពួកយើងអត់បានទៅគ្រប់កន្លែងទេ ប៉ុន្តែយើងធានាបានណា៎ថាខេត្តនេះមានអីផ្សេងធ្វើច្រើនទៀតក្រៅពីមើលផ្សោតមួយមុខ។

ឆែកមើលវីដេអូនៅទីនេះ

នៅក្នុងអត្ថបទនេះផងដែរ ខ្ញុំនឹងរៀបរាប់ពីកន្លែងដែលយើងបានទៅនិងសកម្មភាពផ្សេងៗដែលយើងបានធ្វើនៅខេត្តដែលពុំសូវទទួលបានការចាប់អារម្មណ៍មួយនេះ។ ខ្ញុំចង់បញ្ជាក់ផងដែរថា នេះជាលើកទីមួយរបស់ខ្ញុំក៏ដូចជាមិត្តភក្តិរបស់ខ្ញុំដែលបានទៅលេងខេត្តក្រចេះនេះ ដូច្នេះហើយអត្ថបទនេះគឺសរសេរឡើងពិសេស​សម្រាប់អ្នកដែលមិនទាន់បានទៅសោះដូចពួកយើងដែរ។

ថ្ងៃទី ១

ខ្ញុំនិងមិត្តភក្តិខ្ញុំបានធ្វើដំណើរចេញពី ភ្នំពេញ-ឆ្លូង នៅម៉ោង ៧ៈ០០ព្រឹក ពួកយើងគិតថាប្រហែលជាទៅដល់ទីនោះនៅម៉ោងត្រឹម ១០ៈ៣០នាទីព្រឹកអីទេ ព្រោះស្រុកឆ្លូងនៅមិនឆ្ងាយពីភ្នំពេញប៉ុន្មានផង។ ប៉ុន្តែមានដូចការគិតឯណា ពួកយើងជិះផ្លូវខុស អញ្ចឹងទំរាំទៅដល់កន្លែងគេងរបស់យើង វាម៉ោង ១២ៈ០០ថ្ងៃត្រង់ បាត់។

ឡឺរេលេសដឹឆ្លូង (Le Relais de Chhlong)

ពួកយើងចំណាយពេលមួយយប់នៅ ឡឺរេលេសដឹឆ្លូង (Le Relais de Chhlong)

គេងនៅឡឺរេលេសនេះមានអារម្មណ៍ថាដូចបានគេងក្នុងវាំងអញ្ចឹងព្រោះការតុបតែងនៅទីនេះស្អាតខ្លាំង ស្អាតរបៀបអភិជនម៉្មងហ្ហា៎ (តែខ្ញុំមិនមែនអភិជនទេ ហាហាហា)។ ស្តាយដែរដែលចំណាយពេលនៅហ្នឹងបានតែមួយយប់។

ខ្ញុំស្រឡាញ់ឡឺរេលេសត្រង់ថា អូតែលគេនៅកណ្តាលសួននិងដើមឈើធំៗតែម្តង។ បើមើលពីក្រៅមកសឹងតែអត់ឃើញអាគារ វាហាក់ដូចជាលាក់ខ្លួនបាត់នៅក្នុងធម្មជាតិពណ៌ខៀវស្រងាត់យ៉ាងស្រស់បំព្រងអញ្ចឹង។

ពេលដែលពួកយើងទៅដល់នោះ គេមានភេសជ្ជៈស្វាគមន៍ទៀត។

ពួកយើងស្នាក់នៅបន្ទប់ Garden Family Suite។ នៅក្នុងនោះមានគ្រែ ៣ ហើយគេងបាន ៤នាក់ បន្ទប់ទទួលភ្ញៀវមួយ បន្ទប់ទឹកមួយ និងបន្ទប់សម្រាប់បន្ទោរបង់មួយ។ និយាយពីថាពូកគេទន់មហាសែនទន់ ដើរលេងមិនចេះតិចកន្លែងទេ តែលើកទីមួយហើយដែលបានគេងពូកទន់ខ្លាំងបែបនេះ។

ខ្ញុំស្រឡាញ់បន្ទប់នេះស្ទើរលេបហើយ!

