

For English version, click here.
ខ្ញុំមិនដែលគិតទាល់តែសោះថាខេត្តមណ្ឌលគិរីមានទេសភាពស្រស់ស្អាតខ្លាំងបែបនេះ។ ខ្ញុំធ្លាប់លឺគេនិយាយដែរថាមណ្ឌលគិរីស្អាតៗ ហើយអោយតែបានទៅលេងនៅខេត្តហ្នឹងដឹងតែលែងចង់ត្រឡប់មកវិញហ្មង។

ខ្ញុំគិតថាចេះតែនិយាយពន្លើសម៉្មង វាមិនដែលស្អាតអីដល់ថ្នាក់ហ្នឹង។ ខ្ញុំអត់នឹកស្មានទាល់តែសោះថាខ្ញុំក្លាយជាមនុស្សម្នាក់ក្នុងចំណាមមនុស្សទាំងអស់ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងខេត្តមួយនេះដែរ។ គេថា “លឺគេនិយាយមួយពាន់ដងមិនស្មើរយើងឃើញផ្ទាល់ភ្នែកម្តងទេ” គិតអញ្ចឹងដែរអត់?

ខ្ញុំជាមួយនឹងមិត្តភក្តិរបស់ខ្ញុំបានជិះឡានក្រុងពេលយប់ពីភ្នំពេញ-មណ្ឌលគិរី ហើយពួកយើងបានទៅដល់គោលដៅរបស់ពួកយើងនៅម៉ោង ៣:៣០នាទីទាបភ្លឺ។ ទៅដល់ទីនោះម៉ោងគេកំពុងគេងគ្រប់គ្នាចឹងអត់ស្រួលទេ ពិបាករកតុកតុករឺម៉ូតូឌុបជិះទៅកន្លែងគេងណាស់។ អញ្ចឹងបើអ្នកទាំងអស់គ្នាមានគម្រោងទៅលេងខេត្តមណ្ឌលគិរីអី ជ្រើសរើសម៉ោងណាដែលទៅដល់ទីរួមខេត្តពេលថ្ងៃទៅងាយស្រួលជាង។ សម្រាប់ម៉ោងចេញដំណើរ អ្នកទាំងអស់គ្នាអាចរកមើលនិងទិញនៅ ទីនេះ បានណា៎!
មុននឹងពួកយើងចេញមកហ្នឹង យើងបានកក់កន្លែងគេងនៅ ផ្ទះជនជាតិ (Chuncheat House Eco Lodge) រួចជាស្រេចហើយ។ ដូច្នេះហើយ ពេលយើងមកដល់ខេត្តមណ្ឌលគិរីភ្លាម យើងគ្រាន់តែខលទៅគេទៅ ខាងអូតែលមកយកយើងទៅតែម្តង។

ដូចដែលបានប្រាប់មុនហ្នឹងអញ្ចឹង ដោយសារតែពួកយើងធ្វើដំណើរមកពេលយប់ ពួកយើងអត់បានឃើញថាផ្លូវនៅខេត្តមណ្ឌលគិរីនេះស្អាតប៉ុណ្ណាទេ។ ប៉ុន្តែក៏មិនទាន់ហួសពេលដែរ ព្រោះពួកយើងនៅសល់ពេល ៥ថ្ងៃ ទៀតនៅខេត្តនេះ។
ពេលទៅដល់កន្លែងគេងទុកឥវ៉ាន់ទុកអីអស់ហើយ ពួកយើងអត់គេងទេ នៅអង្គុយឆ្គឹងនៅរានហាលមុខបន្ទប់ហ្នឹង។ មិនមែនមនុស្សអច្ឆរិយៈអត់ចេះងងុយគេងទេ តែដោយសារតែឃើញផ្កាយស្អាតហើយពួកយើងខានឃើញផ្កាយស្អាតបែបនេះនៅទីក្រុងយូរហើយ។

ហើយមូលហេតុម៉្យាងទៀតនោះគឺថាត្រូវចាំមើលថ្ងៃរះដដែល បើសិនជាគេងគឺដឹងតែជ្រុលហើយ អញ្ចឹងទៅក៏សម្រេចចិត្តអង្គុយចាំតែម្តង។

