

For the English version, click here.
តើខេត្តកោះកុងនេះ ពិតជាមិនសូវទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិមែនរឺក៏យ៉ាងណា? ចំពោះខ្ញុំផ្ទាល់ ខ្ញុំអត់គិតចឹងផង។

ខ្ញុំអត់យល់ថា ហេតុអ្វីបានជាពិបាករកព័ត៌មានពីកន្លែងដើរលេងនៅខេត្តកោះកុងលើអ៊ីនធឺណិតម្ល៉េះទេ។ ពេលដែលខ្ញុំធ្វើគម្រោងដើរលេងកន្លែងផ្សេងៗម្ដងៗ គឺមិនដែលចូលទៅដល់ទំព័រទី២ ទី៣ របស់Googleទេ ប៉ុន្តែគ្រាន់តែធ្វើគម្រោងដើរលេងទៅខេត្តកោះកុងនេះម្ដង គឺហួសដល់ទំព័រទី៥ ហើយនៅមិនទាន់រកព័ត៌មានបានគ្រប់ពីកន្លែងដើរលេងនៅទីនោះទៀត។
អញ្ចឹងប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែធ្វើគម្រោងទៅដើរលេងនៅកោះកុង ហើយកំពុងតែជួបផលវិបាកក្នុងការស្រាវជ្រាវរកកន្លែងដើរលេងផ្សេងៗដូចដែលខ្ញុំបានជួប អ្នកទាំងអស់គ្នាអាចអានអត្ថបទនេះបន្តទៀតបាន។
ខ្ញុំនិងមិត្តភ័ក្ដិរបស់ខ្ញុំបានចំណាយពេល ២យប់ ៣ថ្ងៃ នៅខេត្តកោះកុងនេះ ហើយខ្ញុំអត់ចង់ត្រឡប់មកភ្នំពេញវិញសោះ។ ប្រសិនបើអ្នកទាំងអស់គ្នាអោយខ្ញុំរៀបរាប់ថា មានមូលហេតុអ្វីខ្លះបាននាំអោយខ្ញុំស្រឡាញ់ខេត្តកោះកុងនេះខ្លាំងម៉្លេះ គឺខ្ញុំប្រាកដជារៀបរាប់មិនអស់ទេ ព្រោះវាមានចំណុចពិសេសច្រើនមែនទែន។
នេះគឺជាកន្លែងទាំង ១១ ដែលយើងបានទៅពេលដែលពួកយើងទៅលេងនៅខេត្តកោះកុង៖
១. សហគមន៍ព្រៃកោងកាងពាមក្រសោប រឺ បាងកាយ៉ាក
សហគមន៍ព្រៃកោងកាងពាមក្រសោប នេះនៅមិនឆ្ងាយពីក្រុងខេមរភូមិន្ទ ទីរួមខេត្តកោះកុងនោះទេ គឺប្រមាណ៧គីឡូម៉ែត្រប៉ុណ្ណោះ។ ពួកយើងស្នាក់នៅអូតែលមួយដែលនៅម្តុំស្ពានកោះកុង ហើយពួកយើងចំណាយពេល ២០នាទី ពីអូតែលដើម្បីទៅដល់ទីនោះ។
ពួកយើងទៅដល់ទីរួមខេត្តកោះកុងម៉ោង ១ កន្លះថ្ងៃ ហើយបន្ទាប់ពីរៀបចំឥវ៉ាន់ដាក់ក្នុងបន្ទប់ហើយ ពួកយើងក៏ចេញដំណើរទៅកន្លែងទី ១ នៅក្នុងបញ្ជីកន្លែងដើរលេងរបស់យើង។ កន្លែងទី ១ របស់ពួកយើងនោះគឺ សហគមន៍ព្រៃកោងកាងពាមក្រសោប រឺហៅម៉្យាងទៀតបានថា បាងកាយ៉ាក នេះឯង។

សំបុត្រចូលរួមទស្សនាសហគមន៍ព្រៃកោងកាងពាមក្រសោបនេះគឺមានតម្លៃ ៣០០០រៀល សម្រាប់ភ្ញៀវខ្មែរ និង ៥០០០រៀល សម្រាប់ភ្ញៀវបរទេស។