អាងទឹកក៏មាន ផ្កាឈូកងូតទឹកក៏មាន ហើយកន្លែងឡាបូលាងដៃនោះវិញឡើងទូលាយ ស្រួលដាក់ឥវ៉ាន់ណាស់។ ក្រឡាការ៉ូឥដ្ឋគេឡើងបុរាណ ហើយនៅលើជញ្ជាំងនោះព្យួររូបឡើងសមជាមួយការតុបតែងទៀត។ បើមានបន្ទប់ទឹកនៅផ្ទះស្អាតបែបហ្នឹងដែរ​ ខ្ញុំលែងចេញពីបន្ទប់ទឹកម៉្មង។

របស់ភឺហ្វិចអស់ហើយ ស្អប់តែទ្វារបន្ទប់បន្ទោរបង់មួយតែប៉ុណ្ណោះ។ ទ្វារវាធ្ងន់ខ្លាំង បើថារាគអីដឹងតែដាក់ខោបាត់ហើយទើបបើកទ្វារចេញ។

តោះ ឥឡូវខ្ញុំសូមនាំអ្នកទាំងអស់គ្នាទៅមើលការតុបតែងផ្សេងៗនៅឡឺរេលេសនេះ។ មើលហើយដឹងតែចង់ទៅដែរម៉្មង!

ម៉េចដែរ ស្អាតអត់!?

ប៊ិះភ្លេចប្រាប់! ប្រសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាចង់ផឹកអី អាចផឹកបានណា ព្រោះក្នុងនេះក៏មានបារតូចមួយផងដែរ។

កន្លែងញ៉ាំអីក៏មាន ភោជនីយដ្ឋានក្នុងឡឺរេលេសនេះមានឈ្មោះថា Le Terrasse ។ ស្រឡាញ់ត្រង់ថាញ៉ាំអាហារបណ្តើរមើលទេសភាពទន្លេមេគង្គបានបណ្តើរ។ បើយើងនិយាយពីតម្លៃម្ហូបវិញ វារៀងថ្លៃបន្តិច ប៉ុន្តែបើប្រៀបវាជាមួយនឹងបរិមាណម្ហូបនិងរសជាតិវិញ តម្លៃប៉ុណ្ណឹងវាសមស្របហើយ។

តម្លៃ ៖ ៨៥ដុល្លារ – ១២៦ដុល្លារ/យប់ អាស្រ័យទៅលើប្រភេទបន្ទប់ ហើយតម្លៃនេះរួមបញ្ចូលអាហារពេលព្រឹកផងដែរ។ ខ្ញុំចង់បញ្ជាក់ផងដែរថាតម្លៃបន្ទប់នៅទីនេះអាចនឹងផ្លាស់ប្តូរទៅតាមរដូវកាល។

មើលអាគារចាស់ៗនៅផ្សារឆ្លូង

បន្ទាប់ពីយើងធួរជុំវិញអូតែលដ៏មហាសែនស្អាតហើយ យើងក៏ចេញទៅមើលអាគារចាស់ៗនៅម្តុំនោះ។

និយាយមែន ដំបូងឡើយខ្ញុំគិតថាអត់ចង់ឈប់នៅឆ្លូងទេ គឺចង់ជិះហួសទៅទីរួមខេត្តក្រចេះតែម្តង។ ប៉ុន្តែនៅពេលដែលខ្ញុំធ្វើគម្រោងដើរលេង ខ្ញុំឃើញថានៅឆ្លូងនេះមានកន្លែងដែលគួរអោយចាប់អារម្មណ៍មួយចំនួន ខ្ញុំក៏សម្រេចចិត្តថានៅមួយយប់តែម្តងទៅ។

ដោយសារតែនៅតំបន់នេះអត់សូវមានភ្ញៀវទេសចរមកលេងច្រើន អ្នកស្រុកនៅទីនោះមើលមកយើងដូចសត្វចម្លែកអញ្ចឹងពេលយើងដើរថតរូបនៅជុំវិញហ្នឹង។