អូខេៗ ឈប់ដ្រាម៉ាត្រឹមហ្នឹងសិន។ កុំរ៉ូមែនតិចមើលផ្កាយមើលថ្ងៃរះខ្លាំងពេក អន្លង់អន្លោចលើសហើយ។ ហាហាហា
នៅក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីកន្លែងដើរលេងផ្សេងៗនៅខេត្តមណ្ឌលគិរីដែលពួកយើងបានទៅ។
ចំណាំ៖
ខ្ញុំចង់ប្រាប់ផងដែរថានៅខេត្តនេះមិនមែនមានកន្លែងដើរលេងតែប៉ុណ្ណឹងទេ នៅមានច្រើនទៀតគ្រាន់តែពួកយើងទៅមិនអស់។ ហើយនៅក្នុងអត្ថបទបន្ទាប់របស់ខ្ញុំ ខ្ញុំនឹងរៀបរាប់អំពីសកម្មភាពដែលគួរអោយចាប់អារម្មណ៍ជាងគេទាំង ៣ ដែលអ្នកទាំងអស់គ្នាមិនគួររំលងពេលបានទៅលេងខេត្តមណ្ឌលគិរីនេះ។
តោះ កុំអោយចាំយូរ យើងចូលមើលកន្លែងដើរលេងមួយៗទាំងអស់គ្នាតែម្តងទៅ!
១. សមុទ្រឈើបាយឆៅ
ខ្ញុំមិនដែលដឹងទាល់តែសោះថានៅមណ្ឌលគិរីនេះមានសមុទ្រឈើដល់ទៅ ២។ សមុទ្រឈើបាយឆៅនេះគឺជាកន្លែងថ្មី។

សមុទ្រឈើបាយឆៅនេះមានទីតាំងនៅមិនឆ្ងាយពីសែនមនោរម្យប៉ុន្មានទេ ជិះតែ ១៥នាទី ទៅដល់ហើយ។


ក្រៅពីទេសភាពដ៏ស្រស់ស្អាតរបស់សមុទ្រឈើនេះ នៅមួយចំហៀងទៀតក៏មានកន្លែងញ៉ាំអីតូចមួយដែរ។ ពួកយើងអត់បានញ៉ាំអីនៅកន្លែងហ្នឹងទេ ដូច្នេះហើយក៏អត់ដឹងថារសជាតិយ៉ាងម៉េចដែរ។ អ្នកទាំងអស់គ្នាដែលទៅក្រោយៗ អាចសាកបានណា៎ ហើយចាំជួយប្រាប់ពួកយើងវិញផងថារសជាតិគេយ៉ាងម៉េចដែរ។ អូខេទេ?
តម្លៃចូលទស្សនា៖ ១០០០រៀល/ម្នាក់
ពេលដែលល្អបំផុតសម្រាប់ទៅលេង៖ ថ្ងៃរះរឺយូរបំផុតម៉ោង ៦:៣០នាទីព្រឹក
២. ទឹកជ្រោះប៊ូស្រា
មកដល់ខេត្តមណ្ឌលគិរីហើយអត់ទៅទឹកជ្រោះប៊ូស្រាម៉េចកើត?

ទឹកជ្រោះប៊ូស្រានេះមានចម្ងាយ ៤៣គ.ម ពីសែនមនោរម្យ ហើយពួកយើងបានចំណាយពេលជិះតុកតុកអស់ ១ម៉ោង។
បើអ្នកទាំងអស់គ្នាបើកឡានទៅលេងខ្លួនឯងម៉្មងក៏ល្អ ព្រោះផ្លូវជិះទៅទឹកជ្រោះនេះចាក់កៅស៊ូស្អាតហើយ។
ទឹកជ្រោះប៊ូស្រានេះមាន ៣ ដំណាក់ តែនៅដំណាក់ទី ៣ ហ្នឹងគេអត់អោយហែលទឹកទេ ដោយសារតែទឹកហូរខ្លាំង។ ខែដែលល្អបំផុតសម្រាប់ទៅលេងទឹកជ្រោះប៊ូស្រានេះគឺពីខែវិច្ឆិកា-មករា។ ស្តាយដែរ ពួកយើងអត់អាចផ្តិតយករូបភាពរបស់ទឹកជ្រោះទាំង ៣ ដំណាក់បាន ដោយសារតែពេលហ្នឹងកំពុងតែភ័យប៊ិះបាត់ដ្រូន។
ប្រសិនបើអ្នកទាំងអស់គ្នាដើរច្រើននៅទឹកជ្រោះហើយកូរពោះអី កុំភ័យ។ នៅទឹកជ្រោះប៊ូស្រានេះមានគេលក់អីញ៉ាំច្រើនណាស់។