បើតាមយោបល់ខ្ញុំ ខ្ញុំគិតថាសហគមន៍ព្រៃកោងកាងពាមក្រសោបមិនជាធំប៉ុន្មានទេ ពួកយើងបានចំណាយពេលប្រមាណ ៤០នាទី នៅទីនោះ។

តែប្រសិនជាអ្នកទាំងអស់គ្នាអត់សូវបានដើរ រឺក៏រត់ហាត់ប្រាណ កន្លែងនេះអាចនឹងធំសម្រាប់អ្នក តែកុំភ័យ ព្រោះថានៅតាមផ្លូវដើរគឺមានខ្ចុះសម្រាករហូត។

កន្លែងនេះអត់ដូចកន្លែងដើរលេងផ្សេងៗទេ អ្នកទាំងអស់គ្នានឹងឃើញធុងសំរាមគ្រប់កន្លែងនៅទីនោះ។ ដោយសារតែមូលហេតុនេះហើយ ទើបសហគមន៍ព្រៃកោងកាងពាមក្រសោបនេះជាកន្លែងដែលស្អាតជាងគេនៅកោះកុង។
ប្រសិនបើអ្នកទាំងអស់គ្នាដើរហត់ហើយស្រេកទឹកនិងឃ្លាន អ្នកទាំងអស់គ្នាក៏អាចឈប់សម្រាកបន្តិចដើម្បីញ៉ាំអាហាររឺភេសជ្ជៈតិចតួចនៅទីនោះបាន។ តាមពិតទៅ មិនមែនមានតែរបស់ញ៉ាំនិងភេសជ្ជៈមួយមុខទេ អ្នកទាំងអស់គ្នាក៏អាចរកទិញវត្ថុអនុស្សាវរីយ៍ផ្ញើរមិត្តភក្តិរឺមនុស្សជាទីស្រឡាញ់បានដែរ។

បន្ទាប់ពីអ្នកទាំងអស់គ្នាសម្រាកបាត់ហត់ហើយ អ្នកអាចធ្វើដំណើរទៅមុខទៀតដើម្បីថតរូបនៅស្ពានយោលនេះ។ គួរកត់សម្គាល់ផងដែរថាកន្លែងស្ពានយោលនេះមានមនុស្សចាំថតរូបច្រើនមែនទែន អញ្ចឹងដើម្បីអោយមានភាពងាយស្រួល អ្នកទាំងអស់គ្នាគួរណាតម្រង់ជួរដើម្បីថត។



ហើយប្រសិនបើអ្នកទាំងអស់គ្នាចង់មើលទេសភាពដ៏ស្រស់ស្អាតរបស់សហគមន៍ព្រៃកោងកាងពាមក្រសោបពីខាងលើនោះ អ្នកអាចឡើងទៅប៉មនេះបាន។


នៅពេលដែលអ្នកទៅដល់ផ្លូវទាល់ហើយនោះ អ្នកនឹងឃើញផែទូកដ៏តូចមួយនៅជិតប៉មមើលទេសភាព។ ទូកទាំងនេះនឹងនាំអ្នកទៅខាងដើមសហគមន៍វិញក្នុងតម្លៃ ២០០០០រៀល/ទូក រឺក៏ទៅកន្លែងកម្សាន្តមួយទៀតដែលមានឈ្មោះថា ខ្សាច់ស ក្នុងតម្លៃ ៧០០០០រៀល/ទូក។

អ្វីដែលគួរដឹង៖ បាញ់ស្ព្រៃយ៍ដេញមូសលើខ្លួនផង ព្រោះនៅសហគមន៍ព្រៃកោងកាងនេះមានមូសច្រើន។
២. ចេតិយឃុនឆាង
ចេតិយឃុនឆាងនេះ គឺជាកោះដ៏តូចមួយ ដែលអ្នកតែងតែឃើញគ្រប់ពេលដែលធ្វើដំណើរលើស្ពានកោះកុង។

កន្លែងនេះមិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិប៉ុន្មានទេ ដោយសារតែវានៅនឹងភ្នែកពេក។

