fbpx
Cover Image – Coffee Shop

ហាងកាហ្វេមិនធម្មតានៅកំពត!?

ក្រុងកំពតតូចទេ តែបងប្អូនអើយ… ហាងកាហ្វេមានច្រើនក្រាស់ក្រែលដែរហ្នឹងណា៎។ កាលពីចុងសប្ដាហ៍មុន ផាហួរ បានជះពេលវេលា ១ចុងសប្ដាហ៍នៃជីវិត ទៅលំហែរនៅ ខេត្តកំពតជាមួយក្រុមការងារលក្ខណៈឯកជន ក្រៅផ្លូវការ! ដោយសារតែមានដុងខាងផឹក និងទំពារ ផាហួរបានចាប់អារម្មណ៍ និងចង់ចែករំលែកហាងកាហ្វេខ្ជូតៗ ២កន្លែង (ព្រោះទៅបានតែ ២ ថ្ងៃ អត់ហ៊ានចូលផឹកកាហ្វេច្រើនពេកខ្លាចអស់លុយ XD) ដែលដក់ជាប់ក្នុងចិត្ត ដិតជាប់ក្នុងអារម្មណ៍ ឲ្យអ្នកទាំងអស់គ្នាអានហើយស្រមើស្រម៉ៃ ទៅដល់ទាំងអស់គ្នា! មានរូបមើលសោះ ហាហា! 

Cafe Espresso and Roastery

ចម្ងាយជិះតុតុ ពីរង្វង់មូលធុរេនប្រហែល ១គីឡូម៉ែត តែមិនសូវចាំថាចេញពីណាទៅណាទេ សម័យនេះហើយគេឆែក Google Map ឈ្មោះហាង Cafe Espresso and Roastery ទៅឃើញហើយ! ហាងម្ចាស់ស្អាត ហើយរួសរាយម៉ាបេន សេវាកម្មក៏ល្អ រួមជាមួយហ្នឹងការតុបតែងកែឆ្នៃឃ្លាំងចាស់ឡើងវិញ ហើយគាត់ប្រម៉ែប្រមូលបន្ថែម នូវវត្ថុប្រើប្រាស់ចាស់ៗ ពីជំនាន់មិនបុរាណពេកទេ ប្រហែលជំនាន់ម៉ាក់ ប៉ានៅកម្លោះ ក្រមុំអីហ្នឹងឯង (Vintage Theme)! ហាងហ្នឹងគេអត់មានដាក់ម៉ាស៊ីនត្រជាក់ទេ ព្រោះគេធ្វើរបៀប Open Space និងធ្វើឲ្យអតិថិជនមានអារម្មណ៍ថាខ្លួនឯងដូចកំពុងនៅជំនាន់បុរាណអញ្ចឹង! មានអីមិនសូវក្ដៅដែរ អង្គុយញ៉ាំម្ហូបអឺរ៉ុប ក្នុងហាងទេសភាពជំនាន់ដើម Chill ប្លែកម្យ៉ាងដែរតាហ! 

 អ្ហូ! មួយទៀតបញ្ជីមុខម្ហូបនៅហាងគាត់រាងពិបាកអានបន្តិចព្រោះ អត់មានរូបភាពឲ្យមើលទេមានតែអក្សរសុទ្ធ ចង់ស្រួលធ្វើដូចផាហួរក៏បាន ហៅបងម្ចាស់ហាងមកសម្ភាសន៍ ណែនាំម្ហូបនិងភេសជ្ជៈប្រចាំហាង ផ្ទាល់តែម្ដង ងាយៗ ហើយមិនខ្លាចហៅខុសចិត្តទៀត (មាត់ជាផ្លូវ)! និយាយពីអាហារវិញ ហាងនេះអាចនឹងត្រូវប៉ាន់សម្រាប់អ្នកចូលចិត្តញ៉ាំ រសជាតិធ្ងន់ៗ បន្តិចព្រោះតាមដែលខ្ញុំ បានភ្លក្ស រសជាតិវារាងមុតបន្តិចព្រោះគេធ្វើបែបរសជាតិ Original  ជាពិសេសរសជាតិប្រៃ រីឯទឹកជ្រលក់វិញក៏ពិសេសដែរ ព្រោះគាត់បានប្រាប់ពីគ្រឿងផ្សំមួយចំនួននៅក្នុងទឹកជ្រលក់ នីមួយៗផងដែរ ចឹងគឺបានន័យថាគាត់ធ្វើផ្ទាល់ដៃហើយ ត្រូវតែសាក! 