នៅពេលដែលខ្ញុំដើរជុំវិញផ្សារនៅឆ្លូងហ្នឹង ខ្ញុំមានអារម្មណ៍ថាដូចបានបង្វិលពេលវេលាទៅឆ្នាំ ១៩០០ អញ្ចឹង ដោយសារតែទីនោះមានសំណង់អាគារចាស់ៗខ្លាំង មានទាំងអាគារស្ទាយ៍បារាំងនិងផ្ទះឈើខ្មែរជាច្រើន។ ពេលឃើញផ្ទះឈើខ្មែរអស់នោះ ខ្ញុំនឹកឃើញដល់គំនូររូបផ្ទះដែលខ្ញុំធ្លាប់គូរកាលពីនៅតូចៗភ្លាម។ និយាយទៅអត់មានគំនិតច្នៃប្រឌិតអីបន្តិច គូរផ្ទះដដែលៗអោយគ្រប់ពេលម៉ោងគំនូរ។ ហាហាហា

អ្វីដែលខ្ញុំស្អប់បំផុតពីកន្លែងនេះគឺសំរាមតែម្តង។ ដោយសារតែម្តុំសំណង់អាគារចាស់ៗនេះ ឥឡូវគេផ្លាស់ប្តូរវាជាផ្សារត្រី អញ្ចឹងពេលដើរទៅណាក៏ឃើញសំរាមដែរលោកម្ចាស់អ្ហើយយយយ គគ្រិចមហាសែនគគ្រិច។

តាមពិតទៅតំបន់នៅឆ្លូងនេះមានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរអោយមកលេងដូចខេត្តផ្សេងៗដែរប្រសិនបើយើងចេះថែរក្សាបរិស្ថាននិងសណ្តាប់ធ្នាប់នៅម្តុំនោះ។ ស្តាយដែរដែលអត់មានពីណាគេខ្វល់អញ្ចឹង។ តែខ្ញុំបានឮរហៀងៗថា គេមានគម្រោងអភិវឌ្ឍតំបន់នេះហើយគ្រាន់តែខ្ញុំអត់ច្បាស់ថាគេនឹងចាប់ផ្តើមនៅពេលណា។ ខ្ញុំសង្ឃឹមថានឹងឃើញតំបន់ឆ្លូងប្រសើរជាងនេះពេលបានទៅលេងលើកក្រោយចុះ។

ផ្ទះសសរ ១០០

ក្រៅពីអាគារចាស់ៗស្ទាយ៍បារាំង ក៏ដូចជាផ្ទះឈើខ្មែរ អ្នកទាំងអស់គ្នាក៏អាចមកលេងផ្ទះសសរ ១០០ នេះបានដែរ។ អ្នកទាំងអស់គ្នាអានត្រូវហើយ មិនមែនវត្តសសរ ១០០ ទេ គឺផ្ទះសសរ ១០០ ណា៎! នេះគឺកន្លែង ២ ផ្សេងគ្នា។

នេះគឺផ្ទះសសរ​ ១០០ មើលពីក្រៅទៅ។

ខ្ញុំធ្លាប់អានអត្ថបទមួយហើយគេបានសរសេរថា សព្វថ្ងៃសសរនៅផ្ទះនេះសល់ទេ ៥៦ ទេ ដោយសារតែកាលពីជំនាន់ប៉ុលពតហ្នឹងគេដកចេញអស់ ៤៤ បាត់ហើយ។ ខ្ញុំចង់ចូលទៅក្នុងរាប់សសរដែរ ប៉ុន្តែផ្ទះនេះមិនមែនជាគោលដៅទេសចរណ៍ទេ វាជាកម្មសិទ្ធិរបស់គ្រួសារមួយនៅទីនោះ ហើយយើងអត់ឃើញមានមនុស្សនៅផ្ទះ ដូច្នេះហើយក៏អត់ហ៊ានចូលទៅ។

ថ្ងៃទី ២

ពួកយើងងើបអត់រួចពីគ្រែទេ ព្រោះពូកទន់ពេកអញ្ចឹងគេងលក់ស្រួល។ ទំរាំតែចេញពីឆ្លូងហ្នឹងម៉ោង ១០:៤៥នាទីព្រឹកបាត់។