តាមពិតទៅខ្ញុំដូចជាធ្លាប់រៀនពីប្រវត្តិសាស្ត្រពីកន្លែងនេះដែរ ប៉ុន្តែដូចជាអត់មានចាំអីបន្តិចសោះ អត់ទាំងដឹងថា មានចេតិយឃុនឆាងនេះនៅខេត្តកោះកុងទៀត។ ប្រហែលជាខ្ញុំអត់បានយកចិត្តទុកដាក់ខ្លាំងហើយមើលទៅបានជាបែបនេះ។
ខ្ញុំសប្បាយចិត្តជាខ្លាំង ពេលដែលរកឃើញកន្លែងនេះម្ដងទៀត ដូចបានជួបអាយដលក្នុងចិត្តអញ្ជឹង ហើយបន់អោយតែដល់ថ្ងៃដើរលេងឆាប់ៗអាងនឹងបានថតរូបស្អាតៗនៅកន្លែងនោះ។

ពួកយើងទៅដល់ចេតិយឃុនឆាងនៅម៉ោង ៥ ល្ងាច ហើយទេសភាពជុំវិញកន្លែងចេតិយនេះស្អាតមែនទែន។ មើលទៅខាងស្ពានកោះកុងក៏ស្អាត មើលទៅខាងទឹកនិងកោះផ្សេងៗទៀតក៏ស្អាត។

អ្វីដែលគួរដឹង៖ ពេលដ៏ល្អបំផុតទៅលេង ចេតិយឃុនឆាង គឺពេលថ្ងៃលិច។
៣. ញ៉ាំអាហារតាមផ្លូវនៅម្តុំដំណាក់ស្តេច
ខ្ញុំនៅតែអត់ចង់ជឿថានៅកោះកុងមានម្ហូបតាមផ្លូវច្រើនបែបនេះ។

បើអ្នកទាំងអស់គ្នាគិតថានៅភ្នំពេញមានម្ហូបតាមផ្លូវច្រើន អ្នកគួរតែទៅសាកនៅកោះកុងម្តង។ ធានាថាចូលចិត្ត!



ពួកយើងញ៉ាំលតឆាមួយចានអស់តែ ២៥០០រៀល បុកល្ហុងបង្កងប៉ាកមួយចាន ៦០០០រៀល និងគុយទាវទូកមួយចាន ៧០០០រៀល។ ឆ្ងាញ់ក៏ឆ្ងាញ់ ថោកក៏ថោក និយាយទៅគឺថាដូចឋានសួគ៍សម្រាប់អ្នកចូលចិត្តញ៉ាំតែម្តង។

អ្វីដែលខ្ញុំភ្ញាក់ផ្អើលជាងគេនោះគឺថា នៅខេត្តកោះកុងនេះ រកលតឆាសាច់គោរឺប៉ាតេអីអត់មានទេ អ្នកស្រុកនេះញ៉ាំចម្លែកជាងគេបន្តិច។ គេញ៉ាំលតឆាជាមួយនំគូឆាយ ហើយអ្វីដែលរឹតតែពិសេសនោះគឺថានំគូឆាយគេមិនមែនរាងសំប៉ែតបួនជ្រុងដូចនំគូឆាយនៅភ្នំពេញទេ នំគូឆាយគេមូលៗ តូចៗ ស្រួយៗ ដូចនំគ្រក់ចឹង។

៤. សម្រាកលំហែកាយនៅសួនម្តុំស្ពានកោះកុង
ប្រសិនបើអ្នកទាំងអស់គ្នាចូលចិត្តដើរហាត់ប្រាណរឺដើរលំហែដូចខ្ញុំនៅតាមសួន អ្នកអាចទៅលំហែនៅទីនេះបាន។

សួននៅកោះកុងធំជាងនិងស្អាតជាងសួននៅភ្នំពេញទៀត ហើយអ្នកនឹងឃើញមនុស្សជាច្រើនអង្គុយលេង រឺអង្គុយញ៉ាំអាហារពិចនិកនៅទីនោះ។