តម្លៃចូលទស្សនា៖
– អ្នកទាំងអស់គ្នាត្រូវបង់ថ្លៃ ១០០០០រៀល នៅច្រកចូលទី ១ ប្រសិនបើអ្នកបើកឡានទៅដោយខ្លួនឯង។ តែប្រសិនបើអ្នកទាំងអស់គ្នាជិះតុកតុកទៅ អ្នកទាំងអស់គ្នាមិនចាំបាច់ចំណាយលុយសម្រាប់ចូលទស្សនានោះទេ។
– នៅពេលដែលអ្នកទៅដល់ច្រកចូលទី ២ អ្នកនឹងត្រូវបង់លុយ ១០០០រៀល/ម្នាក់ ទៀតសម្រាប់ចូលទស្សនា។ តែប្រសិនបើអ្នកទាំងអស់គ្នាទៅទីនោះដើម្បីជិះខ្សែរ៉ក អ្នកទាំងអស់គ្នាមិនត្រូវការចំណាយលុយថ្លៃចូលទស្សនានោះទេ។
ពេលដែលល្អបំផុតសម្រាប់ទៅលេង៖ ៦:៣០នាទីព្រឹក ដល់ ១១:០០ព្រឹក
ខែដែលល្អបំផុតសម្រាប់ទៅលេង៖ វិច្ឆិកា-មករា
៣. ភ្នំដោះក្រមុំ
ប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់ឃើញផ្លាក ខ្ញុំស្រឡាញ់មណ្ឌលគិរី ហើយឆ្ងល់ថាផ្លាកនេះនៅកន្លែងណា ឈប់ឆ្ងល់ទៀតទៅ ផ្លាកនេះនៅភ្នំដោះក្រមុំនេះឯង។

បើអ្នកទាំងអស់គ្នាឈរពីកន្លែងផ្លាកនេះទៅ អ្នកនឹងឃើញទេសភាពទាំងមូលរបស់សែនមនោរម្យ។

ក្រៅពីទេសភាពរបស់ក្រុងសែនមនោរម្យ នៅលើភ្នំដោះក្រមុំនេះក៏មានកន្លែងទីសក្ការៈបូជាមួយផងដែរ។
អូសសស ប៊ិះភ្លេចប្រាប់! ផ្លូវជិះទៅភ្នំដោះក្រមុំនេះក៏ស្រួលដែរ ជិះម៉ូតូ ឡាន រឺកង់បី អីទៅដល់ទាំងអស់។
តម្លៃចូលទស្សនា៖ ឥតគិតថ្លៃ
ពេលដែលល្អបំផុតសម្រាប់ទៅលេង៖ មុនថ្ងៃលិច រឺ ពេលថ្ងៃលិច
៤. សមុទ្រឈើភ្នំដោះក្រមុំ
សមុទ្រឈើភ្នំដោះក្រមុំនេះមានចម្ងាយតែ ៥គ.ម ប៉ុណ្ណោះពីភ្នំដោះក្រមុំ។

សមុទ្រឈើភ្នំដោះក្រមំុនេះជាកន្លែងមួយទៀតសម្រាប់មើលទេសភាពទៅប៉ែកខាងកើត។

នៅសមុទ្រឈើដោះក្រមុំនេះមាន photo spot ប្រហែល ៣ ទៅ ៤ កន្លែង ហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ថតរូបនៅតាមកន្លែងនិមួយៗនោះ អ្នកត្រូវចំណាយលុយ ២០០០រៀល/ម្នាក់ ហើយអ្នកអាចនៅថតលើនោះបាន ៥នាទី។