ពេលដែលពួកយើងជិះពីឆ្លូងទៅទីរួមខេត្តហ្នឹង យើងឃើញវត្តមួយឡើងគួរអោយចាប់អារម្មណ៍។ យើងក៏បកឡានត្រឡប់មកវិញហើយឈាងចូលមួយភ្លែតទៅ។

វត្តរការកណ្តាល រឺ វត្តវិហារចាស់

ពួកយើងអត់ទាំងដឹងថាមានវត្តនេះផង ព្រោះអត់មានបង្ហាញលើ Google សោះ ចេះជិះកាត់ឃើញស្អាតក៏ឈាងចូល កុំអីអត់បានស្គាល់ទៀត។

បើមើលពីខាងក្រៅទៅធម្មតាទេ តែពេលបានចូលដល់ក្នុងញាក់សាច់តែម្តង ស្អាតក៏ស្អាត ប្លែកភ្នែកក៏ប្លែកភ្នែក។

នេះគឺប្រវត្តិរបស់វត្តរការកណ្តាលរឺវត្តវិហារចាស់នេះ។ ខ្ញុំខ្ចិលសរសេរឡើងវិញណាស់ អានខ្លួនឯងបន្តិចទៅ!

ញ៉ាំអាហារថ្ងៃត្រង់នៅ ឡឺ ទន្លេ (Le Tonle)

មិត្តភក្តិរបស់ពួកយើងម្នាក់បានប្រាប់ថា Le Tonle គឺជាភោជនីយដ្ឋានមួយដែលមានមុខងារជាមជ្ឈមណ្ឌលហ្វឹកហាត់ការងារក៏ដូចជាបង្កើតការងារសម្រាប់់អ្នកដែលគាត់មានភាពខ្វះខាតនៅកម្ពុជាយើង។ ដោយសារតែពួកយើងចង់គាំទ្រពួកគាត់ផងនិងចង់តេស្តម្ហូបគាត់ផង យើងក៏សម្រេចចិត្តថាញ៉ាំអាហារថ្ងៃត្រង់នៅ Le Tonle នេះតែម្តង។

ម្ហូបនៅទីនោះមិនអស្ចារ្យខ្លាំងដល់ថ្នាក់យើងដាក់ចូលមាត់ហើយលាន់មាត់ថា​វ៉ាវទេ ប៉ុន្តែវាគ្រាន់បើជាងម្ហូបនៅកន្លែងធម្មតាបន្តិច។ បើនិយាយពីតម្លៃម្ហូបវិញ វាអត់ថ្លៃទេ។

អង្គុយលេងនៅមាត់ទន្លេ

ទំរាំតែពួកយើងញ៉ាំអាហារថ្ងៃត្រង់ហើយ វាម៉ោង ២ ថ្ងៃត្រង់បាត់ អញ្ចឹងទៅយើងក៏អត់អាចដើរតាមគម្រោងដើរលេងដែលយើងបានរៀបចំបាន។ តាមពិតទៅយើងត្រូវទៅវត្តសសរ ១០០ ដែលត្រូវចំណាយពេលជិះទៅជិះមក ៤ម៉ោងពីទីរួមខេត្ត តែយើងខ្លាចមកអត់ទាន់រួចទូកចេញទៅកោះទ្រង់ទៅចោល ដូច្នោះហើយយើងក៏សម្រេចចិត្តអង្គុយលេងនៅមាត់ទន្លេបន្តិចទៅ។

ទោះបីជាមាត់ទន្លេនៅក្រចេះនេះវានៅជាប់ផ្លូវធំដូចនៅភ្នំពេញនិងនៅកំពតមែន តែមាត់ទន្លេនៅទីនេះវាមានភាពស្ងប់ស្ងាត់ជាងឆ្ងាយណាស់ ព្រោះអត់សូវមានឡានមានម៉ូតូបើកកាត់ទេ។ ខ្ញុំអត់បានថតរូបនៅមាត់ទន្លេទេ បើអ្នកទាំងអស់គ្នាបានទៅ ថតរូបហើយចែករំលែកជាមួយខ្ញុំនៅក្នុងខមមិនខាងក្រោមផង។

មើលផ្សោតនៅកាំពី

បន្ទាប់ពីអង្គុយលេងនៅមាត់ទន្លេរួច យើងក៏ចេញដំណើរទៅមើលផ្សោតនៅកាំពី។ ទៅក្រចេះហើយអត់បានមើលផ្សោតទៅធ្វើអី?