អ្វីដែលគួរអោយកត់សម្គាល់ជាងនេះទៀតគឺថាសញ្ញាសម្គាល់ខេត្តកោះកុងគឺនៅម្តុំនេះទាំងអស់។


៥. ជិះទៅមើលកាស៊ីណូនៅព្រំដែន
ដំបូងឡើយពួកយើងគិតថាខ្ជិលទៅណាស់ព្រោះវាមិនជិតប៉ុន្មានទេ ប៉ុន្តែបើគិតៗទៅ នៅអូតែលអត់មានអីធ្វើដដែល ដូច្នោះហើយក៏សម្រេចចិត្តជិះទៅមើល។
ពួកយើងអត់បានផ្តិតយករូបថតនៅកន្លែងនោះទេ ប៉ុន្តែកាស៊ីណូគេមួយៗដេគ័រស្អាតណាស់ ដូចនៅទីក្រុងរ៉ូមអញ្ជឹង។ ហើយពេលជិះទៅដល់ម្តុំនោះ មានអារម្មណ៍ថាដូចនៅស្រុកក្រៅ។
ខ្ញុំសូមផ្តាំមួយណា ជិះមើលទេសភាពដឹងមើលទេសភាព តិចឡូជ្រួលជ្រើមចង់ចូលលេងអី អាហ្នឹងប្រយ័ត្នសល់តែគូទខោមកផ្ទះវិញណា។ ហាហាហា

៦. ជិះជុំវិញកោះកុងសាហ្វារីវើល
ពួកយើងក៏មិនបានថតរូបនៅកន្លែងនេះដូចគ្នា។ ដោយសារតែកោះកុងសាហ្វារីវើលនៅតាមផ្លូវមកពីកាស៊ីណូដែរ អញ្ជឹងហើយយើងក៏ឆ្លៀតចូលមើលបន្តិច។
ក្នុងនោះគេវាយកំទេចចោលអស់ហើយ អត់មានអីមើលទេ នៅសល់តែក្លោងទ្វារខាងមុខប៉ុណ្ណោះ។ ប៉ុន្តែមានកន្លែងញ៉ាំអីច្រើន ហើយលឺគេល្បីថា មី ៣ រសជាតិនៅទីនោះឆ្ងាញ់។
៧. មើលថ្ងៃរះនៅស្ពានកោះកុង
តាមពិតទៅពួកយើងអត់មានគម្រោងថាងើបមើលថ្ងៃរះទេ ព្រោះអស់ខ្យល់ពីម្សិលហើយ។ តែដូចមាននិស្ស័យជាមួយព្រះអាទិត្យយ៉ាងម៉េចក៏មិនដឹង ងើបមកដើម្បីជិះទៅផែឆ្លងទៅកោះសោះ ក៏ឃើញថ្ងៃរះល្មម។

ថ្ងៃរះមើលពីស្ពានកោះកុងទៅក៏ស្អាត ហើយទេសភាពរបស់ស្ពានកោះកុងនេះក៏រឹតតែស្អាតទៀត ដូច្នេះហើយប្រសិនបើអ្នកទាំងអស់គ្នាទៅលេងកោះកុងអី គួរណាតែងើបពីព្រឹកមើលថ្ងៃរះបន្តិចទៅ អត់ខកបំណងទេ។


៨. កោះ«កោះកុងក្រៅ»
ដូចដែលខ្ញុំបាននិយាយតាំងពីដើមអត្ថបទចឹងថាអត់សូវមានអត្ថបទនិយាយពីកន្លែងដើរលេងនៅកោះកុងនៅលើអ៊ីនធើនែតច្រើននោះទេ ហើយខ្ញុំមានអារម្មណ៍ថាគម្រោងដើរលេងរបស់ខ្ញុំដូចជាមិនសូវគួរអោយចាប់អារម្មណ៍សោះ។
អញ្ជឹងហើយខ្ញុំក៏ដើរសួរគេសួរឯងពេញហ្នឹងថាពេលគេទៅលេងកោះកុង គេទៅណាខ្លះ។ មានមិត្តភក្តិម្នាក់គេផ្តល់យោបល់អោយទៅលេង កោះកុងក្រៅ។