តម្លៃចូលទស្សនា៖ ឥតគិតថ្លៃ
ពេលល្អបំផុតសម្រាប់ទៅលេង៖ ថ្ងៃរះ រឺ ថ្ងៃលិច
៥. ភូមិពូតាំង
ធ្លាប់លឺពីជនជាតិព្នងអត់? ហើយដឹងថាសព្វថ្ងៃពួកគាត់រស់នៅឯណាអត់?

គឺនៅភូមិពូតាំងនេះឯង ភូមិពូតាំងគឺជាសហគមន៌ដែលជនជាតិរស់នៅ។

ភូមិពូតាំងនេះមានចម្ងាយ ១០គម ពីក្រុងសែនមនោរម្យ។ នៅភូមិនេះផងដែរ អ្នកទាំងអស់គ្នានឹងឃើញផ្ទះអណ្តើករបស់ជនជាតិជាច្រើន ហើយអ្នកទាំងអស់គ្នាក៏អាចនិយាយលេងនិងរៀនអំពីពួកគាត់បានដែរ។ ខ្ញុំនឹងរៀបរាប់ពីពត៌មានលម្អិតរបស់ពួកគាត់នៅ អត្ថបទបន្ទាប់។
តម្លៃចូលទស្សនា៖ ឥតគិតថ្លៃ
ពេលល្អបំផុតសម្រាប់ទៅលេង៖ ពេលព្រឹកក៏បាន ល្ងាចក៏បាន និយាយទៅអោយតែជៀសថ្ងៃក្តៅខ្លាំងទៅជាការស្រេច
៦. ទឹកជ្រោះក្បាលព្រះ
ទឹកជ្រោះក្បាលព្រះនេះគឺជាកន្លែងដែលពិបាកទៅដល់ជាទីបំផុត។
ពួកយើងសួរគេតាមផ្លូវរហូត ហើយគេប្រាប់ថាទឹកជ្រោះនេះមានចម្ងាយតែ ១៨គម ប៉ុណ្ណោះពីសែនមនោរម្យ ហើយផ្លូវវិញស្រួលជិះណាស់អូន គេចាក់កៅស៊ូអស់ហើយ។
ពួកយើងចំណាយពេលមួយព្រឹកចោលតែម្តង ហើយនៅរកមិនឃើញទៀត។ ផ្លូវស្រួលជិះណាស់លោកអ្ហើយស្រួលមែនទែន ស្រួលពេកឡើងដួលម៉ូតូផងអីផង។
ជិះដំបូងផ្លូវកៅស៊ូ បន្ទាប់មកក៏ដល់ផ្លូវដីក្រហមរលាក់មហាសែនរលាក់ រួចក៏ដល់ផ្លូវដីក្រហមក្រឡុកឡើងភ្នំចុះភ្នំម្តង រលាក់អស់ចិត្តស្រាប់តែដល់ផ្លូវដាច់។ ពេលឃើញដាច់ផ្លូវហើយ ពួកយើងក៏អង្គុយគិតមួយសន្ទុះធំថាគួរទៅរឺអត់ ព្រោះលឺសម្លេងទឹកជ្រោះហើយ។ អង្គុយមួយសន្ទុះក៏សម្រេចចិត្តថាទៅត។ ទៅតទៀតដល់ផ្លូវដីក្រួសម្តង ផុតផ្លូវដីក្រួសក៏ចូលផ្លូវភក់នៅក្នុងព្រៃ។ ចូលក្នុងព្រៃក៏លឺសម្លេងទឹកជ្រោះរិតតែខ្លាំង ប៉ុន្តែនៅតែរកផ្លូវចុះទៅមិនឃើញ អញ្ចឹងទៅយ់ងក៏សម្រេចចិត្តត្រឡប់មកវិញ។