ដំបូងឡើយយើងគិតថាគេទៅមើលផ្សោតបានតែពេលល្ងាចនោះទេ ប៉ុន្តែមានអញ្ចឹងឯណា អ្នកទាំងអស់គ្នាអាចទៅពេលណាក៏បានដែរពីពេលព្រឹកដល់ម៉ោង ៤ៈ៣០នាទីល្ងាចនៅរដូវវស្សា និងពីព្រឹកដល់ម៉ោង ៥ល្ងាចនៅរដូវភ្លៀង

ការជិះទៅមើលផ្សោតនេះមានរយៈពេល ៩០នាទី ពីខែមិថុនា-តុលា និង ៦០នាទី ពីខែវិច្ឆិកា-ឧសភា

តម្លៃសម្រាប់មើលផ្សោតនេះចែកចេញជា ២ កញ្ចប់ កញ្ចប់សម្រាប់ភ្ញៀវជាតិ និងកញ្ចប់សម្រាប់ភ្ញៀវអន្តរជាតិ។

សម្រាប់ភ្ញៀវជាតិ ៖

  • ១-៥នាក់ ៤០០០០រៀល/ទូក (១០ដុល្លារ)
  • ៦នាក់ ៤២០០០រៀល/ទូក (១០.៥ដុល្លារ)
  • ៧នាក់ ៤៩០០០រៀល/ទូក (១២.២៥ដុល្លារ)
  • ៨នាក់ ៥៦០០០រៀល/ទូក (១៤ដុល្លារ)
  • លើសពី ៦នាក់ ហើយចាំអ្នកផ្សេងមកចូលទូកជាមួយ ៧០០០រៀល/ម្នាក់ (១.៧៥ដុល្លារ)

សម្រាប់ភ្ញៀវអន្តរជាតិ ៖

  • មនុស្សពេញវ័យ ១-២នាក់ ៣៦០០០រៀល/ម្នាក់ (៩ដុល្លារ)
  • មនុស្សពេញវ័យចាប់ពី ៣នាក់ ឡើងទៅ ២៨០០០រៀល/ម្នាក់ (៧ដុល្លារ)
  • ក្មេងក្រោមអាយុ ១២ឆ្នាំ ១៦០០០រៀល/ម្នាក់ (៤ដុល្លារ)

ខ្ញុំគិតថាពួកយើងអត់មានសំណាងបានឃើញផ្សោតច្រើនទេ ឃើញដូច្នោះ ពូទូកក៏នាំយើងទៅឈប់នៅលើកោះតូចមួយដើម្បីចាំមើល តែនៅតែមិនឃើញច្រើន។

ទៅលេងកោះទ្រង់

កោះទ្រង់គឺជាកោះដ៏វែងមួយដែលយើងមើលឃើញពីមាត់ទន្លេនៅទីរួមខេត្តក្រចេះ។

ខ្ញុំបានស្តាប់រឿងល្អៗជាច្រើនពីកោះមួយនេះពីមិត្តភក្តិដែលធ្លាប់ទៅ ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តថាបញ្ចូលកោះនេះចូលបញ្ជីដើរលេងរបស់ខ្ញុំតែម្តងទៅ។

ប្រសិនបើអ្នកទាំងអស់គ្នាមានគម្រោងទៅលេងកោះទ្រង់ដែរ អ្នកត្រូវទៅដល់ផែទូកយូរបំផុតត្រឹមម៉ោង ៦ៈ៣០នាទីល្ងាច បើមិនអញ្ចឹងទេដឹងតែអត់មានទូកចេញទៅហើយ។ តម្លៃទូកឆ្លងទៅគឺ ១០០០រៀល/ម្នាក់ (០.២៥ដុល្លារ)