ខ្ញុំជឿថាអត់សូវមាននរណាស្គាល់ពីកោះកុងក្រៅនោះទេ ដោយសារតែវានៅឆ្ងាយពីទីរួមខេត្តមែនទែនហើយបើទៅខ្លួនឯងក៏ទៅមិនកើតដែរ ទាល់តែទៅជាមួយធួរ។
ពួកយើងបានកក់ធួរទៅ កោះ “កោះកុងក្រៅ” តាមរយៈ រិទ្ធីកោះកុងអេកូអ៊ែតវែនឈ័រ ទេសចរណ៍ ហើយតម្លៃរបស់វាគឺ ២៥ ដុល្លារ/ម្នាក់ ដែលរួមបញ្ចូលទាំងទូកទៅវិញទៅមក អាហារថ្ងៃត្រង់ ទឹក និងមើលផ្កាថ្ម។ ធួរនេះចាប់ផ្តើមពីម៉ោង ៨:០០ព្រឹក ដល់ ៥:៣០ល្ងាច។


ដំបូងឡើយពួកយើងគិតថាតម្លៃ ២៥ ដុល្លារដូចជាថ្លៃជ្រុល ប៉ុន្តែយើងនៅតែសម្រេចចិត្តថាទៅព្រោះពួកយើងអត់ចង់ត្រឡប់មកផ្ទះវិញហើយដេកស្តាយក្រោយដែលមិនបានទៅពេលដែលមានឳកាសនៅកោះកុងហើយនោះ។ ពួកយើងជិះ ២ម៉ោងកន្លះ ទើបដល់គោលដៅ។




ប្រសិនបើអ្នកធ្លាប់ទៅកោះរ៉ុង ហើយគិតថាកោះរ៉ុងស្អាត សាក កោះ ”កោះក្រុងក្រៅ” ម្តងមើល! ដោយសារតែនៅកោះកុងក្រៅនៅឆ្ងាយ ហើយមិនសូវមានមនុស្សទៅដល់ អញ្ជឹងហើយទឹកសមុទ្រនៅសភាពដើម ថ្លាស្អាត ហើយពេលមើលផ្កាថ្មនោះវិញគឺថាឃើញត្រីនិងសត្វសមុទ្រជាច្រើន។ ខ្ញុំធានាថាអ្នកទាំងអស់គ្នានឹងពេញចិត្ត។



បន្ទាប់ពីយើងមើលផ្កាថ្មអស់ចិត្ត គឺវាដល់ពេលញ៉ាំបាយល្មម។

ខ្ញុំអត់រំពឹងថាពូៗគាត់រៀបចំម្ហូបអោយញ៉ាំច្រើនអញ្ជឹងសោះ។ ហើយញ៉ាំមិនទាន់អស់ពីមាត់ផងនឹង គាត់ដួសនេះដួសនោះដាក់អោយពេញក្នុងចានទៀត កុំភ័យរឿងអត់អីញ៉ាំ ភ័យតែអត់ពោះដាក់ទៅបានហើយ។ ហាហាហា

ពេលញ៉ាំបាយហើយ ពួកយើងនៅសល់ពេលប្រហែល ៤០ នាទីទៀតមុនចេញទៅវិញ។ ខ្ញុំក៏បានដើរជុំវិញឆ្នេរហើយរើសសំបកខ្យង។



ពួកយើងចំណាយពេល ២ម៉ោងកន្លះទៀតនៅលើទូក ប៉ុន្តែធួរនេះអត់ទាន់ចប់ទេ។ គេនាំពួកយើងជិះជុំវិញសហគមន៍ព្រៃកោងកាងពាមក្រសោបមើលទេសភាពទៀត ទើបត្រឡប់ទៅផែវិញ។

អ្វីដែលគួរដឹង ៖ បាញ់រឺលាបស្ព្រៃយ៍សត្វល្អិតមុនពេលចុះលេងទឹក និងកុំភ្លេចឡេការពារកម្តៅថ្ងៃ ប្រយ័ត្នមកវិញខ្មៅហើយរបកស្បែកដូចខ្ញុំ។
៩. កោះស្តេច
ថ្មីៗនេះគេល្បីទៅលេងកោះស្តេចច្រើនមែនទែន ដំបូងឡើយខ្ញុំគិតថាអត់ចង់ទៅទេព្រោះឃើញអ្នកណាក៏ទៅកោះស្តេចៗ។ ប៉ុន្តែពេលគិតចុះឡើងៗ ខ្ញុំក៏សម្រេចចិត្តថាទៅ ព្រោះចង់ដឹងថាហេតុអីបានជាគេលើកទ័ពទៅកោះនេះគ្រប់គ្នា។
ពួកយើងចំណាយពេល ៤៥នាទី ពីរង្វង់មូល សាយ ភូថង ទៅកោះស្តេច។