ខ្ញុំជឿថាទឹកជ្រោះនេះនៅស្អាត ដោយសារតែអត់សូវមានភ្ញៀវទេសចរណ៍ទៅដល់ច្រើនទេ មានតែអ្នកស្រុកហ្នឹងនោះឯង។ ប្រសិនបើអ្នកទាំងអស់គ្នាចង់ទៅលេងទឹកជ្រោះនេះ កុំធ្វើតាមខ្ញុំ។ រកអ្នកស្រុកនៅមណ្ឌលគិរីណាម្នាក់ដែលស្គាល់កន្លែងនេះច្បាស់សិនចាំទៅ មិនអញ្ចឹងទេត្រូវខាតពេលដូចខ្ញុំអញ្ចឹង។
អ្នកទាំងអស់គ្នាត្រូវចាំផងដែរថាឡានមិនអាចទៅដល់កន្លែងនេះបានទេ ដោយសារតែផ្លូវតូចមែនទែន។ ដូច្នោះហើយ មធ្យោបាយធ្វើដំណើរល្អបំផុត មានតែម៉ូតូនេះឯង។
នេះគឺជារូបថតរបស់ទឹកជ្រោះក្បាលព្រះពីអ្នកដែលធ្លាប់បានទៅដល់ទីនោះ។ ប្រសិនបើអ្នកទាំងអស់គ្នាបានទៅដល់ កុំភ្លេចចែករំលែករូបថតខាងក្រោមជាមួយខ្ញុំផងណា៎!

តម្លៃចូលទស្សនា៖ ឥតគិតថ្លៃ
ពេលល្អបំផុតសម្រាប់ទៅលេង៖ ៦:៣០ព្រឹក – ១១:០០ព្រឹក
៧. អណ្តូងស្នេហ៍
អ្នកទាំងអស់គ្នាតែងតែឆ្ងល់ហើយមែនអត់ ថាកន្លែងផ្លូវអក្សរ S ដែលគេថតគ្រប់គ្នាហ្នឹងនៅកន្លែងណា? គឺនៅអណ្តូងស្នេហ៍នេះឯង!

អណ្តូងស្នេហ៍នេះមានមានចម្ងាយ ២០គម ពីសែនមនោរម្យ។ គ្រាន់តែលឺថា ២០គម មានអារម្មណ៍ថាធុញម៉្មងព្រោះត្រូវជិះយូរ។ តែកុំភ័យ ខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងមិនធុញទេ ព្រោះទេសភាពតាមផ្លូវជិះទៅស្អាតខ្លាំងណាស់ ហើយផ្លូវជិះទៅនោះក៏ស្រួលទៀត។ ជិះតែ ៣០នាទីពីក្រុងដល់ហើយ។

ខ្ញុំអត់ដឹងដែរថាហេតុអីបានជាគេហៅកន្លែងនេះថាអណ្តូងស្នេហ៍ ដូចជាអត់ឃើញអណ្តូង បឹង រឺក៏កន្លែងណាដែលអាចលេងទឹកបានផងហ្នឹង។ អាថ៍កំបាំងណាស់ មែនអត់? បើមានអ្នកណាគេដឹងពីប្រវត្តិកន្លែងនេះ ជួយខមមិនប្រាប់ផងណា៎! អរគុណទុកជាមុន។

តម្លៃចូលទស្សនា៖ ឥតគិតថ្លៃ
ពេលល្អបំផុតសម្រាប់ទៅលេង៖ ថ្ងៃរះ រឺ ថ្ងៃលិច
៨. ចំការស្រល់
ខ្ញុំជាមួយមិត្តភក្តិរបស់ខ្ញុំជិះកាត់ចំការស្រល់នេះគ្រប់ពេល អញ្ចឹងហើយពួកយើងដូចជាអត់សូវចាប់អារម្មណ៍កន្លែងនេះសោះ។ ពួកយើងក៏ឆ្ងល់ដែរថាហេតុអីបានជាគេសរសេរអត្ថបទពីកន្លែងនេះច្រើនម៉្លេះ ព្រោះមើលទៅដូចជាគ្មានអីក្រៅពីដើមឈើផងហ្នឹង!?
តែពេលគិតចុះគិតឡើង យើងក៏សម្រេចចិត្តថាឈាងចូលលេងនៅព្រឹកចុងក្រោយរបស់យើងនៅមណ្ឌលគិរីតែម្តងទៅ។
ពួកយើងសម្រេចចិត្តបានល្អមែនទែន នៅចំការស្រល់នេះពិតជាមានអ្វីពិសេសមែន! ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងដោយសារតែព្រះអាទិត្យរះនៅកន្លែងនេះស្អាតអស់ទាស់។