ទំរាំតែពួកយើងទៅដល់កោះទ្រង់វាងងឹតណាស់ហើយ ព្រោះទូកថ្ងៃនោះចេញយឺតបន្តិច។ ដោយសារតែទូកឈប់នៅចុងកោះ ហើយរីសតពួកយើងគេងនោះនៅដើមកោះ យើងក៏អោយពូម៉ូតូឌុបដឹកយើងទៅអស់ម្នាក់ ៤០០០រៀល

គេងនៅរ៉ាយ៉ាបូរីវីឡា

រ៉ាយ៉ាបូរីនេះគឺជារីសតតែមួយគត់នៅលើកោះទ្រង់។ ដោយសារតែពួកយើងទៅដល់នោះងងឹតពេក យើងអត់ដឹងថារីសតនេះស្អាតប៉ុណ្ណាទេ ទាល់តែព្រឹកបន្ទាប់បានដឹង។

បន្ទប់់ដែលពួកយើងគេងនោះគឺ បុរាណវីឡា ហើយពួកយើងគេងនៅទីនេះ ២យប់ មានអារម្មណ៍ថាដូចដង្ខៅនិងសេដ្ឋីនីអញ្ចឹង ព្រោះបុរាណវីឡានេះមើលទៅដូចផ្ទះអ្នកធំពីសម័យមុនអញ្ចឹង។

ដូចឈ្មោះគេដាក់អញ្ចឹង ការតុបតែងនៅបុរាណវីឡានេះគឺបុរាណមែនទែន​ ខ្ញុំឆ្ងល់ដែរ គេប្រមូលរបស់របរមកពីណាខ្លះណ៎!?

នៅក្នុងបុរាណវីឡានេះមានបន្ទប់គេង ២ បន្ទប់ទឹក ២ បន្ទប់ទទួលភ្ញៀវនៅក្នុងផ្ទះ ហើយមានកន្លែងអង្គុយលេងមុខផ្ទះទៀត។

នៅខាងក្រោមផ្ទះវិញមានកន្លែងអង្គុយមួយ បន្ទប់ដាក់ឥវ៉ាន់មួយ និងបន្ទប់ម៉ាស្សាមួយ។

មានរបស់ ២ យ៉ាងដែលខ្ញុំអត់ពេញចិត្តជាមួយនឹងបុរាណវីឡាដែលយើងស្នាក់នៅ។

ទី ១ នោះគឺថាបន្ទប់ទឹកអត់មានទ្វារទេ គេប្រើវាំងននជំនួស។ បើថាបន្ទោរបង់អាធំអីដឹងតែស្អុយពេញផ្ទះម៉្មង។

សំខាន់ពេលដែលខ្ញុំទៅមើលវីឡាផ្សេងៗទៀត បន្ទប់ទឹកគេមានទ្វារទាំងអស់។ និយាយទៅចង់អោយពួកខ្ញុំហិតលាមកគ្នាម៉្មងមើលទៅ សាំចិត្តម៉្មងហ្ហា៎។

ទី ២ នោះគឺពូករឹងមហាសែនរឹង ដូចដេកលើគ្រែឈើ។

ថាបន្ទប់របស់ពួកយើងគេងទៅគេតុបតែងច្រើន នៅកន្លែងញ៉ាំអីក្នុងរីសតគេនោះក៏តុបតែងច្រើនដែរ។

គេក៏មានលក់វត្ថុអនុស្សាវរីយ៍តិចតួចនៅកន្លែងញ៉ាំអីដែរ។

អាហារពេលព្រឹករួមបញ្ចូលក្នុងតម្លៃបន្ទប់រួចជាស្រេច។ ខ្ញុំកម្ម៉ង់់បាយសាច់ជ្រូកញ៉ាំ ហើយញ៉ាំអត់ត្រូវមាត់សោះ។ ខ្ញុំអត់ដឹងថាម្ហូបផ្សេងមានរសជាតិយ៉ាងម៉េចទេ ប៉ុន្តែបើអាចកែរសជាតិអាហារបន្តិចដឹងតែល្អម៉្មង។