ខ្ញុំចង់ផ្តាំថាកុំគេងអោយសោះពេលជិះពីរង្វង់មូលទៅកោះស្តេចហ្នឹង ព្រោះថាទេសភាពស្អាតខ្លាំងមែនទែន។

កោះស្តេចមើលឃើញនឹងភ្នែកតែម្តង ជិះផែឆ្លងទៅតែ ៥នាទី ប៉ុណ្ណោះ ហើយតម្លៃវិញគឺ ៥០០០រៀល/ម្នាក់។ ហើយកុំភ័យថាពិបាករកទូក ព្រោះថានៅផែមានទូកចាំនៅហ្នឹងរហូត។

កោះស្តេចអត់ដូចកោះផ្សេងៗទៀតនោះទេ កោះស្តេចនេះ គឺដូចជាកោះនេសាទមួយហើយមានមនុស្សនៅច្រើន។

ចំណុចពិសេសមួយដែលខ្ញុំចូលចិត្តអំពីកោះនេះ គឺស្លាកសញ្ញារបស់គេ។ ស្លាកសញ្ញាគេគឺដូចស្លាកសញ្ញាពីជំនាន់មុនអញ្ជឹង។


ប្រសិនបើអ្នកចង់ចំណាយពេល ២-៣ ថ្ងៃនៅលើកោះក៏បាន ព្រោះលើនេះមានផ្ទះសំណាក់និងតង់សម្រាប់ស្នាក់នៅ។ ប៉ុន្តែអ្នកទាំងអស់គ្នាគួរតែកក់ជាមុន។


ពួកយើងបានដើរជុំវិញកោះ ញ៉ាំបាយនៅលើកោះស្តេចនេះ ហើយសម្រាកបន្តិចមុននឹងទៅកោះផ្សេងៗទៀត។
ចំពោះខ្ញុំផ្ទាល់ ខ្ញុំគិតថាកោះស្តេចដូចជាអត់មានអីគួរអោយចាប់អារម្មណ៍ខ្លាំងនោះទេក្រៅពីផ្កាថ្មដែលនៅលើគោកនេះ។

ខ្ញុំគិតថាប្រហែលជាអ្នកដទៃគេចូលចិត្តកោះនេះដោយសារតែផ្ទះនៅលើនោះចម្រុះពណ៌ស្អាត រឺក៏កោះនេះផ្តល់អារម្មណ៍មួយបែបថាអ្នកមិនមែនជាភ្ញៀវទេសចរណ៍ តែដូចជាគ្រួសារនៅលើកោះនេះ រឺក៏ម៉្យាងទៀតអាចថាទេសភាពមើលពីកោះស្តេចទៅកោះផ្សេងៗមានភាពស្ងប់ស្ងាត់ល្អ។

១០. កោះខ្មោច
ប្រសិនបើអ្នកចង់ទៅកោះខ្មោច អ្នកត្រូវចំណាយពេល ១០ នាទីទៀតនៅលើទូក។ តម្លៃទូកទៅវិញទៅមកគឺ ៥ ដុល្លារម្នាក់។



កោះខ្មោចនេះគ្មានមនុស្សរស់នៅទេ ហើយភាគច្រើនគេទៅលេងទីនេះតែពេលព្រឹកនិងពេលថ្ងៃប៉ុណ្ណោះ។ ភាគច្រើនគេឆ្លងទៅកោះនេះដើម្បីមើលផ្កាថ្មនិងខ្ចប់អាហារយកទៅញ៉ាំ។


For English version, click here.
ខ្ញុំដើរទៅមួយចំហៀងទៀតរបស់កោះខ្មោចនេះ ហើយខ្ញុំក៏ឃើញរូបសំណាក់មួយដែលគេដាក់ឈ្មោះថា នាងបិសាចក្រមុំ។ និយាយអោយត្រង់ទៅគឺស្រៀវឆ្អឹងខ្នងតិចតួចដែរ។