ស្អប់ត្រង់ម្យ៉ាងទេ នៅចំការស្រល់នេះសំរាមមហាសែនសំរាម។ ឆ្ងល់ដែរ អ្នកយកអីមកញ៉ាំហ្នឹងគ្រាន់តែខ្ចប់សំរាមយកទៅវិញទៅវាថី? ចោលរាយប៉ាយពេញហ្នឹង ខ្ទេចកន្លែងអស់។
អស់ហើយពីកន្លែងដើរលេងនៅមណ្ឌលគិរីដែលពួកយើងបានទៅ។ នៅខ្វះភ្នំណាំលៀនិងទឹកជ្រោះជាច្រើនទៀតដែលអត់បានទៅ។ បើអ្នកទាំងអស់គ្នាបានទៅដល់ ចែករំលែករូបភាពនិងបទពិសោធន៍ក្នុងខមមិនទាំងអស់គ្នាណា៎!
តម្លៃចូលទស្សនា៖ ឥតគិតថ្លៃ
ពេលល្អបំផុតសម្រាប់ទៅលេង៖ ថ្ងៃរះ
បញ្ជីចំណាយសម្រាប់ម្នាក់ៗក្នុងរយៈពេល ៦ថ្ងៃ៥យប់ ៖
- សំបុត្រឡាន (ភ្នំពេញ-មណ្ឌលគិរី-ភ្នំពេញ) : ៨៤,០០០រៀល (២១ដុល្លារ)
- ផ្ទះជនជាតិ Chuncheat House Eco Lodge (៣យប់) : ១២០,០០០រៀល (៣០ដុល្លារ)
- ផ្ទះស្នាក់អាស្រ័យរបស់ជនជាតិព្នង (១យប់) : ១០០,០០០រៀល (២៥ដុល្លារ)
- តង់ (១យប់) : ៤០,០០០រៀល (១០ដុល្លារ)
- របស់ញ៉ាំ : ១៥០,០០០រៀល (៣៧.៥ដុល្លារ)
- តុកតុក : ៣៥,០០០រៀល (៨.៧៥ដុល្លារ)
- ម៉ូតូ (២ថ្ងៃ) : ១៤,០០០រៀល (៣.៥ដុល្លារ)
- ជិះខ្សែរ៉ក : ១០០,០០០រៀល (២៥ដុល្លារ)
- ធួរដើរព្រៃនិងមើលដំរី: ១៦០,០០០រៀល (៤០ដុល្លារ)
តម្លៃសរុប៖ ៨០,៣០០០រៀល (២០០.៧៥ដុល្លារ)
នៅចាំដល់ណាទៀត? កក់សំបុត្រឡាននៅទីនេះ !
AvyTravel គឺជាគេហទំព័រអំពីដំណើរកម្សាន្តនិងបទពិសោធន៍ដើរលេងរបស់អេវីផ្ទាល់ទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសជិតខាង។ នៅក្នុងអត្ថបទនីមួយៗ អេវីតែងតែបង្ហាញពីកន្លែងដើរលេងផ្សេងៗ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅកន្លែងនោះ ការវាយតម្លៃកន្លែងគេង (hotel review) បទពិសោធន៍ទាំងល្អនិងអាក្រក់។ «ចង់ប្រាប់ថាអេវីមិនមែនសាវ៉ាទេណា គ្រាន់តែលង់ស្នេហ៍ជាមួយគ្រប់កន្លែងដែលបានទៅលេងតើ!»