ក្រៅពីវីឡា និងភោជនីយដ្ឋានស្អាត នៅរ៉ាយ៉ាបូរីរីសតនេះក៏មានអាងទឹកដ៏ធំមួយផងដែរ។ អាងទឹកនៅទីនេះមានជម្រៅពី ១.៥០ម ទៅ ១.៧០ម។ ប្រសិនបើអ្នកអត់ស្នាក់នៅរីសតនេះទេហើយចង់មកហែលទឹកលេង អ្នកត្រូវបង់ ២០០០០រៀល/ម្នាក់ (៥ដុល្លារ)

តម្លៃវីឡា ៖ ៥៥ដុល្លារ-២០០ដុល្លារ/យប់ អាហារពេលព្រឹករួមបញ្ចូលក្នុងតម្លៃបន្ទប់។

ថ្ងៃទី ៣

ពួកយើងចំណាយពេលមួយថ្ងៃពេញនៅលើកោះទ្រង់។

ជិះកង់ជុំវិញកោះទ្រង់

បើចង់ស្គាល់រសជាតិស្រុកស្រែមែនទែន មកកោះទ្រង់នេះទៅដឹងតែអត់ខុសទេ។ ពួកយើងជួលកង់ជិះម្នាក់មួយជុំវិញកោះ ហើយតម្លៃកង់គឺ ៨០០០រៀល/ថ្ងៃ

ពួកយើងមានគម្រោងថាជិះកង់ដើរលេងតាំងពីម៉ោង ៩ព្រឹកម៉្លេះ ប៉ុន្តែចង្រៃអីមេឃភ្លៀងមួយព្រឹកពេញ អញ្ចឹងក៏ត្រូវជាប់នៅរីសត។

ពួកយើងចាំដល់ម៉ោង ១២ៈ៣០នាទីថ្ងៃត្រង់ហើយនៅតែភ្លៀងទៀត តែយើងទ្រាំមិនបានអញ្ចឹងទៅក៏ជិះកង់ទៅក្រៅទាំងភ្លៀង។

គ្មានកន្លែងណាដែលខ្ញុំធ្លាប់ទៅណាដែលស្ងប់ស្ងាត់ល្អដូចនៅកោះទ្រង់ទេ។

នៅលើកោះនេះអត់មានឡានទេ មានតែរទេះគោ កង់ និងម៉ូតូ។ នៅពេលដែលអ្នកជិះកង់ជុំវិញកោះនោះ អ្នកនឹងឃើញផ្ទះឈើដែលសាងសង់របៀបផ្ទះខ្មែរនៅតាមសងខាងផ្លូវ ហើយអ្វីដែលរិតតែពិសេសនោះគឺផ្ទះនិមួយៗសុទ្ធតែមានដាំដើមឈើ ដើមក្រូចថ្លុង និងផ្កាតិចតួចនៅខាងមុខទាំងអស់។ នៅលើកោះនេះ មានអារម្មណ៍ថាដូចប្រទេសកម្ពុជាយើងកាលពី ១៥ឆ្នាំ មុនអញ្ចឹង។

កោះទ្រង់នេះមិនត្រឹមតែស្ងប់ស្ងាត់និងស្រស់ស្អាតតែមួយមុខទេ ប្រជាជនដែលរស់នៅលើនោះចិត្តល្អទៀត។ ពេលដែលខ្ញុំនិងមិត្តភក្តិខ្ញុំជិះកង់ដើរលេងជុំវិញនោះ មានអ៊ុំស្រីម្នាក់ដែលគាត់ដើរចេញពីផ្ទះគាត់មកហើយហុចផ្លែក្រូចថ្លុងដែលជិតហើយអោយខ្ញុំញ៉ាំ។ ដំបូងឡើយខ្ញុំអត់ហ៊ានទទួលទេ ប៉ុន្តែគាត់នៅតែទទូចទាំងញញឹមអោយខ្ញុំយកទៅញ៉ាំ ខ្ញុំក៏អរគុណគាត់ហើយយកមកញ៉ាំជាមួយគ្នីគ្នាខ្ញុំទៅ។ មិនដែលមាននរណាគេល្អដាក់ខ្ញុំអញ្ចឹងទេ ដល់គាត់ល្អពេកអញ្ចឹងឡើងចង់យំ។