១១. កោះស្មាច់
មិត្តប្រុសរបស់ខ្ញុំបានផ្ញើរូបរម្មណីយដ្ឋានមួយអោយខ្ញុំមើលមុនពេលដែលខ្ញុំទៅកោះកុងតែពួកយើងមិនដឹងថាកោះនោះមានឈ្មោះអ្វីទេ។ ពេលដែលទៅដល់កោះស្តេច ពួកយើងក៏សួរពូបើកទូក ហើយគាត់ថារូបនេះនៅកោះស្មាច់។
រូបនេះថតនៅពាក់កណ្តាលផ្លូវទៅកោះស្មាច់។

ដើម្បីទៅដល់កោះស្មាច់ អ្នកត្រូវជិះទូក ២០នាទី ទៀតពីកោះខ្មោច ដូច្នោះហើយយើងក៏ត្រូវបង់លុយទូកថែម ១០ដុល្លារ ទៀត។



កោះស្មាច់នេះធំមែនទែន ហើយមានគ្រួសារ ២-៣គ្រួសាររស់នៅលើនោះ។

នៅលើនេះផងដែរក៏មានខ្ចុះអង្គុយលេងសម្រាប់អ្នកដែលមកលេងនិងខ្ចប់អាហារមកញ៉ាំផងដែរ។ កោះស្មាច់នេះស្អាតខ្លាំង ប៉ុន្តែអ្វីដែលខ្ញុំស្អប់នោះគឺអ្នកដែលមកញ៉ាំអីលើនោះហើយមិនយកសំរាមទៅវិញ។ បើនាំគ្នាចោលសំរាមរហូតដូច្នេះ តិចទៀតទៅកោះស្មាច់ទៅជាកោះសំរាមវិញហើយ។ អញ្ជឹងបើអ្នកទាំងអស់គ្នាខ្ចប់អាហារទៅញ៉ាំនៅលើកោះនេះ មេត្តាខ្ចប់សំរាមត្រឡប់មកវិញផង។

ខ្ញុំមានអារម្មណ៍ថាកោះស្មាច់នេះចែកចេញជា ២ យ៉ាងម៉េចក៏មិនដឹង។ មួយចំហៀងមានគ្រួសាររស់នៅ និងមួយចំហៀងទៀតគឺ បឹងហ្គាឡូឯកជន។

ខ្ញុំលឺថាបឹងហ្គាឡូនេះជាកម្មសិទ្ធិរបស់ឯកឧត្តមម្នាក់នៅប្រទេសយើង ដូច្នេះហើយកន្លែងនេះមិនបើកជួលអោយភ្ញៀវទេសចរណ៍ស្នាក់នៅនោះទេ វាគឺជាផ្ទះលំហែរបស់គេ។




មុននឹងបន្តិចខ្ញុំបាននិយាយថាកោះកោះកុងក្រៅស្អាតមែនអត់? កោះស្មាច់នេះគឺស្អាតជាងកោះកោះកុងក្រៅនេះទៅទៀត។


យ៉ាងម៉េចហើយ? កោះកុងមានកន្លែងដើរលេងច្រើនណាស់ ចង់ប្តូរគំរោងដើរលេងពីកន្លែងផ្សេងមកកោះកុងវិញអត់?
AvyTravel គឺជាគេហទំព័រអំពីដំណើរកម្សាន្តនិងបទពិសោធន៍ដើរលេងរបស់អេវីផ្ទាល់ទាំងនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសជិតខាង។ នៅក្នុងអត្ថបទនីមួយៗ អេវីតែងតែបង្ហាញពីកន្លែងដើរលេងផ្សេងៗ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅកន្លែងនោះ ការវាយតម្លៃកន្លែងគេង (hotel review) បទពិសោធន៍ទាំងល្អនិងអាក្រក់។ «ចង់ប្រាប់ថាអេវីមិនមែនសាវ៉ាទេណា គ្រាន់តែលង់ស្នេហ៍ជាមួយគ្រប់កន្លែងដែលបានទៅលេងតើ!»