មួយវិញទៀតបើអ្នកទៅខេត្តកំពតចំថ្ងៃចន្ទ ដឹងតែមិនមានសំណាងបានហិតក្លិនហាងដ៏ស្រស់ស្អាតនេះហើយ ព្រោះគាត់សម្រាកថ្ងៃចន្ទ (គេបិទហាង) ចឹងត្រៀមកាលវិភាគឲ្យល្អណា!

Atelier Kampot

បែរមកថ្ងៃទី២វិញ មុនឡើងឡានត្រលប់ទៅជីវិតជាក់ស្តែងវិញ (Back to Reality) ពួកយើងបានទៅហាងកាហ្វមួយកន្លែងទៀត នៅតាមបណ្ដោយមាត់ព្រែកកំពង់បាយកំពតហ្នឹង ប្រហែល ២៥០ ម៉ែត្រប៉ុណ្ណោះ ខាងត្បូងពីស្ពានឥន្ទនូ! ហាងហ្នឹងមានឈ្មោះថា Atelier Kampot ដែលជា ហាងកាហ្វេមួយនេះស្ថិតនៅតំបន់អភិរក្សផ្ទះចាស់ៗបន្សល់ ពីជំនាន់បារាំង ហើយកែច្នៃឡើងវិញសម្រាប់អាជីវកម្មថ្មី (ខ្លួនចាស់ ចិត្តថ្មី)។  ចឹងបើអ្នកចូលចិត្តទស្សនាសំណង់ ស្ថាបត្យកម្មអី គួរតែកុំរំលងកន្លែងនេះអី ផាហួរធានាថាម៉ាចូលចិត្ត! 

ការរៀបចំក្នុងហាងគួរឲ្យចាប់អារម្មណ៍ ដោយគេដាក់ចង្រ្កានបាយ ខ័ណ្ឌចែកដាច់ពីកន្លែងញ៉ាំនៅខាងមុខ ដោយជណ្តើរវិលឡើងទៅជាន់ទីមួយ ជណ្ដើរហ្នឹងអត់មានដំបូលទេដែលជាហេតុធ្វើឲ្យមានពន្លឺជះចូលគ្រប់គ្រាន់ ពេញមួយហាងតែម្ដង ព្រោះគេប្រើជញ្ជាំងកញ្ចក់ លើកលែងតែបន្ទប់ទឹក! 

និយាយពីជណ្ដើរហ្នឹងវិញភ្ញៀវមិនត្រូវបានអនុញ្ញាតឲ្យឡើងទៅលើនុះទេ ព្រោះវាជាកន្លែងឯកជន Private personal space មិនមែន Private Cinema ទេកុំច្រលំ។ 

បើបញ្ជីមុខម្ហូបនៅហាងនេះវិញងាយស្រួលមើលខ្លាំង ដោយសារមានពីរភាសា ខ្មែរ និងអង់គ្លេស នៅទំព័រសងខាង ហើយណាមួយ មានឃ្លាខ្លីៗ ពន្យល់អំពីប្រភេទអាហារនីមួយៗ ដូច្នេះយើងនឹងមិនមានអារម្មណ៍ថា ចាញ់ច្រាប មិនដឹងអាហារបរទេស បែរមុខទៅទិសណានោះទេ។ ហើយភាគច្រើន មានម្ហូបធ្វើពីម្រេច ព្រោះបើតាមចាំគោលដោមួយនៃការបង្កើត ហាងនេះឡើងគឺគេចង់ផ្សព្វផ្សាយ ពីម្រេចកំពត។ នេះលើកទីមួយហើយ ដែលផាហួរ បានស្គាល់និងផឹក តែទងម្រេច។ 

ប៉ុណ្ណឹងសិនបានហើយចាំអត្ថបទក្រោយចាំប្រាប់ពីកន្លែងដែលបានទៅដើរលេងម្ដង ព្រោះអត្ថបទនេះគេចង់និយាយពី ហាងកាហ្វេមួយមុខកុំឲ្យអ្នកអានវ៉ល់! ខណ្ឌចប់៕

សរសេរដោយ ផាហួរ

Leave a Comment

Your email address will not be published.