ទៅលេងកន្លែងសំខាន់ៗនៅលើកោះ

ក្រៅពីផ្ទះអ្នកស្រុក នៅលើកោះនេះក៏មានវត្តអារាម សាលារៀន ភូមិលិចទឹកតូចមួយ និងកន្លែងមើលទេសភាពចំបងរបស់គេដែរ។ តោះ ក្រលែកមកមើលរូបទាំងអស់គ្នា។

ញ៉ាំបាយនៅផ្ទះអ្នកស្រុក

ដោយសារតែយើងអត់ចូលចិត្តម្ហូបនៅរីសតដែលយើងគេង យើងក៏សម្រេចចិត្តផ្តាំអ្នកស្រុកពីថ្ងៃថាយើងចង់ញ៉ាំអីនៅផ្ទះគាត់ពេលល្ងាច។

សំខាន់គាត់តុបតែងតុឡើងសាហាវ រ៉ូមែនទិចអ្វីម៉្លេះទេ មានកែវស្រាក្រហមហើយញ៉ាំបាយក្រោមភ្លើងពណ៌ពងមាន់ទៀត។

គាត់យកយើង ២៤០០០រៀល/ម្នាក់ (៦ដុល្លារ) សម្រាប់អាហារពេលល្ងាច ៣ មុខ។ ម្ហូបគាត់ឆ្ងាញ់ៗណាស់ អត់ខាតលុយទេ ហើយញ៉ាំឡើងប៉ោងពោះ។

អ្វីដែលអ្នកត្រូវដឹងមុនទៅលេងខេត្តក្រចេះ ៖

  • យករបស់ញ៉ាំកំបុិកំប៉ុកតាមខ្លួនផងបើដឹងថាខ្លួនឯងញ៉ាំច្រើន។ នៅក្រចេះនេះពិបាករកកន្លែងទិញអីរបស់ញ៉ាំកំបុិកំប៉ុកបន្តិច។
  • ប្រសិនបើអ្នកទាំងអស់គ្នាមានគម្រោងចង់ទៅគេងនៅកោះទ្រង់ ព្យាយាមទៅដល់ផែយូរបំផុតត្រឹមម៉ោង ៦ៈ៣០ល្ងាច បើទៅលឿនជាងនេះបានរិតតែល្អ។
  • ស្លៀកសម្លៀកបំពាក់សាមញ្ញៗ កុំតែងខ្លួនដូចយើងភ្ញៀវទេសចរ មិនដូច្នោះទេគេមើលច្រើនកុំសួរគេថាថី។
  • កុំភ្លេចទិញក្រូចថ្លុងនិងណែមត្រឡប់មកផ្ញើរអ្នកផ្ទះវិញផង អាហ្នឹងហើយជាផ្លែឈើនិងចំណីប្រចាំតំបន់នោះ។

តោះទៅក្រចេះទាំងអស់គ្នា! កក់សំបុត្រឡាននៅទីនេះ

AvyTravel គឺជាគេហទំព័រអំពីដំណើរកម្សាន្តនិងបទពិសោធន៍ដើរលេងរបស់អេវីផ្ទាល់ទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសជិតខាង។ នៅក្នុងអត្ថបទនីមួយៗ អេវីតែងតែបង្ហាញពីកន្លែងដើរលេងផ្សេងៗ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅកន្លែងនោះ ការវាយតម្លៃកន្លែងគេង (hotel review) បទពិសោធន៍ទាំងល្អនិងអាក្រក់។ «ចង់ប្រាប់ថាអេវីមិនមែនសាវ៉ាទេណា គ្រាន់តែលង់ស្នេហ៍ជាមួយគ្រប់កន្លែងដែលបានទៅលេងតើ!»

Leave a Comment

Your email address will not be published.